The Cambodia Daily Khmer

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​បញ្ជា​​​ឲ្យ​​​ព្រះរាជអាជ្ញា​​​បង្ក្រាប​​​បទល្មើស​​​

បន្ទាប់​​​ពី​​​មាន​​​ការ​​​កើត​​​ឡើង​​​បទ​​​ល្មើស​​​ទូទាំង​​​ប្រទេស​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ព្រួយ​​​បារម្ភ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ លោក អង្គ​ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​ព្រះ​​​រាជ​​​អាជ្ញា​​​មក​​​ពី​​​ក្រុង​​​ភ្នំពញ​​​និង​​​បណ្តា​​​ខេត្ត​​​ទាំង​​​២៤​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​បាន​​​ចេញ​​​បញ្ជា​​​ឲ្យ​​​ពួក​​​គេ​​​ពន្លឿន​​​ការ​​​សើុប​​​អង្កេត​​​ទៅ​​​ក្នុង​​​ករណី​​​ឧក្រិដ្ឋ​​​កម្ម​​​ទាំង​​​អស់​​​ជា​​​ពិសេស​​​ករណី​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​។

យោង​​​តាម​​​លោក កើត រិទ្ធ​​​ អនុ​​​រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​ ដែល​​​បាន​​​និយាយ​​​ប្រាប់​​​អ្នក​​​កាសែត​​​ក្រោយ​​​កិច្ច​​​ប្រជុំ​​​នោះ​​​ឲ្យ​​​ដឹង​​​ថា លោក​​​ វង្សវឌ្ឍានា ក៏​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ឲ្យ​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​យ៉ាង​​​យក​​​ចិត្ត​​​ទុកដាក់​​​បន្ថែម​​​ទៀត​​​ចំពោះ​​​ទណ្ឌិត​​​ដែល​​​នឹង​​​មាន​​​ការ​​​ដោះ​​​លែង​​​មុន​​​កាល​​​កំណត់​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ជួប​​​ជា​​​មួយ​​​មន្ត្រី​​​ពន្ធនាគារ​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​ដក​​​ចេញ​​​ចោរ​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ពី​​​ការ​​​សុំ​​​លើក​​​លែង​​​ទោស​​​។

លោក កើត​​​ រិទ្ធ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ឯក្រសួង​​​យុត្តិធម៌​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ថា “​​​ឯកឧត្តម [ លោក វង្សវឌ្ឍានា ] បាន​​​ណែនាំ​​​ពួក​​​គេ​​​ [ ព្រ​​​ះ​​​រាជ​​​អាជ្ញា​​​] ឲ្យ​​​ពិនិត្យ​​​ឡើង​​​វិញ​​​នូវ​​​​​​រាល់​​​​​សំណុំ រឿង​​​ទាំង​​​ឡាយ​​​ដែល​​​កំពុង​​​តែ​​​ចាត់​​​ការ​​​ដោយ​​​តំណាង​​​អយ្យការ​​​តុលាការដោយធ្វើ​​​យ៉ាង​​​ម៉េច​​​ជំរុញ​​​កិច្ច​​​នេះ​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ និង​​​ម៉ឺងម៉ាត់​​​ ដើម្បី​​​បញ្ចប់​​​ការ​​​សើុប​​​អង្កេត​​​។

អនុរដ្ឋ​​​លេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​មិន​​​ផ្តល់​​​សេចក្តី​​​ពិស្ដារ​​​ថា “ឯកឧត្តម​​​រដ្ឋ​​​មន្ត្រី​​​ នឹង​​​ជួប​​​ជា​​​មួយ​​​នឹង​​​​​​នាយក​​​ដ្ឋាន​​​ពន្ធនាគារ​​​​​​ ដើម្បី​​​ពិនិត្យ​​​ឡើង​​​វិញ​​​​​​​​លើ​​​​ការ​​​បន្ធូរ​​​បន្ថយ​​​ទោស និង​​​ការ​​​លើក​​​លែងទោស​​​​​​​​​​​​”។

លោក​​​ កើត​​​ រិទ្ធ បាន​​​និយាយ​​​បន្ថែម​​​ថា មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ក៏​​​នឹង​​​ជួប​​​ជា​​​មួយ​​​នគរ​​​បាល​​​ជាតិ​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​នៅ​​​ថ្ងៃ​​​អង្គារ​​​ ដើម្បី​​​ព្រាង​​​គម្រោង​​​បង្កើន​​​សន្តិសុខ​​​តាម​​​ទី​​​សាធារណៈ​​​នានា​​​។

ថ្លែង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​សមត្ថកិច្ច​​​បង្ក្រាប​​​ក្រុម​​​ឧក្រិដ្ឋ​​​ជន​​​ប្រដាប់​​​អាវុធ​​​ ដែល​​​បង្ក​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​​​និង​​​ក្នុង​​​ករណី​​​ខ្លះ​​​បណ្តាល​​​ឲ្យ​​​​​​មនុស្ស​​​ស្លាប់​​​ ដែល​​​ជា​​​អំពើ​​​ប្លន់​​​ដែល​​​បាន​​​ចាប់​​​កើត​​​ឡើង​​​នៅ​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​កុមារា​​​អាយុ​​​១៣​​​ឆ្នាំ​​​ម្នាក់​​​ស្លាប់​​​ដោយ​​​គ្រាប់​​​កាំភ្លើង​​​វែង​​​ ក្នុ​​​ងពេល​​​ដែល​​​ជន​​​ល្មើស​​​ពីរ​​​នាក់​​​បាន​​​ព្យាយាម​​​ប្លន់​​​ម៉ូតូ​​​មា៉ាក​​​ហុង​​​ដាឌ្រីម​​​ស៊េរីថ​​​្មី ពី​​​​​​បង​​​ប្រុស​​​របស់​​​វា នៅ​​​ក្នុង​​​ខេត្ត​​​កំពត​​​។

បទ​​​ល្មើស​​​បែប​​​នោះ​​​បាន​​​កើត​​​ឡើង​​​ជា​​​បន្ត​​​បន្ទាប់​​​ដោយ​​​មាន​​​ការ​​​ប្លន់​​​ម៉ូតូ​​​ជា​​​ច្រើន​​​ករណី​​​ស្រដៀង​​​ៗ​​​គ្នា​​​នៅ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​ធ្នូ​​​ ក្នុង​​​​​​ពេល​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ប៉ះ ទង្គិច​​​ប្រដាប់​​​អាវុធ​​​ជាមួយ​​​ជន​​​ល្មើស​​​ពី​​​រ​​​នាក់​​​​​​​​​ដែល​​​បាន​​​បាញ់​​​សម្លាប់​​​យុវជន​​​ម្នាក់​​​ ហើយ​​​ប្លន់​​​យក​​​ម៉ូតូ​​​ហុង​​​ដាឌ្រីម របស់​​​គាត់​​​​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​នោះ​​​។

កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន ​​​ជន​​​ល្មើស​​​បាន​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​បី​​​កន្លែង​​​ផ្សេង​​​ៗ​​​គ្នា​​​នៅ​​​ក្នុង​​​ខេត្ត​​​បី​​​ គឺ​​​ខេត្ត​​​កណ្ដាល​​​ ពោធិ៍សាត់ និង​​​បាត់​​​ដំបង​​​ ដែល​​​ក្នុង​​​នោះ​​​ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាញ់​​​ស្លាប់​​​​​​ និង​​​ប្លន់​​​យក​​​មាស និង​​​​​​លុយ​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​ជាង​​​ ៣៣០.០០០​​​​​​ដុល្លារ​​​អាមេរិក​​​៕រើន

Exit mobile version