កាលពីម្សិលមិញ យុវជនអាយុ១៨ឆ្នាំម្នាក ់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំពីបទរំលោភក្មេងស្រីអាយុ៩ឆ្នាំម្នាក់នៅក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា ដែលយុវជននេះបានអះអាងអំឡុងសវនាការ កាលពីខែមុនថា ខ្លួនមិនដឹងថាខុសច្បាប់ទេ។
យោងតាមនគរបាលនិងមន្ត្រីតុលាការបានឲ្យដឹងថា យុវជន វ៉េត សៀងហាក់ ដែលជួយរៀបចំអីវ៉ាន់និងជួយអតិថិជននៅហាងលក់គ្រឿងទេសដែលឪពុកម្ដាយរបស់ជនរងគ្រោះបានបើកនៅក្រៅផ្ទះនៅក្នុងខណ្ឌដង្កោ បានស្នាក់នៅជាមួយក្រុមគ្រួសារនេះបណ្ដោះអាសន្ន។ យោងតាមសក្ខីកម្មដែលបានអានអំឡុងសវនាការបានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្កដា វេលាម៉ោង៤ទៀបភ្លឺ យុវជននេះបានលបចូលបន្ទប់របស់ក្មេងស្រីរូបនោះ ហើយបានចាប់រំលោភនាងតែម្ដង។
ក្មេងស្រីរូបនេះបានប្រាប់ឪពុកម្ដាយរបស់នាងពីអ្វីដែលបានកើតឡើងនៅថ្ងៃបន្ទាប់មក ហើយឪពុកម្ដាយក្មេងស្រីរងគ្រោះបានរាយការណ៍ទៅនគរបាលមូលដ្ឋានភ្លាម។ សៀង ហាក់ ត្រូវបានចាប់ខ្លួនប៉ុន្មានក្រោយមក ហើយអំឡុងសវនាការជំនុំជម្រះ យុវជននេះសារភាពថា ពិតជាបានរំលោភក្មេងស្រីនោះមែន។
នៅពេលត្រូវបានសាកសួរដោយលោក ស្វាយ តុញ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅសាលារាជធានីភ្នំពេញអំឡុងសវនាការកាលពីខែមុន សៀង ហាក់ បាននិយាយថា ខ្លួនបានរំលោភក្មេងស្រីរូបនេះ ពីព្រោះខ្លួនចង់ឆ្លងកាត់ការរួមភេទបន្ទាប់ពីមើលវីដេអូអាសអាភាសតាមទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ យុវជននេះបាននិយាយថា “ខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណោះ”។
នៅពេលនោះលោកស្រី ម៉ុន វិមានចំប៉ា មេធាវីការពារក្តីចុងចោទបានលើកឡើងថា សៀង ហាក់ គួរត្រូវបន្ធូរបន្ថយទោស ពីព្រោះគាត់នៅក្មេងមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលមិនយល់ពីភាពធ្ងន់ធ្ងរនៃទង្វើរបស់ខ្លួន។ លោកស្រីបានមានប្រសាសន៍ថា”ដោយ សារចង់ដឹងអំពីការរួមភេទ គាត់មិនបានគិតថា ទង្វើរបស់ខ្លួនទៅលើក្មេងស្រីជាការរំលោភ ឡើយ។ គាត់មិនដឹងពីការរួមភេទទេ ហើយគាត់ចង់សាកល្បង”។
ប៉ុន្តែបើទោះជាមេធាវីការពារក្តីរូបនេះ និងសំណើរបស់មេធាវីសុំឲ្យផ្ដន្ទាទោសស្រាលដោយសារអង្គហេតុថា គាត់មានអាយុ ១៧ឆ្នាំនៅពេលប្រព្រឹត្តបទល្មើសក៏ដោយ ក៏ចៅក្រម ស្វាយ តុញ បានប្រកាសកាលពីម្សិលមិញថា សៀង ហាក់ ត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទរំលោភអនីតិជនដែរ។
លោកបានមានប្រសាសន៍ថា “តុលាការបានសម្រេចផ្ដន្ទាទោស វ៉េត សៀងហាក់ ឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន៥លានរៀល”។
លោកស្រី វិមានចំប៉ា បានមានប្រសាសន៍ថា ការផ្ដន្ទាទោសនេះធ្ងន់ធ្ងរណាស់ ហើយថា លោកស្រីនឹងពិភាក្សាពីការប្ដឹងទាស់ជាមួយកូនក្ដីរបស់លោកស្រី។
លោកស្រី ពឿង កល្យាណ មេធាវីរបស់ជនរងគ្រោះបានមានប្រសាសន៍ថា លោកស្រីស្វាគមន៍សេចក្ដីសម្រេចនេះ។ លោកស្រីបានថ្លែងថា ”ខ្ញុំអរគុណនិងទទួលយកសេចក្ដីសម្រេចនេះ”៕ សារុន