កាលពីយប់ថ្ងៃពុធ មន្ត្រីសាលារាជធានីបានលុបរូបគំនូរដែលគេគូរនៅលើជញ្ជាំងអគារប៉ូឌីងដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដោយធ្វើឲ្យមានការជំទាស់យ៉ាងខ្លាំងពាសពេញបណ្តាញទំនាក់ទំនងសង្គម ខណៈប្រជាពលរដ្ឋខ្មែរជាច្រើនបានបង្ហោះរូបគំនូរនេះយ៉ាងព្រោងព្រាត ហើយរិះគន់ចំពោះការសម្រេចលុបរូបគំនូរនេះវិញ។
រូបគំនូរដែលមានពណ៌ខ្មៅលាយបៃតងព្រឿងៗរបស់អ្នកស្រី មឿន ថារី ជាស្ត្រីម្នាក់រស់នៅក្នុងអគារប៊ូឌីងនេះ ដែលគេស្គាល់និងគោរពដោយសារជំនាញដេរប៉ាក់នោះ ត្រូវបានគេគូរនៅលើជញ្ជាំងជ្រុងខាងជើងនៃអគារនេះចាប់តាំងពីដើមខែនេះមកម្លេ៉ះ ដោយលោក Miles “El Mac” MacGregor វិចិត្រករអន្តរជាតិផ្នែកគំនូរលើជញ្ជាំង ជនជាតិអាមេរិកដ៏ល្បីឈ្មោះ ហើយវាជាផ្នែកនៃគម្រោងមួយដើម្បីើលើកកម្ពស់សិល្បៈគំនូរតាមទីសាធារណៈដែលផ្តល់មូលនិធិដោយលោក David Choe ជាវិចិត្រករដែលមានទ្រព្យសម្បត្តិច្រើន។
ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋានបានលុបរូបគំនូរនេះចោលវិញកាលពីយប់ថ្ងៃពុធ ដោយលើកឡើងថា វិចិត្រករគូគំនូរនេះដោយគ្មានការអនុញ្ញាតជាផ្លូវការ ហើយអ្នកស្រី មឿន ថារី ពុំមានតម្លៃគ្រប់គ្រាន់សម្រាប់ជាប្រធានបទនៃផ្ទាំងគំនូរតាមទីសាធារណៈនេះឡើយ។
អ្នកស្រី ហ៊ុន សារ័ត្ន ប្រធានភូមិម្នាក់ក្នុងចំណោមប្រធានភូមីពីរនាក់នៅអគារប៊ូឌីងនេះបាននិយាយថា គាត់ត្រូវបានគេបញ្ជាឲ្យលុបរូបគំនូរនេះកាលពីយប់ថ្ងៃពុធ។ ”យើងលុបរូបគំនូរនេះនៅម៉ោងប្រហែល១១យប់មិញ ព្រោះសាលារាជធានីបានចេញបទបញ្ជាឲ្យយើងធ្វើដូច្នេះ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា អាជ្ញាធរមូលដ្ឋានបានទាមទារលុបរូបគំនូរនេះ ព្រោះលោក MacGregor មិនទទួលបានការអនុញ្ញាតជាផ្លូវការឲ្យគូររូបគំនូរនេះឡើយ។
លោកបានមានប្រសាសន៍ថា “ពួកគាត់បានដាក់ពាក្យសុំការអនុញ្ញាត ប៉ុន្តែ សាលារាជធានីមិនទាន់ឆ្លើយតបនៅឡើយទេហើយពួកគេបានគូររូបគំនូរនេះដោយគ្មានការអនុញ្ញាត”។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សាលារាជធានីមើលឃើញថាប្រធានបទនៃរូបគំនូរនេះមានបញ្ហា ហើយថា វិចិត្រកររូបនេះមិនទទួលបានការអនុញ្ញាតឲ្យគូររូបអ្នកស្រី មឿន ថារី ទេ។ លោកបានមានប្រសាសន៍បន្តថា “យើងមិនអនុញ្ញាតឲ្យអ្នកទាំងនោះគូររូបគំនូរនេះដោយសារប្រធានបទនៃរូបគំនូរនេះមិនស័ក្តិសមនឹងយកមកបង្ហាញជាសាធារណៈឡើយ ហើយវាមិនមែនស្ថិតក្នុងប្រពៃណីខ្មែរទេ”។
