The Cambodia Daily Khmer

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន សម្រេច​​​ នៅ​​​ពេល ‘នីតិរដ្ឋ’ អនុវត្ត​​​

ចាប់ខ្លួនសកម្មជន។ ផ្តន្ទាទោសពួកគេឲ្យ ជាប់ពន្ធនាគារក្នុងរយៈពេលយូរជាងទោសដែលសម្រេចដាក់លើឃាតករ ជនចាប់រំលោភ ឬអ្នកជួញដូរគ្រឿងញៀន។ បន្ទាប់មកបានធ្វើឲ្យពួកគេចុះខ្សោយតាមរយៈការឃុំឃាំងខណៈមានការស្វះស្វែងរកការសម្រុះសម្រួលពីគណបក្សប្រឆាំង។

ការគំរាមកំហែងដោយបើកចំហពីសំណាក់តុលាការពុករលួយ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងអ្នករិះគន់រដ្ឋាភិបាល ធ្វើឲ្យអ្នករិះគន់ដែលមិនសូវលុះមិនហ៊ាននិយាយស្តីអ្វីឡើយ។ ពេលណាមានការអំពាវនាវឲ្យដោះលែងអ្នកទោស តែងតែបដិសេធយ៉ាងដាច់អហង្ការថាគ្មានការគ្រប់គ្រងលើតុលាការទេ ហើយលើកឡើងពី “នីតិរដ្ឋ” ។

ការប្រើប្រាស់សារពីរបែបនេះ ដែលបំភ័យគូប្រជែងនយោបាយដោយការចាប់ដាក់ពន្ធនាគារ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញបើមានការដោះលែងនោះ ធ្លាប់បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់គណបក្សប្រជាជនកម្ពុជានាឆ្នាំកន្លងៗមក ដោយជារឿយៗបានធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ។

ប៉ុន្តែ សារមិនសីុគ្នាទាំងពីរនេះកម្របង្ហាញឲ្យឃើញជាក់លាក់ណាស់ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើពាក្យគំរាមចាប់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារអស់មួយជីវិត និងបដិសេធថា គ្មានឥទ្ធិពលណាមួយក្នុងសំណុំរឿងនេះនោះ។

លោក កឹម សុខា បានសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលប្រដាប់អាវុធព្យាយាមចាប់ខ្លួនលោកនៅទីនោះកាលពីថ្ងៃទី២៦ខែឧសភាមកម្លេ៉ះ ជាផ្នែកនៃការតាមដានសើុបអង្កេតរាប់ខែរបស់រដ្ឋាភិបាលលើរឿងស្នេហាលួចលាក់របស់លោក។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អាម្សៀនេះកំពុងតែភ័យ មិនទាំងហ៊ានចុះមកក្រោមខ្លាចគេទៅចាប់ទៀត ហើយមកថា លោក ហ៊ុន សែន ភ័យ។ ខ្ញុំសុំផ្តាំទៅលោកឯង ជាប់គុកចេញអត់រួចទេ អញប្រាប់ឲ្យហើយ អាគុក! កុំព្រហើនហ្អាស”។

បន្ទាប់មកលោក ហ៊ុន សែន បានព្រមានអ្នកទាំងឡាយណាដែលគិតថា លោកកំពុងតែធ្វើទុកបុកម្នេញគូប្រឆាំងដ៏សំខាន់របស់លោកនៅក្នុងប្រទេស។

ដោយលើកឡើងពីសហភាពអឺរ៉ុបចំពោះសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗដែលប្រើពាក្យធ្ងន់ៗថា សំណុំរឿងប្រឆាំងលោក កឹម សុខា គឺជាការវាយប្រហារផ្នែកនយោបាយលើគណបក្សប្រឆាំងនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “អឺរ៉ុបតែងតែទទួលព័ត៌មានអត់ច្បាស់”។

លោកបានបន្ថែមថា “សូមអ្នកការទូតទាំងឡាយ ហើយប្រជាពលរដ្ឋ ខ្ញុំបញ្ជាក់ម្តងទៀតកុំប្រើរឿងបុគ្គលទៅជារឿងនយោបាយរវាងគណបក្ស និងគណបក្ស”។

