The Cambodia Daily Khmer

ក្រោយពី​​​ការ​​​ដោះ​​​លែង មន្ត្រី​​​ក្រសួង​​​ទេសចរណ៍​​​ត្រូវ​​​កោះ​​​ហៅ​​​ទាក់​​​នឹង​​​​​​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍

មន្ត្រីក្រសួងទេសចរណ៍ជាន់ខ្ពស់មួយរូបត្រូវបានតុលាការខេត្តកណ្តាលកោះហៅសាកសួរទាក់ទងនឹងការពាក់ព័ន្ធរបស់លោកក្នុងគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ក្នុងខែមេសា ដែលនគរបាលបានប៉ុនប៉ងបន្ទោសទៅលើឡានធំអាថ៌កំបាំងដែលសាក្សីនិយាយថា វាមិនមានទេ។

លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអតីតអភិបាលរងក្រុងភ្នំពេញត្រូវបាននគរបាលចាប់ខ្លួនក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី១២ ខែមេសា បន្ទាប់ពីរថយន្តតូយូតា ឡង់គ្រីស័ររបស់លោកវេរចង្កូតចូលទៅក្នុងគន្លងផ្លូវគេនៅលើផ្លូវជាតិលេខមួយ ហើយក៏បុកម៉ូតូមួយបើកដោយ មិត្ត សុធា វ័យ៣៨ឆ្នាំ និងប្រពន្ធគាត់ឈ្មោះ ឃន យ៉េត វ័យ៣២ឆ្នាំ។

មិត្ត សុធា បានស្លាប់នៅកន្លែងកើតហេតុ ចំណែកឯប្រពន្ធគាត់បានស្លាប់ដោយសាររបួសនៅឯមន្ទីរពេទ្យកាល់ម៉ែតក្នុងក្រុងភ្នំពេញរយៈពេលពីរសប្តាហ៍ក្រោយមក។

ទោះជាយ៉ាងនេះក្តី អ្នកស៊ើបអង្កេតនគរបាលបាននិយាយថា សាក្សីបានឃើញមានឡានធំមួយបើកទង្គិចចំហៀងខាងឆ្វេងនៃរថយន្តស៊ូវរបស់លោក សុមេធ ដោយបណ្តាលឲ្យលោកមិនអាចទប់ចង្កូតបាន ហើយក៏ជ្រុលទៅបុកប្តីប្រពន្ធនោះ។ គេបានដោះលែងលោក សុមេធ នៅថ្ងៃបន្ទាប់មកតាមបទបញ្ជារបស់ព្រះរាជអាជ្ញាតុលាការខត្តកណ្តាលគឺ លោក លឹម សុគន្ថា ដែលសំអាងលើរបាយការណ៍នគរបាលនិងបំណងផ្ទាល់របស់មន្ត្រីក្រសួងទេសចរណ៍រូបនេះ ជាហតុផលឲ្យមានការដោះលែង។

លោក សុគន្ថា បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះ ព្រោះគាត់ស្នើសុំ”។

សាក្សីជាច្រើននាក់ដែលកាសែត ខេមបូឌា ដេលី បានសម្ភាសនិយាយថា មិនមានឡានធំទេ ហើយថា ការបុកនោះគឺជាប់ទាក់ទងតែរថយន្តរបស់មន្ត្រីរូបនោះនិងម៉ូតូរបស់ប្តីប្រពន្ធនោះប៉ុណ្ណោះ។ លោក តាត សាំង ម្ចាស់ហាងជួសជុលម៉ូតូមានចម្ងាយពីរបីម៉ែត្រពីកន្លែងបុកគ្នា គឺត្រូវបាននគរបាលបង្ហាញឈ្មោះថាជាសាក្សីមួយរូបដែលបានឃើញឡានធំបុករថយន្តលោក សុមេធ ប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានថា គាត់មិនបានឃើញគ្រោះថ្នាក់ចរាចរណ៍នោះដោយផ្ទាល់ភ្នែកទេ ហើយគ្រាន់តែបានឮការបុកគ្នាមួយក្ឌាំងប៉ុណ្ណោះ។

កាលពីថ្ងៃសុក្រ លោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងបាននិយាយថា លោកបានកោះហៅលោក សុមេធ លោក សាំង និងក្មួយប្រុសលោក មិត្ត សុធាគឺលោក សារុំ សុខា ដើម្បីសាកសួរនៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែបដិសេធមិននិយាយថា លោកនឹងសាកសួររឿងអ្វីទេ។

លោកបាននិយាយថា “ខ្ញុំមិនចង់និយាយអំពីករណីនេះទេ”។

ទាំងលោក សុមេធ ទាំងលោក នាង សុភក្ត្រា ជំនួយការរបស់លោក មិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។  លោក សុគន្ថា ព្រះរាជអាជ្ញាដែលបញ្ជាឲ្យដោះលែងលោក សុមេធ គឺមិនអាចទាក់ទងបានទេ។

លោក សាំង បាននិយាយថា លោកមិនបានទទួលដីកាកោះទេ។ លោក សាំង បាននិយាយថា “បើខ្ញុំទំនេរ ខ្ញុំនឹងទៅឆ្លើយ តែបើខ្ញុំរវល់ ខ្ញុំមិនទៅទេ”។

លោកបាននិយាយបន្ថែមថា “ខ្ញុំបានប្រាប់ប៉ូលិសរួចហើយថា ខ្ញុំមិនបានឃើញឡានធំបុកឡានគាត់[លោក  សាមេធ]ទេ”។

លោក សុខា ដែលគ្រួសាររបស់គាត់បានដកពាក្យបណ្តឹងមិនប្តឹងលោក សុមេធ បន្ទាប់ពីមន្ត្រីរូបនេះបានសងសំណងដល់ពួកគេ ៥.៥០០ដុល្លារបាននិយាយថា គាត់បានទទួលដីកាកោះ ហើយនឹងចូលបំភ្លឺ។

លោកបាននិយាយថា “ករណីនេះស្រេចលើតុលាការចុះ ព្រោះយើងបានទទួលសំណង ហើយក៏បានសន្យាមិនប្តឹងគាត់ដែរ”៕

Exit mobile version