The Cambodia Daily Khmer

នគ​​​របាល​​​និយាយ​​​ថា ជន​​​រង់គ្រោះ​​​​​​ទី​​​៥​​​ម្នាក់​​​ទៀត​​​ស្លាប់​​​ បន្ទាប់ពី​​​ទទួល​​​ទាន​​​​​​សាច់ឆ្កែ​​​ពុល

នគរ​បាល​​​បាន​និយាយ​ថា មនុស្ស​ទី៥​​ម្នាក់​ទៀត​បាន​ស្លាប់​ក្នុង​​ខេត្ត​ក្រចេះ​កាលពី​ម្សិល​មិញ បន្ទាប់​ពី​​ហូប​សាច់​ឆ្កែ​​​ដែល​ងាប់​ដោយ​សារ​ពុល​ថ្នាំ​ ចំណែក​មនុស្ស​​ប្រាំបី​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​បន្ទាប់ពីហូប​សាច់​ឆ្កែ​ដូចគ្នានេះ​​​។

សត្វ​​​ឆ្កែ​នេះ​បាន​ងាប់​នៅ​ក្នុង​ឃុំស្នួល ស្រុក​​​ស្នួល ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​កាល​ពី​សប្ដាហ៍​មុន ​ហើយ​​​ត្រូវ​​លោក ជា រ័ត្ន ​អាយុ​៧៦​ឆ្នាំ​​បាន​សុំ​ទិញ​ក្នុង​តម្លៃ​៣៥.០០០​រៀល ដែល​គាត់​បាន​យក​ទៅ​ដុត​ ហើយ​ហៅ​មិត្ត​ភក្តិ​មក​ជប់លៀង​កាលពី​ថ្ងៃ​អាទិត្យ។

ចុង​ភៅ​ និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​ស្លាប់​បន្ទាប់​ពី​ហូប​សាច់​ឆ្កែ​នេះ ចំណែក​មនុស្ស​ទី៤​បាន​ស្លាប់​បន្ទាប់​​ពី​ហូប​សាច់ឆ្កែ​ដែល​នៅ​សល់​​​អំឡុង​​​ពិធី​បុណ្យសព​លោក ជា រ័ត្ន។ លោក ថៃ លីថុន នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​ប្រសាសន៍​ថា ជន​រងគ្រោះទី៥​ក៏​បាន​ស្លាប​​​់​​​ដែរ​​​​បន្ទាប់​ពី​ហូប​សាច់​ឆ្កែ​នេះ​អំឡុង​​​ពិធី​បុណ្យ​សព​នោះ​​​​។

លោក លីថុន បាន​ថ្លែង​ថា “​លោក ហ៊ឹម សារីបុត្រ អាយុ​៤១​ឆ្នាំ ដែល​បាន​មក​ចូល​រួម​បុណ្យ​សព​លោក ជា រ័ត្ន ហើយ​បាន​ហូប​សាច់​ឆ្កែ​នោះ​ដែរ បាន​ស្លាប់​​នៅ​ម៉ោង​៤​ទៀប​ភ្លឺ​​​​នៅ​ចម្ការ​របស់​គាត់​​​ ពីព្រោះ​គាត់​មិន​បាន​ទៅ​ពេទ្យ​ទេ​។ យើង​​​មិន​ទាន់​ដឹង​ថាតើ​មូល​ហេតុ​​អ្វី​បណ្ដាល​ឲ្យ​សត្វ​ឆ្កែ​នេះ​ងាប់​ឡើយ ប៉ុន្តែ​យើង​គិត​ថា ​​​មនុស្ស​ដែល​ស្លាប់​ទាំង​នេះ​គឺ​ដោយ​សារ​ហូប​សាច់​ឆ្កែ​នេះ​ឯង​”។

លោក​បាន​បន្ថែម​ថា ”​មនុស្ស​ប្រាំបី​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​នៅ​ឡើយ ចំណែក​មនុស្ស​២៦​នាក់​ទៀត​​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញហើយ​​បន្ទាប់​ពី​បាន​ធូរ​ស្រាល​ពី​ជំងឺ”។

អ្នកស្រី ឈាង អែម អាយុ​៣៧​ឆ្នាំ ជា​កូនស្រី​របស់​លោក លីន ឈាង ​អាយុ​៦៧​ឆ្នាំ​​ ជា​​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​បាន​និយាយ​ថា អ្នកស្រី​សន្និដ្ឋាន​ថា ឪពុករបស់​អ្នកស្រី​​ស្រវឹង​ស្រា​នៅ​ពេល​គាត់​ត្រឡប់​មក​​ពី​ជប់លៀងវិញ​​កាលពី​ថ្ងៃ​អាទិត្យ។

អ្នកស្រី​ ឈាង អែម បាន​និយាយ​ថា “​ឪពុក​​​របស់​ខ្ញុំ​បាន​ហូប​សាច់​ឆ្កែ​ ហើយ​បាន​ផឹក​ស្រា​ជាមួយ​​ក្រុម​គ្រួសារ​លោក ជា រ័ត្ន។ គាត់​​​គ្រុន​ក្ដៅ​ខ្លាំង​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក។ មុន​ពេល​គាត់​ស្លាប់ គាត់​និយាយ​​​​ថា ‘កូនៗ​​ទាំង​អស់​គ្នា​​​​ ទ្រូង​ឪ​ក្ដៅ​​​ខ្លាំង​ណាស់ ហើយ​បន្ទាប់​មក​គាត់​បាន​ផុត​ដង្ហើម​ទៅ​។ យើង​ទាំង​អស់​គ្នា​​យំ​សោក​យ៉ាង​​ខ្លាំង​”។

លោក ចាន់ សុគីម អធិការ​នគរ​បាល​ស្រុក​​បាន​មាន​​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​​​តែ​​​​​ប្រឹង​ប្រែង​កំណត់​​ប្រភព​​​នៃ​ការ​ពុល​​នេះ​នៅ​ឡើយ​​ ​ហើយ​​ម្នាក់​ៗ​​​គិត​​​ថា​ដោយ​សារ​​សាច់​ឆ្កែ​​​​នេះ​​​ឯង​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ប្រមូល​ភ័ស្តុតាង​​ និង​បាន​បញ្ជូន​ទៅ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ហើយ​យើង​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយទេ”៕ សារុន​​​​​​​​

Exit mobile version