The Cambodia Daily Khmer

លោក​​​​​​ ហ៊ុន សែន ប្ដេជ្ញាចាប់​ខ្លួន​​​មន្ត្រី​​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​រដ្ឋា​ភិបាល​​​​​​​​​ខូច​​​​​ឈ្មោះ ហើយ​រិះគន់​​​អ្នក​ដែល​រិះ​​គន់​​

កាល​ពី​ម្សិលមិញ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញាចាប់​ខ្លួន​មន្ត្រី​រាជការ​​ដែល​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ខូច​កេរ្តិ៍ឈ្មោះ ហើយ​បាន​រិះគន់​អ្នក​ធ្វើអត្ថាធិប្បាយ​នយោបាយ​​​​​ខ្លាំងៗ​​​​​​ដែល​​​​​​​រិះគន់​​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក។

​ក្នុង​ពិធី​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​មួយ​ដែល​មាន​កម្ពស់​១២​ជាន់​នៅ​​​​​ក្នុង​​​​​​​​​បរិវេណ​​​​​​​​​​​​​​សាលា​រាជធានីភ្នំពេញ លោក ហ៊ុន សែន ​មាន​​​​ប្រសាសន៍​ថា ​មន្ត្រី​​រដ្ឋ​មួយ​ចំនួន​តូច​​​មក​ពី​គណ​​​បក្ស​​​​​​​ផ្សេង​​​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ​​ដែល​​​លោក​​​​​​មិន​​​​​​បញ្ចេញ​​​ឈ្មោះ មាន​ចេតនា​​​បំភាន់មតិ​សាធារណជន​​​ឲ្យ​យល់​ខុស​ចំពោះ​ប្រសិទ្ធភាព​​​ធ្វើ​ការ​ងាររបស់​រដ្ឋាភិបាល។

លោក​​​​បាន​ថ្លែង​​​​​​​​ថា “មន្ត្រី​មួយចំនួន​តូច​ណា​​​​​​នោះ​មានចេតនារុញឲ្យខ្លោច រោច​ឲ្យ​ឆៅ។ ហើយតាមការស្រាវជ្រាវ​ខ្លះ គឺជា​មនុស្ស​របស់បក្ស​ផ្សេង គេចង់ធ្វើរឿងហ្នឹងដើម្បី​ឲ្យ​រដ្ឋបាល​របស់យើងខូចឈ្មោះ។ មានបក្ស​នយោ​​​​​​​បាយ​ខ្លះបានប្រើប្រាស់នូវមនុស្ស​ដែល​ខ្លួន​​​ចាត់​​តាំងនៅក្នុងរដ្ឋបាលសាធារណៈ ដើម្បី​បំផ្លាញ​​​​កេរ្តិ៍ឈ្មោះនៃ​មន្រ្តីរដ្ឋបាលសាធារណៈ​”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​មន្ត្រី​​​​​​ក្រោម​​​បង្គាប់​​​ អំឡុង​​​ពីធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​អគារ​​​រដ្ឋបាល​​​​​​ថ្មី​​​មួយ​​​​​​ដែល​​​មាន​​​កម្ពស់​​​១២​​​ជាន​​​់​​​​​​នៅក្នុង​​​បរិវេណ​​​សាលា​​​រាជធានីភ្នំពេញ​​​ កាល​​​ពីម្សិលមិញ។ រូបថតៈ សីុវ ចាន់​​​ណា/ឌឹ ខេមបូឌា ដេលី

លោក​បន្ត​​ថា មន្ត្រី​ “ល្អៗ​” ​ត្រូវ​ស៊ើប​អង្កេត​​​​មន្ត្រី​ដែល​លោក​ចោទ​ប្រកាន់​​​ថា​​​ឃុប​ឃិត​​ប្រឆាំង​រដ្ឋាភិបាល​។ ​“ខ្ញុំសូមស្នើ​ឲ្យ​មន្រ្តី​ដែល​​​​ល្អៗ​ចាប់ខ្លួនអាម​នុស្ស​ហ្នឹង​ដើម្បី​ផ្តន្ទា​ទោស ​​ហើយ​សង​ភាពស្អាតស្អំ​សម្រាប់​យើង​វិញ​”។

ការ​អត្ថាធិប្បាយ​​បែប​នេះ​​​​​​​​ធ្វើ​ឡើង​​​ស្រប​ពេល​​​អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​ចាត់​​​វិធាន​ការ​​គគ្រឹក​​​​​​​​​គគ្រេង​​​​​​ភ្លាមៗ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយកាល​ពី​សប្ដាហ៍​មុន​បាន​ចាប់​ខ្លួន​ប្រធាន​ការិយាល័យ​មួយ​រូប​នៅ​ក្រសួង​ការ​បរទេស​​​​​ទាក់​​​​​​ទិន​​​​​​ការ​​​គៃបន្លំ​​ ហើយ​នៅសប្ដាហ៍​នេះ​បាន​ឃាត់​ខ្លួន​​ឯកអគ្គរាជទូត​កម្ពុជា ​​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​​ដើម្បី​​សាកសួរ​ពាក់​ព័ន្ធ​អំពើ​ពុករលួយ​។

