The Cambodia Daily Khmer

មន្ត្រី​នាយកដ្ឋានគយ​ម្នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈពេល​ពីរឆ្នាំពីបទ​ទទួល​សំណូក​

មន្ត្រីម្នាក់មកពីនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបានផ្តន្ទាទោសកាលពីម្សិលមិញឲ្យជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំពីបទទទួលសំណូកពីក្រុមហ៊ុនបរទេសក្នុងការរត់ឯកសារមួយចំនួនពាក់ព័ន្ធការនាំចូល ប៉ុន្តែនឹងអនុវត្តទោសតែពាក់កណ្តាលប៉ុណ្ណោះ។

លោក អឹុង ជាវេង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរនៃនាយកដ្ឋាននេះត្រូវបានឃាត់ខ្លួននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយកាលពីខែកក្កដា បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីក្រុមហ៊ុនបរទេសមួយចំនួន។

លោក អឹុង ជាវេង សារភាពថា បានទទួលសំណូកជាទឹកប្រាក់ចំនួន៤.៩៩០ដុល្លារក្នុងការរត់ឯកសារមួយចំនួន ហើយយល់ព្រមបង់ប្រាក់សំណងចំនួន៧២.០០០ដុល្លារ។ក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែនេះ មេធាវីរបស់លោកបានស្នើសុំឱ្យមានការអត់ឱន ដោយអះអាងថា កូនក្តីរបស់លោកលង់ខ្លួនដោយសារការភ្លើតភ្លើន។

លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំ ជម្រះបានប្រកាសកាលពីម្សិលមិញថា លោក អឹុង ជាវេង ដែលមិនបានបង្ហាញខ្លួនក្នុងតុលាការជាលើកទី២ បន្ទាប់ពីត្អួញត្អែរថា មានជំងឺនោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេលពីរឆ្នាំពីបទ “វីតិក្រម”។ ចៅក្រមរូបនេះក៏បានសម្រេចពិន័យជាទឹកប្រាក់ចំនួន៨លានរៀល (ប្រហែល២.០០០ដុល្លារ) និងបានបង្គាប់ឲ្យសងរដ្ឋចំនួន៧២.០០០ដុល្លារ។

ចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា   “តុលាការបានសម្រេចផ្តន្ទាទោស លោក អឹុង ជាវេង អាយុ៤២ឆ្នាំឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ប៉ុន្តែ នឹងអនុវត្តទោសតែមួយឆ្នាំ ប៉ុណ្ណោះ ហើយទោសដែលនៅសល់នឹងត្រូវព្យួរ” ដោយលោកមិនបាននិយាយលម្អិតពីមូលហេតុដែលទោសនេះត្រូវកាត់បន្ថយពាក់កណ្តាលនោះឡើយ។

ទីភ្នាក់ងារនេះបានឱ្យដឹងថា លោក អឹុង ជាវេង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដាន បន្ទាប់ពីក្រុមហ៊ុនបរទេសមួយចំនួនបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដោយចោទប្រកាន់គាត់ពីបទទទួលសំណូក។

ចៅក្រមរូបនេះបានបន្ថែមថា ខណៈស្ថិតក្រោមការតាមដាន លោក អឹុង ជាវេង ត្រូវបានតាមទាន់ទទួលប្រាក់សំណូកចំនួនបីដាច់ដោយឡែកពីគ្នា។

ចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា “គាត់ទទួលបានស្រោមសំបុត្របី។ ស្រោមសំបុត្រទី១មានលុយ៨០០ដុល្លារ ហើយស្រោមសំបុត្រទី២មានលុយ៥០ដុល្លារ ចំណែកស្រោមសំបុត្រទី៣មានលុយ៤០ដុល្លារ”។ លោក អឹុង ជាវេង ត្រូវបានទុកពេលមួយខែដើម្បីប្តឹងទាស់នឹងសាលក្រមនេះ។

នៅពេលទាក់ទងតាមទូរស័ព្ទលោក ឈុន វីនីតា មេធាវីរបស់គាត់ដែលក៏មិនមានវត្តមាននៅសវនាការកាលពីម្សិលមិញដែរនោះ បានលើកឡើងជាថ្មីថា កូនក្តីរបស់លោកបានសារភាពរួចហើយចំពោះទោសកំហុសនោះ។

លោក ឈុន វីនីតា បានបន្ថែមថា “កូនក្តីរបស់ខ្ញុំបានសារភាពរួចហើយ ហើយគាត់ក៏បានទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដូច្នេះវាជាសេចក្តីសម្រេចរបស់តុលាការ។ គាត់សោកស្តាយណាស់អំពីអ្វីដែលបានកើតឡើង”៕សារុន

Exit mobile version