អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានបដិសេធថាមិនមានភាពមិនប្រក្រតីណាមួយនៅក្នុងការនាំចេញខ្សាច់របស់ប្រទេសកម្ពុជាឡើយកាលពីម្សិលមិញ បើទោះជាតួលេខដែលលោកបានផ្តល់ឱ្យខុសគ្នាពីតួលេខដែលផ្តល់ដោយការបូកសរុបរបស់ប្រទេសផ្សេងក៏ដោយ។
លោក ឌិត ឌីណា អ្នកនាំពាក្យក្រសួងនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានសាកសួរលោក ស៊ុយ សែម និងសហសេវិកមួយរបស់លោកមួយចំនួនថា “មិនមានភាពមិនប្រក្រតីទេ”។
លោកបានថ្លែងថា “ប្រសិនបើតួលេខនៅ ក្នុងប្រទេសកម្ពុជា និងនៅប្រទេសសិង្ហបុរីដូចគ្នា នោះប្រហែលជាយើងចាប់ផ្តើមឆ្ងល់ហើយ។ យើងប្រហែលជាគិតថា ប្រទេសទាំងពីរនេះបានធ្វើកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នាហើយមើលទៅ”។
ប៉ុន្តែ តួលេខដែលផ្តល់ឲ្យកាលពីម្សិលមិញ បង្ហាញថា ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជាមិនទៀងទាត់តែប៉ុណ្ណោះ។
តួរលេខចុងក្រោយដែលត្រូវបានផ្តល់ដល់ប្រព័ន្ធទិន្និន័យស្ថិតិពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិដែលគេស្គាល់ថា Comtrade គឺខុសគ្នាពីការនាំខ្សាច់ចូលពីប្រទេសកម្ពុជាដែលត្រូវបានកត់ត្រាដោយប្រទេសសិង្ហបុរីមានចំនួនដល់ទៅជាង៧០លានតោនឯណោះ។
ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដែលបដិសេធតាមគេហទំព័រ Comtrade ដែលព្រមានអំពីគម្លាតនិងការមិនត្រូវគ្នានៅក្នុងតួលេខពាណិជ្ជកម្មនោះ លោក ឌិត ទីណា បានអះអាងថា ក្រសួងបានធ្វើផ្នែករបស់ខ្លួនដើម្បីដែលយល់ពីបុព្វហេតុនេះភាពខុសគ្នានេះ ហើយបានសន្និដ្ឋានថា របាយការណ៍របស់ខ្លួនគឺត្រឹមត្រូវ។
លោក ឌិត ទីណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយសំដៅដល់តម្លៃនៃគម្លាតពាណិជ្ជកម្មដែលត្រូវបានកត់ត្រាទុកនៅក្នុងមូលដ្ឋានទិន្នន័យថា “ខ្ញុំសង្ឃឹមថា ចាប់ពី ថ្ងៃនេះទៅសូមឈប់និយាយអំពីទឹកប្រាក់ប្រហែល៧០០លានដុល្លារទៅ ពីព្រោះវាជាតួលេខដែលទទួលបានពី U.N. Comtrade
ដូច្នេះអ្នកកត់ត្រារបាយការណ៍នៅប្រទេសសិង្ហបុរី ឬក្នុងប្រទេសរបស់យើងមាននីតិវិធីផ្ទាល់ខ្លួនរបស់ខ្លួន។
លោកបានលើកឡើងថា “ឧទាហរណ៍ចេកមួយស្និតលក់ក្នុងរាជធានីភ្នំពេញ សហរដ្ឋអាេមរិក បារាំង ឬទីក្រុងប៉ារីស នឹងទទួលបានតម្លៃខុសគ្នា”។
លោកបានថ្លែងថា “យើងបានធ្វើការត្រួត ពិនិត្យហើយ ហើយតួលេខមិនបានប្រែប្រួលតាំងពីដើមមកម៉្លេះ។ យើងបានធ្វើសវនកម្មគ្រប់មន្ទីរក្នុងខេត្តទាំងអស់”។ លោកបានបន្ថែមថា មូលដ្ឋានទិន្ន័ន័យ “បង្ហាញពីភាពខុសគ្នានៅក្នុងប្រទេសដទៃទៀតដែរ”។
របាយការណ៍នេះក៏ទំនងជាធ្វើមិនឲ្យក្រសួងនេះជាប់ពាក់ព័ន្ធនឹងតួលេខនាំចេញផងដែរដោយលើកឡើងថា “ក្រសួងមិនមែនជាអ្នកលក់ខ្សាច់ទេ” គឺ “គ្រាន់តែមានសិទ្ធិប្រមូលប្រាក់ចំណូលបន្ទាប់ពីមានប្រកាសជាមួយក្រសួងសេដ្ឋកិច្ចតែប៉ុណ្ណោះ”។
ប៉ុន្តែ លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដែលបានសាកសួរលោករដ្ឋមន្ត្រី ស៊ុយ សែម បានដើរចេញទាំងអារម្មណ៍នៅមិនទាន់ជឿជាក់។
លោកបាននិយាយបន្ទាប់ពីការសាកសួរថា “យើងមិនទាន់ទទួលយកតួលេខរបស់ពួកគេនៅឡើយទេ ដូច្នេះហើយយើងទាមទារឲ្យពួកគេមានការប្រយ័ត្នប្រយែង និងរៀបចំឲ្យបានល្អ ដើម្បីចៀសវាងកុំឲ្យបញ្ហានេះកើតឡើងនៅពេលអនាគតទៀត”។
លោកបានថ្លែងថា “តួលេខគួរតែស្រដៀង គ្នា។ យើងយល់ថា គោលនយោបាយរបស់ប្រទេសគឺខុសគ្នា ប៉ុន្តែ តួលេខមិនគួរខុសគ្នាទេ៕សារុន