លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានជំរុញឲ្យអ្នកគាំទ្រគណបក្សរបស់លោកនៅក្នុងសហរដ្ឋអាមេរិកកុំធ្វើការតវ៉ាណាមួយប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងដំណើរទស្សនកិច្ចរបស់លោកមកកាន់រដ្ឋកាលីហ្វ័រញ៉ានៅចុងខែនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងលោក ប៉ារាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាេមរិក។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការព្រមានរបស់លោក ហ៊ុន សែន ពីការតវ៉ាប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជា ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកត្រូវបានធ្វើឱ្យខូចដោយការតវ៉ាប្រឆាំងរូបលោក ដូចការតវ៉ាដែលធ្វើឡើងមកលើករូបលោកអំឡុងបេសកម្មកន្លងមកនៅបរទេស។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ពី Falls Church រដ្ឋវិជីនៀ នៅខាងក្រៅរដ្ឋធានី វ៉ាសីុនតោនឌីស៊ី លោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកម្ពុជានៅសហរដ្ឋអាមេរិកគោរពតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី។
លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា “ការតវ៉ានៅពេលនេះមិនជាការល្អឡើយ”។ លោកបានបន្ថែមថា “គណបក្សសង្គ្រោះជាតិមិនគាំទ្រឡើយ។ ប្រសិនបើនរណាម្នាក់នៅតែធ្វើ ឬទទូចចង់ធ្វើនោះ ខ្ញុំមិនដឹងធ្វើម្តេចទេ។ អ្នកនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង មិនមែនសមាជិកគណបក្សសង្គ្រោះជាតិទទួលខុសត្រូវទេ។ គណបក្សសង្គ្រោះជាតិនឹងមិនទទួលស្គាល់សកម្មភាពទាំងនោះឡើយ”។
លោកបាននិយាយថា “ខ្ញុំជឿថា ភាគច្រើននៃសមាជិកគណបក្សសង្គ្រោះជាតិយល់អំពីស្ថានភាពថាអ្វីត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ដែលក្នុងនោះត្រូវស្វែងយល់ឲ្យបានច្បាស់ដើម្បីសម្រេចគោលបំណងរបស់យើងក្នុងការសង្គ្រោះជាតិដោយសន្តិវិធី”។
លោក សម រង្ស៊ី បាននិរទេសខ្លួនដោយខ្លួនឯងពីប្រទេសកម្ពុជាចាប់តាំងពីខែវិច្ឆិកាមកដើម្បីចៀសពីការផ្តន្ទាទោសជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំកាលពីឆ្នាំ២០១១ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ជាករណីដែលមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះច្រានចោលថា ជាហេតុផលនយោបាយ។
នៅពេលទាក់ទងតាមអីុម៉េលកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងថា លោកបានណែនាំដល់អ្នកគាំទ្រប្រឆាំងការតវ៉ានេះដើម្បីចៀងវាងការវាយប្រហារដដែលៗមកលើតំណាងរាស្ត្រពីររូបរបស់គណបក្សប្រឆាំងនៅខាងក្រៅរដ្ឋសភាក្នុងរាជធានីភ្នំពេញកាលពីខែតុលា ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីការតវ៉ាដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងគណបក្សសង្គ្រោះ ជាតិ នៅខាងក្រៅបរិវេណរដ្ឋសភា។
លោកបានមានប្រសាសន៍ថា “បើទោះជាការតវ៉ារបស់ពលរដ្ឋកម្ពុជាក្នុងសហរដ្ឋអាេមរិកធ្វើឡើងដោយសន្តិវិធី ខុសពីការតវ៉ាតបតដ៏ហិង្សាពីសំណាក់ក្រុមគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដូចខាងលើនេះ ពីព្រោះខ្ញុំមិនចង់ឲ្យមានហេតុការណ៍ហិង្សាណាមួយកើតឡើងក្នុងប្រទេសកម្ពុជាដែលនឹងបង្កើនភាពតានតឹងនយោបាយ និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ”។
លោកបានបន្ថែមថា “ការផ្លាស់ប្តូរបែបប្រជាធិបតេយ្យដោយសន្តិវិធីតាមរយៈការបោះឆ្នោតដ៏គួរឲ្យទុកចិត្តនៅតែជាអាទិភាពចម្បងរបស់គណបក្សសង្គ្រោះជាតិ”។
ដោយមិនយកចិត្តទុកដាក់នឹងការអំពាវនាវរបស់លោក សម រង្ស៊ី និងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី សម្ពន្ធភាពកម្ពុជា-អាមេរិកកំពុងត្រៀមធ្វើការតវ៉ានៅក្រៅបរិវេណកិច្ចប្រជុំកំពូលក្នុង Rancho Mirage ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី១៥ខែកុម្ភៈ គឺថ្ងៃទី១នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ។
សេចក្តីប្រកាសដែលបង្ហោះនៅក្នុងគេហទំព័ររបស់ក្រុមនេះមានខ្លឹមសារថា ”សម្ពន្ធភាពកម្ពុជា-អាមេរិកមិនខ្លាចរអាចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការគំរាមរបស់លោកឡើយ ព្រោះខ្មែរលែងអត់ឱនការបំភិតបំភ័យបែបនេះទៀតហើយ។ យើងប្តេជ្ញាតតាំង នឹងការគ្រប់គ្រងផ្តាច់ការរបស់លោក តាមជំនឿរបស់យើងនៅក្នុងព្រះរាជាណាចក្រ ហើយប្រជាជនសមនឹងទទួលបានភាពប្រសើរជាងនេះ។ មេដឹកនាំផ្តាច់ការនេះនឹងមកដល់ទឹកដីរបស់យើង ហើយគាត់ត្រូវចាំថា នេះគឺជាទឹកដីអាមេរិក ទឹកដីនៃសេរីភាព និងទឹកដីនៃភាពក្លាហាន”៕ សារុន (រាយការណ៍បន្ថែមដោយ Colin Meyn)