នៅក្នុងលំនៅដ្ឋានរបស់ខ្លួនជាន់លើគេនៃអគារប៊ូឌីងកាលពីព្រឹកម្សិលមិញ អ្នកស្រី មឿន ថារី មើលទៅតក់ស្លុតពេលឮថា រូបគំនូររបស់អ្នកស្រីត្រូវគេលុបចោល។ អ្នកស្រីបាននិយាយថា “ខ្ញុំមិនសប្បាយចិត្តទេ ពេលឮថា មានអ្វីកើតឡើងចំពោះរូបគំនូររបស់ខ្ញុំ។វាមិនមែនសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែ វាបង្ហាញពីវប្បធម៌ខ្មែរ ហើយខ្ញុំធ្លាប់សង្ឃឹមថា វានឹងជួយលើកកម្ពស់វប្បធម៌ខ្មែរ”។
ទោះជាយ៉ាងណា អ្នកលក់ភេសជ្ជៈម្នាក់ ដែលបដិសេធមិនប្រាប់ឈ្មោះ និងលក់ដូរនៅក្រោមអតីតកន្លែងដែលគេគូររូបគំនូរនេះ បាននិយាយថា ដំបូងឡើយអ្នកភូមិជាច្រើនបានរអ៊ូរទាំសំដែងការមិនពេញចិត្តចំពោះការគូររូបគំនូរនេះ ប៉ុន្តែ បានឈប់ទៅវិញពេលគេប្រាប់ថា គម្រោងនេះទទួលបានការយល់ព្រមពីសាលារាជធានី។ អ្នកលក់ភេសជ្ជៈរូបនេះក៏បានរិះគន់ប្រធានបទនៃរូបគំនូរនេះផងដែរ។ គាត់បាននិយាយថា “ខ្ញុំគិតថា រូបគំនូរនេះមិនស័ក្តិសមនឹងគូរនៅលើជញ្ជាំងទេ ព្រោះគាត់ [អ្នកស្រី មឿន ថារី]មិនមែនជាស្ត្រីល្បីឈ្មោះឡើយ គេគួរតែគូររូបរបស់វីរបុរសខ្មែរវិញ”។
តែអ្នកផ្សេងៗទៀតមិនយល់ស្របនឹងការយល់ឃើញដូចនេះទេ។ សុភា រ័ត្ន គ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅសាលាសហគមន៍ក្នុងអគារប៊ូឌីងនេះបាននិយាយថា នាងសោកស្តាយចំពោះការបាត់បង់ភាពដ៏រស់រវើកនៃរូបគំនូរនេះ។
គ្រូបង្រៀនរូបនេះ បាននិយាយថា “ខ្ញុំពិតជាពេញចិត្តនឹងរូបគំនូរនេះណាស់។ វាជាការល្អដែលឃើញអ្នកភូមិមូលដ្ឋានត្រូវបានគេគូររូបចេញជាផ្ទាំងគំនូរសិល្បៈបែបនេះហើយវាជួយធ្វើឲ្យមានការផ្លាស់ប្តូរដ៏គួរឲ្យពេញចិត្តពីពណ៌ខ្មៅសនៃផ្នែកដែលនៅសល់ នៃអគារនេះ”។
ក្មេងម្នាក់ឈ្មោះ សន អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ រស្មី អាយុ៩ឆ្នាំដែលសុុទ្ធតែជាក្មេងរស់នៅក្នុងអគារប៊ូឌីងនេះ និងដែលបានដើរកាត់កន្លែងដែលគេគូរផ្ទាំងគំនូរនេះពេលត្រឡប់ពីសាលារៀនមកផ្ទះ វិញកាលពីម្សិលមិញ បាននិយាយថា ពួកគេក៏ពេញចិត្តរូបគំនូរនេះដែរ។ រស្មី បាននិយាយថា “ខ្ញុំពេញចិត្តមុខរស់រាយរាក់ទាក់ដ៏ធំនៅលើជញ្ជាំង។ ខ្ញុំមិនដែលឃើញផ្ទាំងគំនូរដ៏ធំបែបនេះទេពីមុនមក”។
