The Cambodia Daily Khmer

ពលរដ្ឋខ្មែរ​ពីរ​រូប​​​​ប្រជែង​គ្នា​​ដណ្ដើម​អាសនៈ​សភា​​សហរដ្ឋអាមេរិក​

រយៈពេលពីរឆ្នាំបន្ទាប់ពីបេក្ខជនមានឈាមជ័រជាខ្មែរទី១ បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក រួចមក អាសនៈនេះ (តំណាងរាស្ត្រប្រចាំស្រុកទី១៨នៃរដ្ឋម៉ាសាជូសេត) ត្រូវបានដាក់ឲ្យប្រជែងដណ្តើមយក ជាថ្មីម្ដងទៀត។

លើកនេះ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត លោក ម៉ម រ៉ាឌី តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ  និងលោក ខៃ ខេមរា គូប្រជែងមកពីគណបក្សសាធារណរដ្ឋដែលសុទ្ធតែស្ថិតក្នុងអាណត្តិដូចគ្នា សុទ្ធតែមានដើមកំណើតជាខ្មែរ ហើយពួកលោកទាំងពីរគឺជាជនភៀសខ្លួននៃរបបខ្មែរក្រហម។

ចាប់តាំងពីការបោះឆ្នោតល្បងរបស់បក្សត្រូវបានរៀបចំឡើងកាលពីខែកញ្ញាមក បេក្ខ ជនទាំងពីរបានធ្វើយុទ្ធនាការប្រឆាំងគ្នាក្នុងទីក្រុងឡូវែល (Lowell) នៅ East Coast រដ្ឋម៉ាសាជូសេត ចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងបូស្តុន និងជាកន្លែងដែលមានពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិក រស់នៅជិត៤០.០០០នាក់។

លោក ម៉ម រ៉ាឌី បានផ្តួលបេក្ខជនខ្មែរ មួយរូបទៀតគឺលោក ចេត គីម នៅក្នុងការបោះឆ្នោតល្បងរបស់គណបក្សប្រជាធិបតេយ្យ ចំណែកឯលោក ខៃ ខេមរា បានឈរឈ្មោះដោយគ្មានគូប្រកួតប្រជែង។ ចាប់តាំងពីពេលនោះមក លោក ខៃ ខេមរា បានខំប្រឹងយ៉ាងខ្លាំងដើម្បីដណ្ដើមយកអាសនៈនេះ។

អ្នកឯកទេសជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យាវ័យ៤៤ឆ្នាំរូបនេះមានដើមកំណើរនៅខេត្តបាត់ដំបង ហើយបានទៅដល់សហរដ្ឋអាមេរិក នៅអាយុ៨ឆ្នាំ ចំណែកឯគូប្រជែងវ័យ៤៦ឆ្នាំមកពីគណបក្សប្រជាធិបតេយ្យ  កើតនៅប៉ៃលិន ជាកូនប្រុសរបស់អ្នកជីកត្បូង និងប្រធានភូមិ។

លោក ម៉ម រ៉ាឌី គឺជាអ្នកចាក់ម្ជុលវិទ្យាសាស្ត្រ និងជាអតីតព្រះសង្ឃដែលបានទៅដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨២ ហើយបានក្លាយជាពលរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩០។

នៅក្នុងទីក្រុងមួយដែលមានស្លាកសញ្ញាសរសេរជាភាសាខ្មែរ អមសងខាងផ្លូវ និងដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជាធ្វើយុទ្ធនាការប្រចាំឆ្នាំដើម្បីស្វែងរកវិភាគទាន ស្រមោលនយោបាយពីប្រទេសកម្ពុជា នៅតែមានក្នុងការប្រកួតប្រជែង។

នៅក្នុងវីដេអូជជែកដេញដោលមួយដែលកាសែត The Lowell Sun បានបង្ហោះកាលពីថ្មីៗនេះ លោក ខៃ ខេមរា បានរិះគន់លោក ម៉ម រ៉ាឌី ជុំវិញផែនការរបស់លោកទទួលស្វាគមន៍លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមកទីក្រុងនេះកាលពីខែមីនា។

