ពាក្យបណ្ដឹងបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចប្រឆាំងនឹងអ្នកវិភាគនយោបាយដ៏លេចធ្លោគឺលោក អ៊ូ វីរៈ បានដំណើរការនៅថ្ងៃសុក្រ ក្នុងពេលដែលតុលាការក្រុងភ្នំពេញសាកសួរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស។
គណបក្សប្រជាជនកម្ពុជាបានប្ដឹងលោក វីរៈ ពីបទបរិហារកេរ្តិ៍កាលពីចុងខែមុនទាក់ទងនឹងកិច្ចសម្ភាសមួយដែលលោកធ្វើជាមួយវិទ្យុអាស៊ីសេរី ក្នុងពេលនោះលោកផ្ដល់យោបល់ថា គណបក្សកំពុងកាន់អំណាច គឺកំពុងប្រើប្រាស់រឿងអាស្រូវផ្លូវភេទ ដែលទាក់ទងនឹងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដើម្បីធ្វើឲ្យខូចបក្សប្រឆាំង។
អ្នកនាំពាក្យអយ្យការតុលាការលោក លី សុផាន់ណា បានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រ លោក ឥសាន ដែលបានចុះហត្ថលេខាលើពាក្យបណ្ដឹងតាងនាមឲ្យគណបក្សត្រូវបានសាកសួរនៅឯតុលាការក្រុងភ្នំពេញ មុននឹងការចូលបំភ្លឺរបស់អ្នកវិភាគរូបនេះនៅសប្ដាហ៍ក្រោយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្រៅតុលាការ លោក ឥសាន បានរិះគន់ការយល់ដឹងអំពីការបញ្ចេញមតិដោយសេរីរបស់លោក វីរៈ។
លោក ឥសាន បានមានប្រសាសន៍ថា “ទាក់ទងនឹងលោក អ៊ូ វីរៈ និយាយជាមួយវិទ្យុអាស៊ីសេរី វាមិនមែនជាសិទ្ធិបញ្ចេញមតិទេ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបាននិយាយថា “នេះគឺចេតនារបស់គាត់ ហើយគាត់ជាបញ្ញវន្ត គាត់មិនយល់អ្វីទៅជាសិទ្ធិបញ្ចេញមតិ ឬអ្វីទៅជាការបរិហារកេរ្តិ៍យ៉ាងម៉េច? អ្វីដែលគាត់និយាយគឺជាការបរិហារកេរ្តិ៍ដល់គណបក្សប្រជាជនកម្ពុជា”។ លោក ឥសាន បាននិយាយថា “សំណូមពរដល់តុលាការរកយុត្តិធម៌ឲ្យគណបក្សប្រជាជនកម្ពុជា ពីព្រោះលោក អ៊ូ វីរៈ បានបរិហារកេរ្តិ៍ដែលបានប៉ះពាល់ដល់កិត្តិយស និងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា”។
ទាក់ទងតាមទូរស័ព្ទ លោក វីរៈ បានមានប្រសាសន៍ថា គឺលោក ឥសាន ទេដែលមិនយល់ពីការបញ្ចេញមតិដោយសេរី។
លោក វីរៈ បាននិយាយថា “ខ្ញុំគិតថា ពិភពលោកយល់អំពីសេរីភាពនៃការបញ្ចេញមតិ ហើយខ្ញុំគិតថា អ្នកដទៃទៀតដែលតស៊ូមតិដើម្បីសេរីភាពនៃការបញ្ចេញមតិប្រហែលជាយល់ស្របដូចខ្ញុំ និងនិយមន័យរបស់ខ្ញុំ ច្រើនជាងការបកស្រាយរបស់គាត់”។ លោក វីរៈ បាននិយាយបន្ថែមថា ការយល់ឃើញជាសាធារណៈចំពោះកិត្តិយសគណបក្សប្រជាជន គឺមិនពាក់ព័ន្ធនឹងខ្ញុំទេ”។
លោក វីរៈ បាននិយាយថា “តាមត្រង់ទៅ គ្មានពាក់ព័ន្ធនឹងខ្ញុំទេ។ កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវវិនិច្ឆ័យដោយពលរដ្ឋកម្ពុជា”។ អ្នកវិភាគរូបនេះបាននិយាយថា “អ្នកមិនអាចបង្ខំរឿងនោះទៅលើពលរដ្ឋ ឬទៅលើអ្នករិះគន់ ទៅលើអ្នកវិភាគបានទេ។ ជាអ្នកនយោបាយ អ្នកត្រូវស្វែងរកការគោរព និងកិត្តិយស”។
ការចូលបំភ្លឺនៅតុលាការរបស់លោក ឥសាន ធ្វើឡើងប៉ុន្មានថ្ងៃបុ៉ណ្ណោះ បន្ទាប់ពីលោក សុខា ត្រូវបានកោះហៅនៅក្នុងបណ្ដឹងបរិហារកេរ្តិ៍ដាច់ដោយឡែកមួយ ដែលប្ដឹងរូបលោកដោយសកម្មជននយោបាយ គឺ ធី សុវណ្ណថា ទាក់ទងនឹងសម្ដីសាសងបន្តុះបង្អាប់ដែលតាមការចោទប្រកាន់លោកបាននិយាយអំពីនាងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាលក្ខណៈឯកជនជាមួយស្រីកំណាន់។
មេឃុំគណបក្សប្រឆាំងមួយរូប មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប និងបុគ្គលិកសមាគមសិទ្ធិមនុស្សអាដហុកបួនរូប ត្រូវបានចាប់ដាក់ពន្ធនាគារពីបទសូកប៉ាន់ ជាផ្នែកនៃការស៊ើបអង្កេតដែលកាន់តែពង្រីករបស់រដ្ឋាភិបាលទៅលើរឿងអាស្រូវផ្លូវភេទ៕ រើន