លោក ញ៉ឹក ប៊ុនឆៃ ដែលធ្លាប់បញ្ជាយោធាក្នុងប្រទេសក្រោមរដ្ឋាភិបាលដឹកនាំដោយគណបក្សហ្វុ៊នស៊ិនប៉ិចនៅទសវត្សរ៍ឆ្នាំ១៩៩០ និងដែលនៅតែជាឥស្សរជនដ៏សំខាន់មួយរូបនៅក្នុងគណបក្សរាជានិយមមួយនេះ បានប្រកាសកាលពីម្សិលមិញថា លោកបានបង្កើតគណបក្សថ្មីមួយផ្ទាល់ខ្លួនដោយសារតែលោកមិនពេញចិត្តព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
ដោយបង្ហាញរូបសញ្ញាសម្រាប់ “ គណបក្សរួបរួមជាតិ” របស់លោកដែលដូចគ្នាបេះបិទទៅនឹងរូបសញ្ញាចាស់របស់គណបក្សហ្វុ៊នស៊ិនប៉ិច លោក ញ៉ឹក ប៊ុនឆៃ បានលើកឡើងថា ”ខ្ញុំផ្លាស់ប្ដូរដោយសារតែខ្ញុំមើលឃើញថា គណបក្សហ្វុ៊នស៊ិនប៉ិចបច្ចុប្បន្នបានបោះបង់ឡូហ្គោដើមរបស់ខ្លួន។ ទី២ បញ្ហាផ្ទៃក្នុងរបស់ហ្វុ៊នស៊ិនប៉ិចមិនអាចដោះស្រាយបាន ទី៣ ខ្ញុំមិនពេញចិត្តដោយសារតែការដឹកនាំរបស់ហ្វុ៊នស៊ិនប៉ិចផ្ដាច់ការ”។
ចាប់តាំងពីយាងមកដឹកនាំគណបក្សហ្វុ៊នស៊ិនប៉ិចវិញ ព្រះអង្គម្ចាស់ រណឫទ្ធិ បានផ្លាស់ប្ដូររូបសញ្ញា និងការិយាល័យ ហើយជាអ្នកមើលខុសត្រូវចំពោះការរុះរើការងាររដ្ឋបាលរបស់បក្ស។ មុខតំណែងរបស់លោក ញ៉ឹក បុ៊នឆៃ ត្រូវបានផ្លាស់ប្ដូរពីអគ្គលេខាធិការមកជាអនុប្រធានទី២របស់បក្ស។
អតីតឧត្ដមសេនីយ៍យោធារូបនេះដែលអាជីពនយោបាយរបស់ខ្លួនបានចាប់ផ្ដើមមិនយូរប៉ុន្មានក្រោយពីទាហានដែលស្មោះស្ម័គ្រចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដួលកងទ័ពរបស់លោកអំឡុងពេលប្រយុទ្ធគ្នានៅក្នុងឆ្នាំ១៩៩៧នោះ បានបកស្រាយថា លោកមិនអាចអត់ទ្រាំនឹងរបៀបដឹកនាំរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ បានទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនពេញចិត្តការដឹកនាំបច្ចុប្បន្នទេ មួយអន្លើដោយសារព្រះអង្គដឹកនាំតាមទស្សនផ្ទាល់របស់ព្រះអង្គ ហើយទី២ ដោយសារខ្ញុំមើលឃើញអំពើពុករលួយ” ហើយលោកមានសុទិដ្ឋិនិយមចំពោះអនាគតនយោបាយផ្ទាល់ខ្លួនរបស់លោក។
លោកបានបន្តថា ”យើងជឿថា វាមិនទាន់ជ្រុលពេលទេ ពីព្រោះអ្វីៗមានស្រាប់ ហើយយើងមិនមែនចាប់ផ្ដើមពីមនុស្សពីរបីនាក់ទេ” ដោយលោកបកស្រាយថា ភក្ដីភាពដែលលោកបានកសាងនៅក្នុងគណបក្សហ្វុ៊នស៊ិនប៉ិច នឹងធ្វើឲ្យគណបក្សថ្មីរបស់លោកទទួលបានជោគជ័យខ្លះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។
លោកលើកឡើងថា លោកនឹងប្រើប្រាស់វិធីសាស្ត្រងាយៗនៅក្នុងការធ្វើនយោបាយ។ ”ខ្ញុំដូចជាម្ចាស់ហាង ដូច្នេះខ្ញុំត្រូវសិក្សាពីចិត្តរបស់អ្នកទិញ តើអ្នកទិញចង់បានអី? ដូច្នេះខ្ញុំត្រូវផលិតទៅតាមតម្រូវការរបស់អ្នកទិញ។ នេះជាគោលនយោបាយរបស់ខ្ញុំ។ នយោបាយគឺត្រូវចេះបត់បែន”។
គណបក្សថ្មីរបស់លោក ញ៉ឹក ប៊ុនឆៃ គឺជាគណបក្សទី១ហើយដែលចូលប្រឡូកក្នុងសង្វៀននយោបាយនៅឆ្នាំនេះ និងកើតមានឡើងក្រោយពីគណបក្សចំនួនប្រាំបីបានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៥។
លោក សាយ ហាក់ អគ្គលេខាធិការគណបក្សហ្វុ៊នស៊ិនប៉ិចបានបដិសេធថា នៅក្នុងគណបក្សហ្វុ៊នស៊ិនប៉ិចគ្មានអំពើពុករលួយនោះទេ ហើយហាក់ស្ទាក់ស្ទើរនៅពេលគេសាកសួរអំពីការបែកបាក់សាមគ្គីនៅក្នុងគណបក្សរាជានិយមមួយនេះ។ នៅក្នុងសារផ្ញើទៅលោក ញ៉ឹក ប៊ុនឆៃ លោក សាយ ហាក់ បានថ្លែងថា ”គណបក្សហ្វុ៊នស៊ិនប៉ិចគ្មានការបែកបាក់នោះទេ ហើយសូមកុំយកសមិទ្ធផលរបស់ហ្វុ៊នស៊ិនប៉ិចទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន” ហើយថា អតីតឧត្ដមសេនីយ៍រូបនេះមិនមែនជាការគំរាមកំហែងចំពោះហ្វុ៊នស៊ិនប៉ិចឡើយ។
លោកបានមានប្រសាសន៍សំដៅដល់អ្នកបោះឆ្នោតថា “យើងមិនព្រួយបារម្ភទេ ព្រោះការសម្រេចចិត្តគឺអ្នកភូមិ”។
ទោះជាយ៉ាងណា លោក ដា ឈាន ដែលជាមេឃុំមួយរូបមកពីគណបក្សហ្វុ៊នស៊ិនប៉ិចក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តកំណើតរបស់លោក ញ៉ឹក ប៊ុនឆៃ បានមានប្រសាសន៍ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីលាឈប់ពីតំណែង ហើយចូលរួមជាមួយគណបក្សរួមរួបជាតិ។
លោកបានគូសបញ្ជាក់ថា “ខ្ញុំគិតថា អ្នករាជានិយមនឹងបែកបាក់ ពីព្រោះអ្នកខ្លះនឹងចូលរួមជាមួយគាត់ [លោក ញ៉ឹក ប៊ុនឆៃ] អ្នកដែលបានដើរតាមគាត់ជាយូរមកហើយ ហើយពេលនេះសម្ដេចក្រុមព្រះគ្មានប្រជាប្រិយភាពទេ ដោយសារតែព្រះអង្គភូតកុហក”៕ សុខុម