លោក ហ៊ុន សែន ក៏បានលើកឡើងកាលពីខែមុនផងដែរថា មិនអាចមានការពិភាក្សា ណាមួយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអំពីស្ថានការណ៍ដ៏លំបាករបស់លោក កឹម សុខា  ឡើយ “ព្រោះប្រសិនបើមានការចរចា វានឹងមានឥទ្ធិពលលើដំណើរការរបស់តុលាការ” ទាំងនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា និងសំណុំរឿងរបស់ឥស្សរជនគណបក្សប្រឆាំងដែលជាប់ពន្ធនាគារផ្សេងៗទៀត។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា ចំនួននៃអ្នករិះគន់គណបក្សប្រជាជនកម្ពុជាដែលជាប់ពន្ធនាគារ ក្នុងនោះមានជាង២០នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីឆ្នាំមុន និង មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤នាក់ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មួយរូបផងនោះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ពីឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាតែងតែលើកឡើងថា តុលាការ ឯករាជ្យ ប៉ុន្តែ ប្រទេសទាំងមូល និងពិភពលោកទាំងមូលសុទ្ធតែដឹងថា វាស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច”។

លោកបានបន្ថែមថា “សមាជិកព្រឹទ្ធសភា និងសមាជិកសភា ព្រមទាំងសកម្មជនផងសុទ្ធតែជាប់ពន្ធនាគារ ក៏ដូចជាមន្ត្រីសិទ្ធិមនុស្សតំណាងអង្គការមិនមែនរដ្ឋាភិបាល និងអគ្គលេខាធិការរង គ.ជ.ប. ផងដែរ។ នេះគឺជាការបង្ក្រាបលើសកម្មជនប្រជាធិបតេយ្យ។ វាជារឿងនយោបាយ”។

តាមពិត បេសកកម្មរបស់សហភាពអឺរ៉ុបក្នុងរាជធានីភ្នំពេញ គួរតែត្រូវបានអត់ឱនឲ្យចំពោះការជឿថាគណបក្សប្រជាជនកម្ពុជាជាអ្នករៀបចំសំណុំរឿងនេះប្រឆាំងសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារទាំងនោះ ដោយហេតុថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់បានប្រាប់ពួកគេនូវការពិតកាលពីពីរខែមុននេះ។

ពេលថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះសហភាពអឺរ៉ុប-កម្ពុជាលើកទី៩នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែឧសភា លោក អ៊ូច ប៉ូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានប្រាប់មន្ត្រីការទូតសហភាពអឺរ៉ុបថា គណបក្សប្រជាជនកម្ពុជា”គ្មានជម្រើស”ក្រៅពីចាប់ខ្លួនអ្នករិះគន់ខ្លួននោះឡើយ។

លោកបានមានប្រសាសន៍មុនពេលរិះគន់គណបក្សសង្គ្រោះជាតិថា មានចារិតបង្កជម្លោះ និងគ្មានក្រមសីលធម៌ ព្រមទាំងញុះញង់ឲ្យមានការប្រឆាំងគណបក្សប្រជាជនកម្ពុជានោះថា “ប្រវត្តិតែមួយគត់របស់យើងគឺធ្វើឲ្យ ‘មានសន្តិភាពនិងស្ថិរភាព’ ជាតម្លៃស្នូលដែលត្រូវតែរក្សាការពារទោះបីជាមានអ្វីកើតឡើងក៏ដោយ” នេះបើយោងតាមការលើកឡើងនៅក្នុងសុន្ទរកថារបស់លោក។

លោកបានមានប្រសាសន៍បន្ថែមថា “វាគួរឲ្យសោកស្តាយខ្លាំងណាស់ដែលគណបក្សសង្គ្រោះជាតិរំលោភបំពានឥតឈប់ឈរលើ ‘វប្បធម៌សន្ទនា’ ជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់ដំណោះស្រាយផ្លូវច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជានោះឡើយ”។

