The Cambodia Daily Khmer

រហូត​មកដល់ពេល​នេះ​សំយាបរបស់​​​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ទីស្នាក់ការរបស់ខ្លួន​​​​ដដែល​

អាជ្ញាធរបានដកការគំរាមកំហែងរបស់ខ្លួនឱ្យរុះសំយាបដែលសង់ជាប់នឹងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដោយជំនួសវិញសុំឱ្យគណបក្សសង្គ្រោះជាតិដាក់សំណើសុំសាងសង់ ដែលនឹងត្រូវពិនិត្យដោយក្រុមមន្ត្រីខណ្ឌមានជ័យ។

កាលពីថ្ងៃទី១៤ ខែមិថុនា លោក ប៉ិច កែវមុនី អភិបាលខណ្ឌបានសរសេរលិខិតមួយច្បាប់ផ្ញើជូនគណបក្សសង្គ្រោះជាតិតម្រូវឲ្យរុះរើសំយាបសង្ក័សីពណ៌ខៀវចេញក្នុងរយៈពេលមួយសប្ដាហ៍ ព្រោះវាបានហៀរលើចិញ្ចើមផ្លូវសាធារណៈ។ ការពិត សំយាបនេះស្ថិតនៅក្នុងដីរបស់គណបក្សទេ។

ក្រុមអ្នកគាំទ្របាននៅកំដររង់ចាំខាងក្រៅទីស្នាក់ការគណបក្សដើម្បីការពារលោក កឹម សុខា អនុប្រធានគណបក្សដែលបានសម្ងំលាក់ខ្លួននៅខាងក្នុងចាប់តាំងពីនគរបាលបានប៉ុនប៉ងចាប់ខ្លួនរូបលោកកាលពីថ្ងៃទី២៦ ខែឧសភាមក។

លោក ម៉ា សុភាព អភិបាលរងខណ្ឌបានមានប្រសាសន៍ថា អាជ្ញាធរបានជួបជាមួយលោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីរសៀលម្សិលមិញ ហើយបានយល់ព្រមអនុញ្ញាតឲ្យទុកសំយាបនោះនៅដដែល ដោយលោក ហូរ វ៉ាន់ សន្យាថានឹងដាក់សំណើសុំសាងសង់ ដើម្បីធ្វើឱ្យប្រាកដថា វាមានសុវត្ថិភាព។

លោក ម៉ា សុភាព បានមានប្រសាសន៍ថា “យើងចង់ឲ្យពួកគាត់អនុវត្តតាមច្បាប់ ព្រោះបើសំយាបនេះធ្លាក់ត្រូវមនុស្សរងរបួស នោះគេនឹងបន្ទោសយើងថាមិនបានពិនិត្យមើលមុនឲ្យសាងសង់”។

លោកបានថ្លែងថា “ក្រុមអ្នកជំនាញ” នឹងចុះមកមើលទីស្នាក់ការគណបក្សនៅពេលលោក ហូរ វ៉ាន់ បានដាក់សំណើ។ ក្រុមមន្ត្រីគណបក្សប្រឆាំងបានបង្វែរសំណួរទៅលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សដែលមិនអាចទាក់ទងបាន។

គណបក្សសង្គ្រោះជាតិក៏បាននិងកំពុងប្រមូលឯកសារផ្ដិតមេដៃគាំទ្រដល់ញត្តិទី២ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវឲ្យព្រះអង្គបញ្ចប់ការគាបសង្កត់ពីសំណាក់រដ្ឋាភិបាលមកលើគណបក្សប្រឆាំងផងដែរ។ ញត្តិដំបូងរបស់គណបក្សសង្គ្រោះជាតិដែលមានស្នាមមេដៃចំនួន១៧០.០០០ កំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាលដើម្បីស្វែងរកការបោកប្រាស់ ហើយគណបក្សមិនបានលើកឡើងថា តើគណបក្សនឹងដាក់ញត្តិទី២នៅពេលណានោះឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការស៊ើបអង្កេតលើញត្តិដែលលោកលើកឡើងថា មានស្នាមមេដៃជាន់គ្នាច្រើន រួមទាំងមេដៃមួយដែលផ្ដិត៨៦ដងនោះ នឹងត្រូវបញ្ចប់នៅចុងខែនេះ។

លោកបានមានប្រសាសន៍ថា “នៅថ្ងៃទី៣០ ខែមិថុនា ក្រសួងមហាផ្ទៃនឹងប្រមូលស្នាមមេដៃទាំងអស់ដែលមានភាពមិនប្រក្រតីបញ្ជូនទៅរដ្ឋាភិបាលដើម្បីធ្វើការពិចារណា ហើយនគរបាលនឹងចាត់វិធានការ ឬកោះហៅប្រជាពលរដ្ឋមកសាកសួរ”៕ សារុន

Exit mobile version