ក្រុងស្ទឹងសែន, កំពង់ធំ-អ្នកស្រី សារឿន បានប្រទះឃើញចៅស្រីរបស់គាត់នៅក្នុងរោងក្រោយផ្ទះសសរខ្ពស់របស់ខ្លួននៅមុនពេលថ្ងៃត្រង់បន្តិចកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ចៅស្រីវ័យ៨ឆ្នាំរបស់គាត់កំពុងព្យាយាមសម្អាតជើងរបស់នាងដែលប្រឡាក់សុទ្ធតែឈាម។
ដោយភ័យតក់ស្លុត ស្ត្រីវ័យ៦០ឆ្នាំរូបនេះបានយកសារុងរុំឲ្យចៅស្រីដែលនិយាយលែងចេញ ហើយលើកនាងដាក់លើកន្ទុយកង់រួចឌុបទៅគ្លីនិកក្នុងមូលដ្ឋានចម្ងាយប្រហែល២គីឡូម៉ែត្រ ដោយនៅទីនោះគ្រូពេទ្យម្នាក់បានសន្និដ្ឋានថា ក្មេងស្រីរូបនេះ “បានរងរបួស ប៉ុន្តែមិនមែនរងរបួសដោយសារអាវុធទេ” ហើយបានណែនាំគ្រួសារនេះឲ្យទៅប្ដឹងនគរបាល។
លោក កង សន នាយប៉ុស្តិ៍ឃុំស្រយូវ បានព្យាយាមសាកសួរក្មេងស្រីដែលនៅតែស្ងាត់ស្ងៀមមិននិយាយស្ដី និងបន្តហូរឈាមរូបនេះជិតកន្លះម៉ោង មុនពេលនាងសន្លប់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ពេលនាងដឹងខ្លួនឡើងវិញ នាងបានប្រាប់ម្ដាយរបស់ខ្លួនថា នាងត្រូវក្មេងប្រុសជិតខាងអាយុ១៤ឆ្នាំម្នាក់ចាប់រំលោភ។ ក្មេងប្រុសជាជនល្មើសត្រូវបានចាប់ខ្លួន ហើយបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន។
តើអ្វីទៅដែលបានជំរុញឲ្យក្មេងជំទង់ម្នាក់ធ្វើសកម្មភាពចាប់រំលោភព្រៃផ្សៃដល់ថ្នាក់ជនរងគ្រោះដេកពេទ្យរយៈពេល៦ថ្ងៃបែបនេះ? សមត្ថកិច្ចឆ្លើយយ៉ាងសាមញ្ញថា៖ មើលវីដេអូអាសអាភាសតាមទូរស័ព្ទស្មាតហ្វូនរបស់មិត្តភក្តិ។
លោក ជា ពឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍ថា ”វីដេអូអាសអាភាសធ្វើឲ្យពួកគេមានអារម្មណ៍ទាំងនេះ ហើយបន្ទាប់មកពួកគេក៏ចង់សាកល្បង”។
លោក កង សន បានយល់ស្របតាមទស្សនៈនេះ។ លោកថ្លែងថា “ខ្ញុំគិតថា វីដេអូអាសអាភាស និងរូបភាពអាសអាភាសគឺជាមូលហេតុដែលជនល្មើសប្រព្រឹត្តបទល្មើសលើកុមារ។ នោះគឺទូរស័ព្ទស្មាតហ្វូនដែលធ្វើឲ្យពួកគេហ៊ានចាប់រំលោភគេ”។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ក្មេងប្រុសជាជនល្មើសគ្រាន់តែប្រាប់នគរបាលថា វីដេអូអាសអាភាសបានជំរុញឲ្យខ្លួនធ្វើសកម្មភាពចាប់រំលោភ បន្ទាប់ពីពួកគេសួរជនល្មើសថា តើវាជាកត្តាជំរុញឬយ៉ាងណា។
វីដេអូអាសអាភាស និងឥទ្ធិពលរបស់វាក្នុងការជំរុញការចាប់រំលោភសេពសន្ថវៈ មានឥទ្ធិពលខ្លាំងមកលើចិត្តគំនិតរបស់នគរបាល និងមន្ត្រីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលករណីរំលោភបំពានកុមារត្រូវបានរាយការណ៍ស្ទើរតែមិនលស់ថ្ងៃបើគិតជាមធ្យម។
វាជាការបកស្រាយដ៏គួរឲ្យចាប់អារម្មណ៍ ព្រោះវាផ្ដល់ចម្លើយសាមញ្ញសម្រាប់សំណួរស្មុគស្មាញដែលចោទសួរថា ហេតុអ្វីបានជាការចាប់រំលោភព្រៃផ្សៃបែបនេះនៅតែបន្តកើតមាន ហើយបណ្ដោយឲ្យបន្ទោសបទល្មើសផ្លូវភេទទៅលើឥទ្ធិពលរបស់បរទេស។
