យោងតាមលោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយលេងកាលពីចុងសប្តាហ៍ថា នរណាដែលអាចរកឃើញភាគហ៊ុនរបស់លោកនៅក្រៅប្រទេស ដែលបញ្ចេញឲ្យដឹងនៅដើមខែនេះ ជាផ្នែកមួយនៃការលេចធ្លាយ “ឯកសារប៉ាណាម៉ា”នោះ អាចទុកប្រាក់នោះបាន។
លោក ខៀវ កាញារិទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីបរិភោគអាហារនៅយប់ថ្ងៃអាទិត្យជាមួយលោក អង្គ វង្សវឌ្ឍានា ថា “ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសថា ប្រសិនបើគាត់មានប្រាក់នៅក្នុងក្រុមហ៊ុនក្រៅប្រទេស នរណាដែលរកឃើញវា អាចយកវាទាំងអស់បាន។ប្រសិនបើគេមិនចង់បានវា គាត់នឹងឲ្យប្រាក់ទាំងអស់នោះទៅមន្ទីរពេទ្យគន្ធបុប្ផា”។
យោងតាមក្រុមអ្នកកាសែតសើុបអង្កេតអន្តរជាតិ (ICIJ) ដែលបានវិភាគឯកសារជាង១១លានដែលលេចធ្លាយពីក្រុមហ៊ុនច្បាប់ប៉ាណាម៉ា ឈ្មោះ Mossack Fonseca ឲ្យដឹងថា លោក វង្សវឌ្ឍានា បានទិញភាគហ៊ុនតម្លៃ៥.០០០ដុល្លារក្នុងក្រុមហ៊ុន RCD International Limited ដែលលែងមានរូបរាងទៅហើយ និងដែលស្ថិតនៅលើកោះ British Virgin ហើយជាអ្នកមានភាគហ៊ុនម្នាក់ក្នុងចំណោមអ្នកមានភាគហ៊ុនតែប្រាំនាក់ប៉ុណ្ណោះ។
ក្រុមហ៊ុន RCD កើតមាននៅចន្លោះឆ្នាំ២០០៧និងឆ្នាំ២០១០ ដែលជាពេលវាត្រូវបានលុបចេញពីការចុះបញ្ជីដែលមានមូលដ្ឋាននៅក្រុងហុងកុង ហើយគោលបំណងរបស់ក្រុមហ៊ុននេះនៅមិនទាន់ដឹងនៅឡើយ។
នៅពេលដែលភាគហ៊ុននៅក្នុងក្រុមហ៊ុនក្រៅប្រទេសអាចត្រូវគេប្រើសម្រាប់គោលបំណងស្របច្បាប់ លោក វង្សវឌ្ឍានា បដិសេធដាច់អហង្ការថាមិនបានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន RCD នេះទេ ដោយលោកបានប្រាប់គេហទំព័រព័ត៌មានក្នុងស្រុកថ្មីៗថា លោកនឹងប្តឹង ICIJ ប្រសិនបើមិនមាន ”ភ័ស្តុតាងបញ្ជាក់” ទាក់ទិននឹងការអះអាងរបស់ខ្លួនទេនោះ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលបាននិយាយនៅពេលកន្លងមកថា ករណីនេះគួរត្រូវស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានផែនការបញ្ជូនសំណើមួយទៅលោក ហេង សំរិន ប្រធានរដ្ឋសភានៅចុងខែនេះ ដើម្បីកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឲ្យចូលឆ្លើយបំភ្លឺនៅចំពោះមុខសភា។
ដោយយោងដល់ការបញ្ចេញឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ ខេមរ៉ុន ទទួលបានប្រយោជន៍ហិរញ្ញវត្ថុពីក្រុមហ៊ុនរបស់ឪពុកលោកមានមូលដ្ឋាននៅប៉ាណាម៉ានោះ លោកនិយាយថា ”រដ្ឋាភិបាលផ្សេងទៀតនៅជុំវិញពិភពលោក មានទាំងនាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ ត្រូវប្រឈមនឹងរឿងនេះនៅពេលសាកសួរដេញដោល ហេតុអ្វីមិនសាកសួរ លោក អង្គ វង្សវឌ្ឍានា ផងដែរទៅ”។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយកាលពីម្សិលមិញថា លោកមិនបានដឹងអំពីផែនការកោះហៅលោក អង្គ វង្សវឌ្ឍានា មកសាកសួរទេ ប៉ុន្តែលោកជឿថាមេរបស់លោកគ្មានកំហុសទេ។“ខ្ញុំជឿគាត់ ថាគាត់មិនមានប្រាក់នៅក្នុងក្រុមហ៊ុនទេ”៕ និត (រាយការណ៍បន្ថែមដោយ Colin Meyn)