ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានការពារច្បាប់ស្តីពីទូរគមនាគមន៍ថ្មីដ៏ចម្រូងចម្រាស ក្រោយពីមានការវិភាគផ្នែកច្បាប់យ៉ាងមុតដោយអង្គការសិទ្ធិមនុស្ស លីកាដូ ដែលនិយាយថា ច្បាប់នេះគឺជាឧបករណ៍លាក់មុខដើម្បីបំបិទមាត់អ្នករិះគន់ ហើយក៏អាចដាក់ឲ្យទៅជាបទឧក្រិដ្ឋលើការបញ្ចេញមតិជាឯកជនដែរ។
ច្បាប់នេះនឹងអាចផ្តល់ឲ្យរដ្ឋាភិបាលនូវសិទ្ធិទទួលបានដោយសេរីចំពោះការប្រាស្រ័យទាក់ទងតាមទូរស័ព្ទនិងឌីជីថល និងអំណាចទូលំទូលាយក្នុងការដាក់ឲ្យជាឧក្រិដ្ឋកម្មលើការប្រាស្រ័យទាក់ទងតាមអេឡិកត្រូនិក ដែលខ្លួនចាត់ទុកថាបង្កឲ្យមាន ”អសន្តិសុខសង្គម”។
កាលពីសប្តាហ៍មុន អង្គការលីកាដូបញ្ចេញការវិភាគដែលទាត់ចោលសេចក្តីអះអាងរបស់រដ្ឋាភិបាលដែលថា ច្បាប់នេះគឺគ្រាន់តែមានបំណងធ្វើនិយតកម្មលើវិស័យទូរគមនាគមន៍។ ការវិភាគនេះនិយាយថា បទបញ្ញត្តិនឹងអនុញ្ញាតឲ្យអាជ្ញាធរត្រួតពិនិត្យតាមតែអំពើចិត្តលើការប្រាស្រ័យទាក់ទងជាឯកជន ហើយដាក់ទណ្ឌកម្មចំពោះអ្នកដែលមានសម្តីចាត់ទុកថាឧក្រិដ្ឋកម្ម។
ក្នុងលិខិតបំភ្លឺដែលចេញនៅថ្ងៃអង្គារ ក្រសួងបានបញ្ជាក់សាជាថ្មីថា បំណងរបស់ខ្លួនគឺចង់ធ្វើនិយតកម្មលើវិស័យទូរគមនាគមន៍ ហើយទំនងជាវាយបកទៅលើអង្គការលីកាដូ ទោះបីលិខិតនោះមិនបានបញ្ជាក់ឈ្មោះអង្គការក៏ដោយ។
សេចក្តីបំភ្លឺបាននិយាយថា “ក្រសួងមានការសោកស្តាយចំពោះការបកស្រាយផ្ទុយពីការពិតនូវអត្ថន័យនៃច្បាប់ស្តីពីទូរគមនាគមន៍ ដែលបានធ្វើឡើងដោយអង្គការមួយនោះ”។ សេចក្តីបំភ្លឺបាននិយាយបន្តថា ការវិភាគបានធ្វើឡើងដោយ “គ្មានបានធ្វើការពិភាក្សាស្វែងយល់អំពីច្បាប់ជាមុនជាមួយក្រសួង”។
សេចក្តីបំភ្លឺបាននិយាយថា”ក្រសួងសូមច្រានចោលទាំងស្រុងចំពោះការលើកឡើងថា ច្បាប់ស្តីពីទូរគមនាគមន៍បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងឯកជនភាពរបស់បុគ្គលគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
តំណាងអង្គការលីកាដូមិនអាចទាក់ទងសុំការបំភ្លឺកាលពីថ្ងៃអង្គារបានទេ។
ការវិភាគរបស់អង្គការលីកាដូទទួលស្គាល់នូវគោលបំណងរបស់ច្បាប់នេះ ប៉ុន្តែនិយាយថាច្បាប់នេះមិនមាន ”សេចក្តីយោងទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ ឬការពារ ដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ ឬក៏មិនសំដៅលើសិទ្ធិឯកជនភាពនៃការឆ្លើយឆ្លងតាមមធ្យោបាយនៃទូរគមនាគមន៍ដែលមានការការពារស្ថិតក្រោមរដ្ឋធម្មនុញ្ញនោះទេ”។
ការវិភាគនិយាយថា “វាទំនងជាបង្កើតអំណាចដើម្បីលួចស្តាប់ជាសម្ងាត់ដោយគ្មានគណនេយ្យភាពសាធារណៈ ឬការការពារដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គលគ្រប់រូប”។
ការវិភាគនិយាយថា “នេះមានន័យថា បុគ្គលណាដែលសន្ទនាតាមទូរស័ព្ទ បញ្ជូនសារអត្ថបទ អីុម៉េល ឬការប្រាស្រ័យទាក់ទងតាមរយៈបណ្តាញសារព័ត៌មានសង្គមអាចស្ថិតក្រោមការឃ្លាំមើលជាសម្ងាត់នៅពេលណាមួយដោយគ្មានការដឹងរបស់ពួកគេ”។
ការវិភាគសន្និដ្ឋានថា “សម្តីឯកជនណាមួយតាមរយៈទូរគមនាគមន៍មិនអាចចាត់ទុកថាឯកជនពិតប្រាកដតទៅទៀតបានទេ”៕