ឥទ្ធិពលយ៉ាងច្បាស់ក្រឡែតរបស់គណបក្សប្រជាជនកម្ពុជាលើតុលាការក៏បានបង្ហាញឲ្យឃើញផងដែរកាលពីខែកក្កដា ឆ្នាំ២០១៤ ពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៧រូបត្រូវបានដោះលែងពីពន្ធនាគារភ្លាមៗត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះកិច្ចព្រមព្រៀងជាមួយលោក ហ៊ុន សែន បញ្ចប់ការធ្វើពហិការមិនចូលសភាជិតមួយឆ្នាំ។

លោក កែម ឡី ប្រធានក្រុមតស៊ូមតិនយោបាយមូលដ្ឋាន “ខ្មែរដើម្បីខ្មែរ” បានលើកឡើងថា វាច្បាស់ណាស់ថា លោក ហ៊ុន សែន រីករាយក្នុងការឲ្យប្រជាពលរដ្ឋយល់ថា លោកបានបង្គាប់ឲ្យតុលាការចាប់ខ្លួនអ្នកប្រឆាំងនឹងរូបលោក សូម្បីតែខណៈពេលលោកលើកឡើងថា លោកគ្មានអំណាចបែបនេះក៏ដោយ។

លោកបានមានប្រសាសន៍ទាក់ទិននឹងឱកាសដែលប្រជាពលរដ្ឋអាចឃើញពីឥទ្ធិពលរបស់លោក ហ៊ុន សែន នៅពីក្រោយការចាប់ខ្លួនថា “គាត់មិនខ្វល់អំពីបញ្ហានេះទេ។ ពលរដ្ឋគ្រប់រូបសុទ្ធតែដឹង សូម្បីតែកូនក្មេងក៏ដឹងដែរថា អ្វីៗគឺសុទ្ធតែស្ថិតក្នុងដៃបុរសខ្លាំងបែបនេះ”។

លោកបានបន្ថែមថា “គឺលោកនាយករដ្ឋមន្ត្រីដែលផ្តល់ភ័ស្តុតាងបង្ហាញថារដ្ឋាភិបាលជ្រៀតជ្រែកក្នុងតុលាការ។ ពាក្យសម្តីរបស់គាត់មុនការវិនិច្ឆ័យ មុនការចាប់ខ្លួន និងមុនការបើកសវនាការ ឬក៏ការគំរាមបញ្ជូននរណាម្នាក់ទៅពន្ធនាគារអស់មួយជីវិតនេះទាំងនេះគឺជាភ័ស្តុតាងជាក់ស្តែងបង្ហាញពីការជ្រៀតជ្រែក”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីដែលជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលដែលខិតខំផ្សព្វផ្សាយបំផុតរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ “នីតិរដ្ឋ” បានលើកឡើងថា វាគ្មានអីដែលថា មិនស៊ីគ្នាទេ ចំពោះការដែលលោក ហ៊ុនសែន គំរាមចាប់លោក កឹម សុខា ដាក់ពន្ធនាគារអស់មួយជីវិត ហើយអះអាងថាគ្មានឥទ្ធិពលលើសំណុំរឿងរបស់អនុប្រធានគណបក្សសង្គ្រោះរូបនេះនោះ។

លោកបានមានប្រសាសន៍ថា “គណបក្សប្រឆាំងលម្អៀង ហើយតែងតែស្វែងរកបញ្ហា បែបនេះ”។ លោកបានបន្ថែមថា វាគ្មានអ្វីខុសទេដែលលោកនាយករដ្ឋមន្ត្រីជម្រាបលោក កឹម សុខា អំពីផលលំបាកដោយសារទង្វើល្មើសរបស់លោកនោះ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនមកបង្ហាញខ្លួនក្នុងតុលាការ ឬគោរពតុលាការទេនោះ ពួកគេនឹងជាប់គុកអស់មួយជីវិត។ ប៉ុន្តែ ចៅក្រមមានឆន្ទានុសិទ្ធិ  ហើយមិនមែនដោយសារនាយករដ្ឋមន្ត្រីនិយាយបែបហ្នឹងនោះទេ”។

លោកបានបន្ថែមថា “ចៅក្រមរូបណា ដែលរំលោភបំពានច្បាប់ក្រោមសម្ពាធពីនរណាម្នាក់ ពួកគេក៏នឹងមានបញ្ហាដែរ”៕ ស៊ុយឈាង

Exit mobile version