ទោះជាយ៉ាងណា គ្មានការសិក្សាស្រាវជ្រាវឯករាជ្យណាមួយបង្ហាញថា វីដេអូអាសអាភាសមានឥទ្ធិពលលើការចាប់រំលោភក្នុងប្រទេសកម្ពុជា ឬនៅកន្លែងផ្សេងទៀតក្នុងពិភពលោកឡើយ។ ហើយអ្នកជំនាញខ្លះលើកឡើងថា ការលើកឡើងពីវីដេអូអាសអាភាសធ្វើឲ្យសមត្ថកិច្ចគេចវេះមិនដោះស្រាយមូលហេតុស៊ីជម្រៅនៃការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ ក្នុងនោះរួមទាំងសង្គមបិតាធិបតេយ្យ និទណ្ឌភាពសម្រាប់ជនល្មើស និងការធ្វើចំណាកស្រុកចេញពីភូមិស្ថាន ដែលជាញឹកញាប់ត្រូវទុកកូនៗ និងក្មេងជំទង់ៗឲ្យនៅផ្ទះដោយគ្មានអាណាព្យាបាលមើលខុសត្រូវ។
លោកស្រី រស់ សុភាព ស្ថាបនិកអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា លោកស្រី “ខកចិត្ត” ដែលវីដេអូអាសអាភាសនៅតែត្រូវនគរបាល និងអ្នកផ្សេងទៀតបន្តលើកឡើងថាជាមូលហេតុនាំមុខនៃការចាប់រំលោភ។ លោកស្រីលើកឡើងទៀតថា “វាជាលេស និងជាអ្វីដែលគេអាចបន្ទោសបាន។ បញ្ហាចាប់រំលោភគឺស្ថិតនៅត្រង់តុល្យភាពអំណាច”។
របាយការណ៍មួយចេញផ្សាយដោយអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកកាលពីខែសីហា បានលើកឡើងថា វីដេអូអាសអាភាសគឺជាមូលហេតុចម្បងមួយដែលនាំឲ្យករណីចាប់រំលោភកើនឡើង។
អង្គការអាដហុកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយអមរបាយការណ៍នេះថា ”មូលហេតុឫសគល់ដែលនាំឲ្យករណីចាប់រំលោភកើនឡើង គឺឥទ្ធិពល ‘វប្បធម៌បរទេសដែលគ្មានការគ្រប់គ្រង’ (ពោលគឺការរកបានវីដេអូតាមអុីនធឺណិត បណ្ដាញទំនាក់ទំនងសង្គម ឬមានលក់នៅលើទីផ្សារដែលគ្មានការគ្រប់គ្រងជាដើម)”។
លោកស្រី ឆន សុគន្ធា ប្រធានកម្មវិធីស្ត្រី និងកុមារនៅអង្គការអាដហុក មានប្រសាសន៍នៅសប្ដាហ៍នេះថា ការសន្និដ្ឋាននេះធ្វើឡើងដោយផ្អែកលើការសាកសួរជនល្មើស និងការពិតដែលករណីចាប់រំលោភជាច្រើនពាក់ព័ន្ធនឹងវីដេអូអាសអាភាសបែបចម្លែកៗដូចជា ការច្របាច់ក ការស្ដោះទឹកមាត់ដាក់ និងបុរសមួយក្រុមធំរួមភេទជាមួយនារីតែម្នាក់ជាដើម។
ទោះជាយ៉ាងណា លោកស្រីបានទទួលស្គាល់ថា លទ្ធផលនៃការសិក្សានេះប្រហែលជាមានភាពលម្អៀងដោយសារផ្អែកតែទៅលើចម្លើយសារភាពរបស់ជនចាប់រំលោភ។ លោកស្រីថ្លែងថា ”យើងគ្រាន់តែដឹងពីអ្នកដែលចាប់រំលោភ។ ពួកគេនិយាយថា បន្ទាប់ពីពួកគេមើលវីដេអូអាសអាភាសរួច ពួកគេចង់អនុវត្ត”។
ខណៈប្រធានបទស្តីពីឥទ្ធិពលរបស់វីដេអូអាសអាភាសមកលើឥរិយាបថផ្លូវភេទបានក្លាយជាប្រធានបទនៃការសិក្សាស្រាវជ្រាវរាប់ទសវត្សរ៍មកនេះ គេសង្កេតឃើញថា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានការចាប់អារម្មណ៍លើប្រធានបទនេះឡើងវិញដោយសារតែការរកបានវីដេអូអាសអាភាសបានតាមប្រព័ន្ធអុីនធឺណិតកាន់តែទូលំទូលាយ។
ទោះបីជាលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនេះលាយចម្រុះគ្នាក្ដី ក៏ភាគច្រើនរកមិនឃើញទំនាក់ទំនងរវាងការប្រើប្រាស់វីដេអូអាសអាភាស និងការប្រព្រឹត្តអំពើហិង្សាផ្លូវភេទដោយការចាប់បង្ខំឡើយ។ អ្នកខ្លះបានរកឃើញថា ចំណង់ផ្លូវភេទខ្លាំងពិតជាធ្លាក់ចុះ នៅពេលជនល្មើសផ្លូវភេទរកបានវីដេអូអាសអាភាស។
ការសិក្សាមួយធ្វើឡើងកាលពីឆ្នាំ២០១៤នៅក្នុងប្រទេសឥណ្ឌា ដែលការប្រើប្រាស់អីុនធឺណិតមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងចំណោមប្រជាពលរដ្ឋរស់នៅតាមទីជនបទដូចប្រទេសកម្ពុជាដែរនោះ បានសន្និដ្ឋានថា ”ការងាយទទួលបានវីដេអូអាសអាភាសមិនមានផលប៉ះពាល់ខ្លាំងមកលើអត្រាចាប់រំលោភ ឬអត្រាបទល្មើសលើស្ត្រីឡើយ”។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការបន្ទោសលើវីដេអូអាសអាភាសថា ជាមូលហេតុបណ្តាលឲ្យមានការចាប់រំលោភគ្រាន់តែជាការលើកឡើងដើម្បីដោះសាសម្រាប់ជនប្រព្រឹត្តបទល្មើស និងដើម្បីបិទបាំងមូលហេតុផ្សេងៗទៀតដែលនាំឲ្យការប្រើអំពើហិង្សាផ្លូវភេទលើស្ត្រី និងកុមារមានអត្រាខ្ពស់។
លោកស្រីបានមានប្រសាសន៍ថា “ការចាប់រំលោភកើតឡើងមុនពេលពលរដ្ឋខ្មែរងាយទទួលបានវីដេអូអាសអាភាសទៅទៀត”។ លោកស្រីបន្ថែមថា ការបន្ទោសលើវីដេអូអាសអាភាសថា ជាមូលហេតុដែលបណ្តាលឲ្យមានការចាប់រំលោភ គឺវាដូចគ្នាទៅនឹង”ការដែលយើងនិយាយថា ស្ត្រីមិនគួរស្លៀកខ្លីព្រោះវាធ្វើឲ្យបុរសចាប់រំលោភ”។
លោកស្រីបានលើកឡើងទៀតថា ”វាអាចមានឥទ្ធិពលលើការវិនិច្ឆ័យរបស់យើងហើយអាចប៉ះពាល់ដល់វិធីដែលយើងដោះស្រាយបញ្ហាសំខាន់។វានាំទៅរកនិទណ្ឌភាព។ ប្រសិនបើនិយាយអំពីការចាប់រំលោភ វាពាក់ព័ន្ធនឹងបញ្ហាជាច្រើន”។
បញ្ហាមួយក្នុងចំណោមបញ្ហាទាំងនេះគឺការធ្វើចំណាកស្រុកចេញពីទីជនបទ។
ពេលបុរស និងស្ត្រីដែលស្ថិតក្នុងវ័យពេញធ្វើការធ្វើចំណាកស្រុកមកភ្នំពេញ ឬទៅប្រទេសថៃដើម្បីរកការងារធ្វើជាកម្មករឬជាអ្នកលក់ដូរ ភូមិតាមបណ្តាខេត្តនានានៅ
សល់តែក្មេងៗនិងមនុស្សចាស់។
លោក សេង លុច នាយការិយាល័យនគរបាលព្រណ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង ជាខេត្តដែលមានសេចក្តីរាយការណ៍អំពីបទល្មើសលើកុមារច្រើនជាងខេត្តណាណាទាំងអស់កាលពីឆ្នាំមុន បានលើកឡើងថា ករណីចាប់រំលោភលើកុមារកើតឡើងញឹកញាប់។
លោកបន្តថា “ករណីភាគច្រើនកើតឡើងពេលឪពុកម្តាយទុកកូនចោលនៅផ្ទះតែម្នាក់ឯង តើអ្នកដឹងទេ វាមកពីហេតុអ្វី? ព្រោះពួកគាត់គឺជាអ្នកក្រ ហេតុដូច្នេះជីវភាពក្រីក្ររបស់ពួកគាត់គឺជាកត្តាដែលបណ្តាលឲ្យប៉ះពាល់ដល់សុវត្ថិភាពកូនៗរបស់ខ្លួន”។