រីឯក្មេងម្នាក់ទៀតឈ្មោះ សន បានបន្ថែមថា “ខ្ញុំសោកស្តាយខ្លាំងណាស់ដែលរូបគំនូរនេះបានបាត់ទៅវិញនៅព្រឹកមិញនេះ”។
ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បាននាំគ្នាសំដែងការរិះគន់តាមហ្វេសប៊ុកចំពោះការសម្រេចលុបចោលផ្ទាំងរូបគំនូរនេះកាលពីម្សិលមិញផងដែរ ដោយអ្នកលេងហ្វេសបុ៊កភាគច្រើនបានជំទាស់នឹងរដ្ឋាភិបាលក្នុងការលុបរូបនេះចេញ។ អ្នកខ្លះបានបញ្ចេញទស្សនៈចំពោះការពិតដែលថា រាជធានីពោរពេញទៅដោយផ្ទាំងផ្សព្វផ្សាយស្រាបៀរ និងផ្ទាំងផ្សព្វផ្សាយដាក់អំពូលណេអុងហើយរូបគំនូរដែលគេកាត់តដោយដាក់ឲ្យរូបអ្នកស្រី មឿន ថារី កាន់កែវស្រាបៀរកម្ពុជា ត្រូវបានគេបង្ហោះចែករំលែកយ៉ាងព្រោងព្រាត។
អ្នកលេងហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ អ៊ុំ សុធា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សាលារាជធានីថា “វាហៅថា សិល្បៈគំនូរនៅតាមទីក្រុង វាប្រសើរជាងផ្ទាំងផ្សព្វ ផ្សាយស្រាបៀរ និងបារី។វាពំុមានអ្វីខុសទេដែលគេគូររូបគំនូរលើជញ្ជាំងនៅទីនោះ”។ រីឯអ្នកលេងហ្វេសប៊ុកម្នាក់ទៀត ដែលមានគណនីឈ្មោះ រស្មី បានសរសេរថា “តើ មន្ត្រីសាលារាជធានីអាចពិចារណាឡើងវិញបានទេអំពីបញ្ហានេះ។ វាគឺជារូបគំនូរដ៏ល្អឯក។ វាបង្ហាញអំពីអត្ថន័យយ៉ាងច្រើន។ ចំពោះការយល់ឃើញរបស់ខ្ញុំ រូបគំនូរមួយផ្ទាំងនេះផ្តល់តម្លៃដល់ស្ត្រី ជាពិសេសដល់អ្នកម្តាយទាំងអស់”។
ទាំងលោក MacGregor និង លោក Choe សុទ្ធតែមិនបានឆ្លើយតបនឹងសំណួរសុំការអត្ថាធិប្បាយកាលពីម្សិលមិញ។ ទោះជាយ៉ាងណាការបង្ហោះមួយនៅលើប្លុករបស់ខ្លួនកាលពីម្សិលមិញ លោក MacGregor បានសរសេរថា គម្រោងនេះគឺជាការខិតខំប្រឹងប្រែងដើម្បីបង្កើតអ្វីៗដែល “ស្រស់ស្អាត មានអត្ថន័យ និងលើកទឹកចិត្ត”។
លោកបានសរសេរបន្តថា “ខ្ញុំសង្ឃឹមថា រូបគំនូរនេះអាចជាការគោរពដឹងគុណចំពោះសារៈសំខាន់ និងការអភិរក្សនៃកេរ្តិ៍តំណែលគំនិតច្នៃប្រឌិតរបស់កម្ពុជា ហើយបើនិយាយម្យ៉ាងទៀតវាផ្តល់នូវក្តីសង្ឃឹមសម្រាប់វិចិត្រករកម្ពុជាក្មេងៗក្នុងការរក្សាកេរ្តិ៍តំណែលនេះឲ្យនៅគង់វង្ស”៕ ស៊ុយឈាង