The Cambodia Daily Khmer

ក្រុម​ការងារ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​ចាប់​ផ្តើម​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ក្រុម​ការងារ​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន​ដើម្បី​ស្វែងរក​ការ​ស្តុក​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ភាគ​ខាង​កើត បាន​ចាប់​ផ្តើម​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ខេត្ត​ដើម្បី​ធ្វើការ​ផ្តន្ទាទោស។

មន្ត្រី​នគរបាល​និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​និង​កំពុង​រុករក​គំនរ​ឈើ​នៅ​ក្នុង​ឃ្លាំង នៅ​តាម​ចម្ការ​កៅស៊ូ និង​នៅ​ក្នុង​ព្រៃ​នៅ​ទូទាំង​បណ្តា​ខេត្ត​ភាគ​ខាង​កើត ចាប់​តាំង​ពី​លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ការ​បង្កើត​ក្រុម​ការងារ​នេះ​កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា​មក។

លោក​ឧត្ដមសេនីយ៍​ត្រី អេង ហ៊ី មិន​បាន​ឲ្យ​ដឹង​ថា ឈើ​កាប់​ឬ​ស្តុក​ខុស​ច្បាប់​ចំនួន​ប៉ុន្មាន​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​កំពុង​ធ្វើការ​ចុះ​បញ្ជី​ឈើ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​និង​ខេត្ត​ក្រចេះ ហើយ​ភាគ​ច្រើន​ក្នុង​ខេត្ត​មណ្ឌល​គិរី។ ក្រុម​ការងារ​នេះ​ក៏​កំពុង​ធ្វើការ​ក្នុង​ខេត្ត​ព្រះវិហារ រតនគិរី និង​ខេត្ត​ស្ទឹងត្រែង​ដែរ។

លោក​បាន​និយាយ​ថា “យើង​បាន​បញ្ចប់​ការ​វាស់វែង​ឈើ​នៅ​កន្លែង​មួយ​ចំនួន​ក្នុង​ខេត្ត​ទាំង​នោះ ហើយ​ក្រុម​ការងារ​របស់​យើង​បាន​បញ្ជូន​ឯកសារ​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ច្បាប់។ ព្រះ​រាជអាជ្ញា​តុលាការ​ខេត្ត​នឹង​ពិនិត្យ​ឯកសារ​ទាំង​នោះ ហើយ​គេ​អាច​កោះ​ហៅ​ឧកញ៉ា​ឬ​ក្រុមហ៊ុន​ណា​ដែល​ពាក់​ព័ន្ធ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ។ ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​ណា​មួយ​លើស​ពី​នេះ​ទេ ពីព្រោះ​សំណុំ​រឿង​ទាំង​នេះ​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា”។

ឧកញ៉ា​ជា​ងារ​កិត្តិយស​ដែល​ផ្តល់​ឲ្យ​ពាណិជ្ជករ​ដែល​បាន​ផ្តល់​អំណោយ​ឲ្យ​រដ្ឋ​យ៉ាង​ហោច​ណាស់​១០០.០០០​ដុល្លារ។

លោក​ឧត្ដមសេនីយ៍​ត្រី អេង ហ៊ី បាន​និយាយ​ថា គេ​រំពឹង​ថា​ក្រុម​ការងារ​នេះ​នឹង​បញ្ចប់​ការ​វាស់វែង​ឈើ​ទាំងអស់​ដែល​ក្រុម​ខ្លួន​បាន​រក​ឃើញ​នៅ​ត្រឹម​ពេល​មុន​ចូល​ឆ្នាំ​ខ្មែរ​នា​ពាក់​កណ្តាល​ខែ​មេសា។

លោក​ឧត្ដមសេនីយ៍​ត្រី​បាន​និយាយ​ថា ក្រុមការងារ​ក៏​បាន​រក​ឃើញ​រថយន្ត​ឯកជន​២១៧​គ្រឿង ដែល​ខ្លួន​ជឿ​ថា កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ឈើ​កាប់​ខុស​ច្បាប់ ហើយ​នឹង​ចាប់​ផ្តើម​ឃាត់​ទុក​រថយន្ត​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​បាន​និយាយ​ថា សមត្ថកិច្ច​មិន​បាន​ឃើញ​យានយន្ត​ទាំង​នោះ​ដឹក​ឈើ​ដោយ​ផ្ទាល់​ភ្នែក​ទេ ប៉ុន្តែ​ជឿ​ជាក់​ថា​ពិត​ជា​មាន​បំណង​ខុស​ច្បាប់ ដោយ​លោក​លើក​ឡើង​ថា ការ​កែ​ច្នៃ​យាន​ទាំង​នោះ​មិន​អាច​ដឹក​អ្វី​បាន​ក្រៅតែ​ពី​ឈើ​ទេ។

ក្រុម​ការពារ​បរិស្ថាន​និយាយ​ថា រដ្ឋាភិបាល​ខ្លួន​ឯង​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ក្នុង​ការ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​ដ៏​រាលដាល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់ ឬ​ក៏​ការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈើ​ឯកជន។ ពួកគេ​និយាយ​ថា ការ​បង្ក្រាប​ក្នុង​ពេល​កន្លង​មក​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល បាន​ទទួល​លទ្ធផល​តិចតួច យ៉ាង​ម៉េច​ក៏​ដោយ គឺ​ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​ឈើ ហើយ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា យុទ្ធនាការ​ថ្មីៗ​បំផុត​នេះ​នឹង​មិន​នាំ​មក​នូវ​លទ្ធផល​ល្អ​ប្រសើរ​នោះ​ទេ៕ និត

 

Exit mobile version