យោងតាមក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ព្រះវិហារគ្រិស្តមួយមានមូលដ្ឋាននៅសហរដ្ឋអាេមរិក ដែលមានបណ្តាញ”មណ្ឌលកុមារកំព្រា” ជាច្រើននៅក្នុងប្រទេស កម្ពុជា នឹងត្រូវសើុបអង្កេតដោយក្រសួងសង្គមកិច្ច បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដែលកើតឡើងនៅក្នុងមណ្ឌលមួយក្នុងចំណោមមណ្ឌលជាច្រើនរបស់ខ្លួនក្នុងខេត្តក្រចេះ ទោះជាយ៉ាងណាអង្គការនេះនឹងត្រូវទុកពេលឲ្យបីខែដើម្បីឲ្យ ធ្វើការត្រួតពិនិត្យដោយខ្លួនឯងជាមុនសិន។
ព្រះវិហារដំណឹងទាំង៤នៅកម្ពុជា (Foursquare Cambodia church) និងមណ្ឌលគាំពារកុមារនៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលគ្រប់គ្រងដោយអ្នកស្រី ណាវ សៃហូ អាយុ៣២ឆ្នាំ គឺជាមណ្ឌលគាំពារកុមារប្រហែល ១០នាក់ ដែលបានចូលសិក្សានៅសាលារដ្ឋក្នុងមូលដ្ឋាន។
កាលពីដើមខែកញ្ញា អ្នកស្រី ណាវ សៃហូ បានទុកឲ្យប្តីរបស់ខ្លួនឈ្មោះ ញ៉ ធី អាយុ៣៧ឆ្នាំ មើលថែទាំកុមារ ខណៈអ្នកស្រីចេញទៅបើកវគ្គបណ្តុះបណ្តាលនៅស្រុកសំបូរដែលស្ថិតនៅក្បែរស្រុកឆ្លូងនេះ។ យោងតាមនគរ បាលបានឲ្យដឹងថា លោក ញ៉ ធី បានធ្វើបាប និងប៉ុនប៉ងរំលោភក្មេងស្រីបីនាក់ដែលមានអាយុចន្លោះពី១០ឆ្នាំដល់ ១២ឆ្នាំ មុនពេលគេចចេញពីមណ្ឌលនេះ។ ឥឡូវ បុរសរូបនេះកំពុងរត់គេចខ្លួននៅឡើយ។
លោក អ៊ុំ សុផាន់ណារ៉ា ប្រធាននាយកដ្ឋានសុខុមាលភាពកុមារនៃក្រសួងសង្គមកិច្ចបានលើកឡើងកាលពីម្សិលមិញថា លោកបានបើកកិច្ចប្រជុំជាមួយមន្ត្រីសង្គមកិច្ចខេត្តនិងតំណាងរបស់ព្រះវិហារដំណឹងទាំង៤កាលពីថ្ងៃសុក្រ ដោយអំឡុងពេលនោះមានការសម្រេចថា មណ្ឌលកុមារនៅក្នុងស្រុកឆ្លូង នឹងលែងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការជាមណ្ឌល គាំពារកុមារទៀតហើយ។
លោកបានមានប្រសាសន៍ថា “យើងបានលើកឡើងពីបញ្ហាមួយចំនួនជាមួយព្រះវិហារ ដំណឹងទាំង៤។ យើងមិនអនុញ្ញាតឲ្យពួកគេមើលថែទាំកុមារតទៅមុខទៀតទេ ប៉ុន្តែ យើង នឹងអនុញ្ញាតពួកគេបន្តប្រតិបត្តិការរបស់ខ្លួនជាព្រះវិហារ”។
លោក អ៊ុំ សុផាន់ណារ៉ា បានលើកឡើងទៀតថា កុមារដែលដេកស្នាក់នៅក្នុងមណ្ឌល គាំពារនេះមុនពេលលេចធ្លាយនូវរឿងអាស្រូវ រំលោភបំពានផ្លូវភេទ ត្រូវបានបញ្ជូនទៅឲ្យគ្រួសាររបស់ពួកគេមើលថែទាំវិញ។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ដោយធ្វើតាមសំណើរបស់លោកស្រី ស៊ូ មន្ថា ប្រធានព្រះវិហារដំណឹងទាំង៤នៅកម្ពុជាអង្គការនេះនឹងត្រូវទុកពេលឲ្យបីខែដើម្បីធ្វើការត្រួតពិនិត្យផ្ទៃក្នុងលើមណ្ឌលចំនួន៩៣កន្លែងរបស់ខ្លួន មុនពេលរដ្ឋាភិបាលចាប់ផ្តើមសើុបអង្កេត។
លោកបានមានប្រសាសន៍ថា “យើងនឹងចាត់តាំងក្រុមការងារឲ្យចុះទៅតាមមណ្ឌលគាំពារហើយត្រួតពិនិត្យម្តងមួយៗ”។
លោក អ៊ុំ សុផាន់ណារ៉ា បានលើកឡើងបន្តថា ការត្រួតពិនិត្យផ្ទៃក្នុងរបស់ព្រះវិហារដំណឹងទាំង៤ នឹងពាក់ព័ន្ធនឹងការស្រាវជ្រាវថា តើកុមារត្រូវបានទុកឲ្យនៅតែឯងក្រោមការមើលថែទាំរបស់សមាជិកបុគ្គលិកប្រុស ឬយ៉ាងណា ប៉ុន្តែ លោកបានបដិសេធមិននិយាយបន្ថែមទេទាក់ទិននឹងការត្រួតពិនិត្យរបស់ព្រះវិហារ និងរដ្ឋាភិបាល។
លោកស្រី ស៊ូ មន្ថា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ លោក ពៅ ណារ៉េត អ្នកគ្រប់គ្រងមួយរូបនៅព្រះវិហារដំណឹងទាំង៤នៅកម្ពុជាបានបដិសេធមិននិយាយអំពីករណីនេះទេ។
មណ្ឌលគាំពាររាប់សិបកន្លែង ដែលគ្រប់គ្រងដោយព្រះវិហារដំណឹងទាំង៤នៅកម្ពុជា ត្រូវអង្គការនះចាត់ទុកថា ជាមណ្ឌលកុមារកំព្រា ទោះបីជាមើលថែទាំកុមារភាគច្រើនដែលមានឪពុកម្តាយនៅរស់ក៏ដោយ ហើយធ្វើប្រតិបត្តិការដោយមានការត្រួតពិនិត្យតិចតួចពីរដ្ឋាភិបាល ព្រោះមណ្ឌលទាំងនេះមិនបានចុះបញ្ជីជាមណ្ឌលកុមារកំព្រាទេ។
ទោះបីជា លោក អ៊ុំ សុផាន់ណារ៉ា អះអាង ថា គ្មានកុមារស្នាក់នៅមណ្ឌលគាំពារក្នុងស្រុក ឆ្លូងក៏ដោយ ក៏លោក តូ ដុង ប្រធានមន្ទីរសង្គម កិច្ចខេត្ត បានលើកឡើងកាលពីម្សិលមិញ ថា ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានសម្រេចចិត្តបន្តស្នាក់នៅក្នុងមណ្ឌលនេះដែលនៅតែគ្រប់គ្រងដោយអ្នកស្រី ណាវ សៃហូ ដដែល ។
លោកមានប្រសាសន៍ថា “ក្មេងប្រុសម្នាក់បានសុំព្រះវិហារស្នាក់នៅមួយឆ្នាំទៀតដោយសារមានការលំបាកក្នុងការប្តូរសាលា”៕ ស៊ុយឈាង