នៅក្នុងក្រុងស្ទឹងសែន ក្មេងប្រុសអាយុ១៤ឆ្នាំដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីជិតខាងអាយុ៨ឆ្នាំ បានរស់នៅដោយគ្មានការគ្រប់គ្រងព្រានប្រដៅពីមនុស្សចាស់អស់រយៈពេលជាច្រើនឆ្នាំ ដោយផ្លាស់ទៅរស់នៅជាមួយបងប្អូនពីខេត្តមួយទៅខេត្តមួយ នេះបើយោងតាមលោក ធី ឪពុករបស់ក្មេងប្រុសរូបនេះ ដែលធ្វើការនៅការដ្ឋានសាងសង់ក្នុងរាជធានីភ្នំពេញ។
ដោយមានទឹកមុខស្រងូតស្រងាត់ពេលឈរនៅក្រោមផ្ទះរបស់ខ្លួន ជាកន្លែងករណីចាប់រំលោភបានកើតឡើងនៅក្បែរចង្ក្រាន និងទូរទស្សន៍ដែលកំពុងតែចាក់បញ្ចាំងរឿងបុរសអាយុ៤៤ឆ្នាំរូបនេះបានលើកឡើងថា គាត់មិនសូវបានទាក់ទងជាមួយកូនរបស់គាត់ទេក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្មេងប្រុសរូបនេះបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី២។
លោកនិយាយថា ”យើងជាកម្មករ ដូច្នេះយើងមិនសូវបានមកទីនេះទេ លើកលែងតែពេលបុណ្យទាន ដូចជាបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំខ្មែរជាដើម។ ពេលខ្ញុំមានរឿងត្រូវនិយាយជាមួយវា ខ្ញុំតេទូរស័ព្ទមកតារបស់វាឲ្យជួយប្រាប់វា។
ជីតាអាយុ៦៣ឆ្នាំរបស់ក្មេងប្រុសសង្ស័យរូបនេះឈ្មោះ ម៉ាល់ ធ្វើការពេលយប់ជាសន្តិសុខយាមសាលាបឋមក្នុងមូលដ្ឋាន ហើយពេលថ្ងៃធ្វើជាសន្តិសុខយាមឃ្លាំងរោងម៉ាស៊ីនកិនស្រូវ។ គាត់បាននិយាយថា ចៅរបស់គាត់ស្តាប់បង្គាប់ ប៉ុន្តែមិនសូវជានិយាយស្តីច្រើនទេ។ “វាស្តាប់បង្គាប់ខ្ញុំ ពេលខ្ញុំឲ្យវាចាំផ្ទះ ប៉ុន្តែវាមិនសូវនិយាយច្រើន”។
ជនរងគ្រោះក៏ដូចគ្នាដែរ គឺត្រូវបានទុកឲ្យនៅផ្ទះតែម្នាក់ឯង។ ឪពុកម្តាយរបស់នាងធ្វើការនៅក្នុងរាជធានីភ្នំពេញ។ ឪពុករបស់នាងគឺជាអ្នករត់ម៉ូតូឌុប ហើយម្តាយរបស់នាងគឺជាអ្នកលក់ត្រី រីឯតាយាយរបស់នាងគឺជាអ្នកលក់គ្រឿងទេស និងនំតាមភូមិ។
ជីតារបស់ក្មេងស្រីរូបនេះដែលមានឈ្មោះ វឿង បាននិយាយថា នាងតែងតែទៅលែងនៅផ្ទះរបស់ក្មេងប្រុសសង្ស័យ ប៉ុន្តែ គាត់មិនបានគិតដល់រឿងអ៊ីចឹងទេ។ ពេលអង្គុយនៅលើគ្រែឈើក្រោមផ្ទះរបស់ខ្លួន បុរសអាយុ៥៨ឆ្នាំរូបនេះបានលើកឡើងថា ក្មេងប្រុសសង្ស័យចាប់ផ្តើមមានឭកពាប្លែកខុសពីធម្មតាប្រហែលមួយសប្តាហ៍មុនពេលករណីចាប់រំលោភនេះកើតឡើង។
បុរសរូបនេះបាននិយាយថា ”វាមានម៉ូតូមួយគ្រឿង ហើយវាជិះក្រឡឹងជុំវិញផ្ទះខ្ញុំក្រឡេកមើលនេះមើលនោះ។ ខ្ញុំមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់នាង ប៉ុន្តែ នាងតែងតែទៅលែងនៅទីនោះ ហើយក្មេងប្រុសសង្ស័យក៏មានបងប្អូនស្រីដែរហេតុដូច្នេះទើបខ្ញុំគិតថា នាងប្រហែលជាមិនអីទេ”៕ សុខុម និង ស៊ុយឈាង