លោក​នាយក​រដ្ឋមន្ត្រី​​ក៏​​​​បាន​​​​​ឆ្លៀត​ឱកាស​នេះ​​ដើម្បី​​​រិះគន់​ខ្លាំងៗ​ទៅ​លើ​អ្នក​​ធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​មិន​បញ្ចេញ​ឈ្មោះដែល​​ធ្វើ​ឲ្យ​លោក​ខឹង​ចំពោះ​ការ​ឆ្លើយ​តប​​​មិនសូវ​សាទរ​របស់​​​​​​ពួកគេ​​​​​​ទៅ​​​នឹង​​​​ការ​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​គួរ​ឲ្យ​ភ្្ញាក់ផ្អើល​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​មុន និង​អនុម័ត​ដោយ​រដ្ឋ​​សភា​កាល​​​ពី​ថ្ងៃ​ច័ន្ទ។

លោក​​​ថ្លែង​ថា “​​​នៅ​​ស្រុក​​ខ្មែរ​​​ ឥឡូវ​ខ្ញុំ​​អត់​ប្រើ​ពាក្យ​​​ថា​​​​អ្ន​ក​​​វិភាគ​​​​ទៀត​ទេ មាន​​​អ្នក​​​​​​ខ្លះ​​​​​​​និយាយ​​​​ថា ‘ដោះដូរ ​ឬមិន​​​ដោះ​​ដូរ​​គឺ​​វា​​មិន​​សំខាន់​​ទេ ព្រោះ​​​ទី​​​បំផុត​​អំណាច​​​​​មក​​ប្រមូល​​​ផ្តុំ​​សម្រាប់​មនុស្ស​ម្នាក់’ គឺ​​សំដៅ​មក​​លើ​​ខ្ញុំ​”។

លោក​​​​​គូស​បញ្ជាក់​ថា អ្នក​ធ្វើ​អត្ថាធិប្បាយ​​ទាំង​នោះ​យល់​​​​ខុស​​ទាំង​ស្រុង​ ពីព្រោះ​ធាតុ​​ពិត​​​​លោក​បាន​ផ្ដល់​ឆន្ទានុសិទ្ធិ​ឲ្យ​​​​រដ្ឋមន្ត្រី​​ស្នើ​សុំ​ជ្រើសរើស​រដ្ឋលេខាធិការ​ និង​អនុរដ្ឋ​លេខា​ធិការ​ដោយ​ខ្លួន​ឯង​ ហើយ​ទីបំផុត​ការ​តែង​តាំង​ធ្លាក់​​លើ​នាយក​រដ្ឋមន្ត្រី​។

លោក​​​​​​​​បាន​​​​​​​​​​​​ថ្លែង​​​​​​​​​​​​​ទៅ​​​កាន់​​​​​​​រដ្ឋ​មន្ត្រី​​​ដែល​​ចូល​​​​រួម​​​ក្នុង​​ពិធី​នោះ​​ថា “​ផ្ទុយ​​ទៅ​​វិញ​​ ​អស់​លោក​​ខ្លះ​​បំពាន​សិទ្ធិ​​ខ្ញុំ​​ទៅ​ទៀត​។ ម៉េច​បាន​​ខ្ញុំ​​​​ថា​​​បំពាន​​សិទ្ធិ? ​តែ​​​ខ្ញុំ​​​សុ​ខចិត្ត​​ឱ្យ​បំពាន​​​​​​​ដើម្បី​​ខ្ញុំ​​ស្រូប​​​យក​​​នូវ​ធាតុ​​​ចូល​​។ ​រដ្ឋ​មន្ត្រី​​ខ្លះ​​បែរ​ជា​​លើក​សំណូម​​ពរ​​តែង​តាំង​ តែ​​ខ្ញុំ​ក៏​​នៅ​តែ​​គោរព​​​ដោយ​សារ​តែ​​ថា អស់​លោក​ជា​​​អ្នក​​ស្គាល់​​​មនុស្ស”។

លោក ហ៊ុន សែន បាន​រិះគន់​ខ្លាំងៗ​​ចំពោះ​​​​ការ​អនុវត្ត​ការ​ងារ​របស់​លោក សាំ ពិសិដ្ឋ ​ប្រធាន​​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជ​ធានី​ភ្នំពេញ ដែល​ហាក់​ដូច​ជា​ផ្ទុយ​​ស្រឡះ​ពី​​អ្វី​​ដែល​លោក​បាន​លើក​ឡើង​មុននេះ​ថា មាន​តែ​មន្ត្រី​មកពី​គណបក្ស​ផ្សេង​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​​សាធារណជន​គិត​មិន​ល្អ​​មក​លើ​រដ្ឋាភិបាល​។