លោក ខៃ ខេមរា បានលើកឡើងថា “យើងគ្រាន់តែសុំតំណាងរាស្ត្រដែលជាប់ឆ្នោតរបស់យើងកុំឲ្យរៀបចំពិធីស្វាគមន៍ផ្លូវការសម្រាប់លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ របប ហ៊ុន សែន នៅកម្ពុជា មិនបានធ្វើអ្វីទាំងអស់ក្រៅពីគាបសង្កត់ប្រជាជនខ្មែរ”។

លោក ម៉ម រ៉ាឌី បានឆ្លើយសំណួរនេះអំឡុងការពិភាក្សាដេញដោល ដោយលើកឡើងថា “ខ្ញុំមានការព្រួយបារម្ភជានិច្ចចំពោះស្រុកទី១៨នេះ។ ខ្ញុំមិនផ្ដោតលើនយោបាយដូចនៅកម្ពុជាទេ”។

អ្នកខំមិនតាមហ្វេសប៊ុក និងពលរដ្ឋមួូយចំនួនបានលើកឡើងថា លោក ខៃ ខេមរា លើកឡើងត្រឹមត្រូវ។ លោក ខូ ដារារិទ្ធ អតីតនិពន្ធនាយកនៃព្រឹត្តិបត្រអក្សរសិល្បិ៍នូហាច ដែលពេលនេះរស់នៅដោយនិរទេសខ្លួននៅក្រងឡូវែល និងគាំទ្រលោក ខៃ ខេមរា បានមានប្រសាសន៍ថា “អ្នកខ្លះយល់ថា លោក ម៉ម រ៉ាឌី គាំទ្រ ឬទទួលបានការគាំទ្រពីគណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកម្ពុជា ឬគណបក្សប្រជាជនកម្ពុជា នៅទីនេះ”។

ទោះជាយ៉ាងណា លោក ម៉ម រ៉ាឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

ចំណងជើងព័ត៌មានមួយចុះផ្សាយដោយកាសែត Boston Globe បានចាត់ទុកលោក ម៉ម រ៉ាឌី ជា “ថ្នាំបន្សាបការចំអកឡកឡាយ” កាលពីមួយឆ្នាំមុន។ ស្របពេលជាមួយគ្នានេះដែរ បណ្ដាអ្នកខំមិនបានសរសើរភាពចេះគួរសមនៃការជជែកដេញដោលរបស់លោកទាំងពីរ ជាពិសេសនៅពេលប្រៀបធៀបទៅនឹងការជជែកដេញដោលប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក រវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន។

ការប្រកួតប្រជែងគ្នានេះបានទាក់ទាញការចូលរួមនយោបាយប្រកបដោយសេចក្តីសាទរពីសំណាក់សហគមន៍ខ្មែរ ដែលព្រួយបារម្ភអំពីបញ្ហាពន្ធ និងអន្តោប្រវេសន៍ដូចជាយុវជនខ្មែរដែលកើតនៅតាមជំរំជនភៀសខ្លួនជាដើម ហើយពេលនេះចំពោះការបណ្តេញចេញពីប្រទេសពាក់ព័ន្ធបទល្មើសគ្រឿងញៀនគ្មានហិង្សា។

ចំពោះសហគមន៍ក្រីក្រដែលជាធម្មតាមានប្រជាជនទៅបោះឆ្នោតតិចតួច គេរំពឹងថា ការប្រកួតប្រជែងរវាងពលរដ្ឋខ្មែរទាំងពីរនេះនឹងទាក់ទាញមនុស្សជាច្រើនឲ្យទៅបោះឆ្នោត។លោក ខូ ដារារិទ្ធ បានមានប្រសាសន៍ថា “ប្រជាជនខ្មែរ ចាប់អារម្មណ៍ ហើយពួកគាត់នឹងទៅបោះឆ្នោតនៅថ្ងៃស្អែក។ ចាប់ផ្តើមដំបូង មានមនុស្សបោះឆ្នោតយ៉ាងច្រើន”៕ សុខុម

Exit mobile version