រដ្ឋាភិបាលបានចាប់ផ្ដើមធ្វើតេស្តពិនិត្យឈាមអ្នកភូមិនៅឃុំសំបួរមាស ខេត្តកណ្ដាល រកមេរោគអេដស៍កាលពីម្សិលមិញ បន្ទាប់ពីអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការងារពាក់ព័ន្ធសុខភាពសាធារណៈ រកឃើញការផ្ទុះករណីឆ្លងមេរោគអេដស៍ ដោយបញ្ជាក់ការឆ្លងថ្មីចំនួន១៤ករណីនៅភូមិចំនួនបីអំឡុងពេលធ្វើតេស្តកាលពីដើមខែនេះ។
អំឡុងថ្ងៃដំបូងនៃការធ្វើតេស្តនៅភូមិពាម ដែល១០ករណីក្នុងចំណោមនោះត្រូវបានរកឃើញដោយអង្គការខេមរា មនុស្សបួននាក់ទៀតបានធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍ នេះបើយោងតាមការឲ្យដឹងពីលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តដែលបានរិះគន់អង្គការនេះចំពោះការធ្វើតេស្តដោយមិនសុំការអនុញ្ញាត។
លោកបានមានប្រសាសន៍ថា “មន្ត្រីសុខាភិបាលរបស់យើងបានចុះទៅភូមិនោះនៅថ្ងៃនេះ ហើយយើងបានផ្ដល់ការធ្វើតេស្តឈាមដល់ប្រជាពលរដ្ឋចំនួន២៤១នាក់ ប៉ុន្តែយើងរកឃើញអ្នកផ្ទុកមេរោគអេដស៍តែបួននាក់ប៉ុណ្ណោះ។ លទ្ធផលនេះគឺជាចំនួនតិចតួចមិនដូចតួលេខផ្ដល់ដោយអង្គការមួយនោះទេ។ អង្គការខេមរា មិនបានសហការជាមួយមន្ទីរសុខាភិបាលខេត្តរបស់យើងទេ ហើយពួកគាត់បានលួចចូលទៅធ្វើតេស្តស្ងាត់ៗដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន”។ លោកបានបន្តថា អ្នកភូមិចំនួន៧៥០នាក់បន្ថែមទៀតនឹងត្រូវធ្វើតេស្តនៅសប្ដាហ៍នេះ។
លោក ឈុន រឿន នាយកប្រតិបត្តិអង្គការ Save Incapacity Teenagers ហៅកាត់អង្គការស៊ីត ជាអង្គការគាំទ្រ និងទប់ស្កាត់មេរោគអេដស៍ដែលបានជួយរៀបចំចាត់ចែងការធ្វើតេស្តចាក់ម្រាមដៃដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលកាលពីម្សិលមិញ បានបញ្ជាក់ថា មានមនុស្សបួននាក់ផ្ទុកមេរោគអេដស៍ក្នុងចំណោមការធ្វើតេស្ត២៧៩នាក់ដែលត្រូវបានធ្វើឡើងពេញមួយថ្ងៃ។
តំណាងអង្គការខេមរា ជាអង្គការមិនមែនរដ្ឋាភិបាលដែលរាប់បញ្ចូលការទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ក្នុងកម្មវិធីគាំទ្រស្ត្រី និងកុមាររបស់ខ្លួន មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ទោះជាយ៉ាងណា លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា ជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្ដាច់មុខលើការបង្ការ និងការថែទាំមេរោគអេដស៍ បានមានប្រសាសន៍ថា ការផ្ទុះករណីឆ្លងនេះបានលេចឮបន្ទាប់ពីបុគ្គលិកអង្គការខេមរា ធ្វើតេស្តសម្រាប់ទិវាស្រោមអនាម័យអន្តរជាតិកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
លោកថ្លែងថា “ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៩៨នាក់បានចូលរួម និងទទួលយកការធ្វើតេស្ត។ ប្រាំនាក់ក្នុងចំណោម៩៨នាក់បានធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍ ហើយបន្ទាប់មកត្រូវបុគ្គលិកអង្គការខេមរា និងមិត្តភក្តិបញ្ជូនទៅធ្វើតេស្តបញ្ជាក់នៅមន្ទីរពេទ្យបង្អែកសម្ដេចឪ ហើយលទ្ធផលសុទ្ធតែបញ្ជាក់ថា ផ្ទុកមេរោគអេដស៍។ ក្រោយមកទៀត ប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍ បានព្យាយាមធ្វើតេស្តដោយខ្លួនឯងនៅមន្ទីរពេទ្យបង្អែកនេះ ហើយក៏រកឃើញផ្ទុកមេរោគអេដស៍”។ លោកបន្ថែមថា ១២ករណីត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រ ហើយពីរករណីទៀតកាលពីចុងសប្ដាហ៍កន្លងទៅ។
លោក គួយ ប៊ុនធឿន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា កាលពីមុនអ្នកភូមិពាមចំនួន៣២នាក់ធ្លាប់បានផ្ទុកមេរោគអេដស៍ ធ្វើឲ្យអត្រាឆ្លងនៅភូមិដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ១.០០០នាក់នេះលើសមធ្យមភាគ០,៦ភាគរយនៅទូទាំងប្រទេស។
ខណៈប្រភពនៃការចម្លងមេរោគនេះមិនទាន់ច្បាស់លាស់ អ្នកភូមិឆ្លងមេរោគចំនួនប្រាំនាក់ដែលត្រូវបានសម្ភាសកាលពីថ្ងៃអាទិត្យនិយាយថា ពួកគាត់សង្ស័យថា ខ្លួនឆ្លងមេរោគអេដស៍នៅពេលទទួលការព្យាបាលរបស់លោក សុខ ថន ប្រធានមន្ទីរពេទ្យបង្អែកស្រុកពញាឮ នៅគ្លីនិកឯកជនរបស់គាត់ក្នុងស្រុកមុខកំពូលក្បែរខាង។
លោក សុខ ថន បានច្រានចោលការអះអាងទាំងនេះដាច់អហង្ការ ហើយបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកភូមិដែលបន្ទោសលោកថាជាអ្នកចម្លងមេរោគនេះ។
សូមរំឭកថា ការផ្ទុះនេះកើតមានឡើងបន្ទាប់ពីអ្នកភូមិជាង២៧០នាក់នៅក្នុងឃុំរការ ខេត្តបាត់ដំបង ធ្វើតេស្តឃើញផ្ទុកមេរោគអេដស៍កាលពីខែធ្នូ ឆ្នាំ២០១៤។ លោក យ៉ែម ជ្រិន គ្រូពេទ្យភូមិគ្មានអាជ្ញាប័ណ្ណដែលត្រូវបន្ទោសចំពោះការផ្ទុះករណីឆ្លង ហើយសារភាពថាបានប្រើសឺរ៉ាំង និងម្ជុលប្រើរួចទៅលើខ្លួនអ្នកជំងឺ ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំកាលពីខែធ្នូ៕ សុខុម