លោក​​​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មាន​ការ​​​​ងឿង​​​​​​ឆ្ងល់​​មួយ​​ដែល​​សុំ​និយាយ​ជា​​​សាធា​រណៈ​​​​​​តែ​​​​ម្តង​ រឿ​​ង​គឺ​​ត្រង់​ថា ​អាផ្លូវ​​​ចេះ​តែ​ធ្វើ​វ៉ី តែ​ត្រង់​​​​ជួស​ជុល​វា​មិន​​សូវ​ជួស​​ជុល។ ​​តើ​ភ្នែក​មាន​​​​​បាន​​​មើល​​​​​​ទេ​អាផ្លូ​​វ​​នេះ? ពេល​​​​ខ្លះ​​ទាល់​តែ​​ខ្ញុំ​ហៅ​​​​​​​​​​ទូរ​ស័ព្ទ​​រកអភិបាល​​ក្រុង​ថា​ ណែ! ​អា​ផ្លូវ​​​​​​អា​​កន្លែង​នេះ​ ​វា​​​អញ្ចេះ​ វា​​អញ្ចុះ​​ ទាល់​​តែ​​ប្រាប់​។ ​​​កន្លែង​ខ្លះ​​ ថ្ងៃ​​​ហ្នឹង​វា​​​​​ខូច​ប៉ុន​​​ចាន​​ចង្កឹះ ស្អែក​វា​​ខូច​​ប៉ុន​​​ចានគោ​ម។ ឯណា សាំ ​ពិសិដ្ឋ?​​​ ​មាន​​​ភ្នែក​​​​​​​មើល​​ផ្លួវ​ទេ​វ៉ី? ហ្អះ! លោ​ក​ឯង​មាន​ភ្នែក​​​មើល​​​​​ផ្លូវ​​​​អត់? និយាយ​​ត្រង់ៗ​ជា​មួយ​​គ្នា​តា​ហ្មង។ តាំង​​ពី​​លោក​​ឯង​ឡើង​មក គឺ​​ផ្លូវ​​​​វា​យ៉ាប់”។

ទាក់​​​​​​ទិន​​​​​​បញ្ហា​​​នេះ លោក សាំ ពិសិដ្ឋ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​បង្កើត​​​គណៈកម្មការ​មួយ​​​​​​ដឹកនាំ​ដោយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​​ដើម្បី​ដក​ទីតាំង​មួយ​ចំនួន​​ដែល​​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ជាយូរ​មក​ហើយ​ចេញពី​​​បញ្ជី​សារពើពន្ធ​​ដី​រដ្ឋ​។

លោក​មាន​ប្រសាសន៍​​​ដោយ​​មិន​បញ្ចេញ​​ឈ្មោះ​​តំបន់​​ជាក់​លាក់​ណាមួយ​ថា “ពួក​គាត់​​រស់​នៅ​​​​​​ ៣០ ​ឆ្នាំ​ហើយ​ហ្នឹង​​ហ្អះ ហើយ​​​នៅ​តែ​​​ស្ថិត​​​ក្នុង​​​បញ្ជី​សារពើ​ពន្ធ​​​របស់​​រដ្ឋ​។ ​បន្ទាប់​ពី​​​ស្តាប់ហើយ​​​​ ហ៊ុន សែន សុំ​​​ប្រកាស​នៅ​​​​ថ្ងៃ​​​នេះ​ថា សុំ​​​តែ​មួយ​មុខ​​​ទេ គឺ​សុំ​​​​កុំ​​​តែ​​ទន្ទ្រាន​​ចូល​ ​​បើ​​ទន្ទ្រាន​​​ចូល​​​គឺ​អាហ្នឹង​​ដឹង​តែ​​រឿង​រ៉ាវ​​​ដល់​​​​តុលាការ​​ហើយ”។

ទាក់​​​ទិន​​​​​​បញ្ហា​​​នេះ លោក ឡុង​ ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​​បាន​មាន​ប្រសាសន៍​ថា ​​​ដោយ​​​​​​សារ​​​វា​​​​​​​​​​​​ឆាប់​​​​​​​​​រហ័ស​​​ពេក​​ លោក​មិន​អាច​និយាយ​បាន​ទេ​ថា ​​តើ​​​​មាន​​​​​​​​​ប៉ុន្មានទីតាំង​​​​ដែល​​រងប៉ះពាល់​ដោយសារ​​បទបញ្ជា​របស់​លោក​ ហ៊ុន សែន៕ សុខុម​

Exit mobile version