កាលពីថ្ងៃសុក្រ តុលាការខេត្តមណ្ឌលគិរីបានចោទប្រកាន់អតីតមន្ត្រីកងរាជអាវុធហត្ថដែលរត់គេចខ្លួនម្នាក់ពីបទប្រើអាវុធខុសច្បាប់ ដោយបន្ថែមទៅនឹងដីកាឆ្នាំ២០១៤ ដែលចេញបន្ទាប់ពីជនសង្ស័យរូបនេះបានយកកាំភ្លើងភ្ជង់អភិបាលស្រុក។
លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាននិយាយថា តុលាការបានចោទប្រកាន់ឈ្មោះ ស៊ូ ម៉ារិទ្ធ អាយុ៣៧ឆ្នាំ ពីបទប្រើអាវុធខុសច្បាប់កាលពីថ្ងៃសុក្រដោយកំបាំងមុខ បន្ទាប់ពីគាត់បានបាញ់ទៅលើមួយគ្រាប់។
លោក សុវណ្ណថេត បាននិយាយថា យោងតាមមន្ត្រីរដ្ឋបាលព្រៃឈើ និងនគរបាលបានឲ្យដឹងថា ”ជនល្មើសបានបាញ់ទៅលើមួយគ្រាប់នៅពេលក្រុមអ្នកជំនាញមកពីរដ្ឋបាលព្រៃឈើ និងកងកម្លាំងរាជអាវុធហត្ថស្រុកកែវសីមា បានទៅផ្ទះរបស់គាត់ ហើយបានឮស្នូរកាំភ្លើងបាញ់ចេញពីផ្ទះរបស់គាត់”។
លោកបានបន្ថែមថា “ខ្ញុំមិនប្រាកដថា នរណាបានបាញ់ទេ។ ប៉ុន្តែស្នូរបាញ់នោះបានចេញពីផ្ទះរបស់ ស៊ូ ម៉ារិទ្ធ”។
ក្រោយពីបាញ់កាំភ្លើងរួច លោក ម៉ារិទ្ធ បានរត់ចេញពីផ្ទះ ហើយកំពុងគេចខ្លួននៅឡើយ។
លោក សុវណ្ណថេត បាននិយាយថា “ឥឡូវនេះយើងកំពុងតាមចាប់ជនល្មើស ហើយយើងនឹងដឹងច្បាស់បន្ទាប់ពីចាប់បានជននេះមកសាកសួរ”។
លោកនិយាយថា លោកមិនដឹងមូលហេតុដែលរដ្ឋបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថចុះមកផ្ទះជននេះទេ។
យោងតាមលោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកបានឲ្យដឹងថា កាលពីឆ្នាំ២០១៤ តុលាការខេត្តមណ្ឌលគិរីបានចេញដីកាមួយសម្រាប់លោក ម៉ារិទ្ធ បន្ទាប់ពីគាត់បានយកកាំភ្លើងភ្ជង់ក្បាលលោក ស៊ិន វ៉ាន់វុធ អភិបាលស្រុកកែវសីមា។
លោក ប៊ុនធឿន បាននិយាយថា “ជនល្មើសបានយកកាំភ្លើងភ្ជង់អភិបាលស្រុក ពីព្រោះគាត់ខឹងនៅពេលដែលអភិបាលស្រុករូបនេះបានចេញបញ្ជាឲ្យឃាត់រថយន្តឡង់គ្រីស័ររបស់គាត់ ដែលដឹកឈើប្រណីត”។
លោក ស៊ិន វា៉ន់វុធ បាននិយាយនៅពេលនោះថា “[លោក ម៉ារិទ្ធ] បានគំរាមខ្ញុំ ដោយនិយាយថា គាត់នឹងមិនឲ្យខ្ញុំរស់បានសុខទេ។ ប្រសិនបើរកគាត់ឃើញ គាត់នឹងត្រូវចាប់ខ្លួន”។
យោងតាមលោក ប៊ុនធឿន បានឲ្យដឹងថា ក្រោយមក លោក ម៉ារិទ្ធ ត្រូវបានបណ្ដេញចេញពីមុខតំណែងដែលគាត់មាននៅពេលនោះ ប៉ុន្តែមិនដែលចាប់ខ្លួនបានតាមការចោទប្រកាន់នៅឆ្នាំ២០១៤ទេ៕ និត