The Cambodia Daily Khmer

ករណី​​​សារ​​​ហ្វេសប៊ុក​​​បដិវត្តន៍​​​ពណ៌​​​ត្រូវ​​​ជំនុំ​​​ជម្រះ​​​​​​ដោយ​​​តុលាការ​​​កំពូល​​​

និស្សិតសាកលវិទ្យាល័យម្នាក់ដែលជាប់ពន្ធនាគារដោយសារតែអំពាវនាវឲ្យមានបដិវត្តន៍ពណ៌ក្នុងសារហ្វេសប៊ុកបានប្តឹងទាស់ការកាត់ឲ្យជាប់ទោសទៅតុលាការកំពូលកាលពីថ្ងៃសុក្រ ជាព្រឹត្តិការណ៍ថ្មីបំផុតក្នុងរឿងក្តីមួយដែលបានព្រមានអំពីការបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជា។

គង់ រ៉ាយ៉ា ត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៨ខែកាលពីខែមីនា ជាសាលក្រមដែលតម្កល់ដោយសាលាឧទ្ធរណ៍កាលខែកក្កដា ហើយក៏ប្តឹងទាស់ទៅតុលាការកំពូល។

លោក សម សុគង់ មេធាវី គង់ រ៉ាយ៉ា បាននិយាយក្រោយពីការជំនុំជម្រះថា ” អ្វីដែលគាត់បានធ្វី គឺគ្រាន់តែបញ្ចេញមតិប៉ុណ្ណោះ។ គាត់ជាយុវជនខ្មែរ ហើយគាត់ក៏មិនបានប្រព្រឹត្តបទល្មើសដែរ”។

លោក រ៉ាយ៉ា វ័យ២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន ក្នុងពេលដែលលោកធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យខេមរៈក្នុងក្រុងភ្នំពេញ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ក្រោយពីសួរនៅលើហ្វេសប៊ុក ថាតើមាននរណា “ហ៊ានធ្វើបដិវត្តន៍ពណ៌”ជាមួយលោកទេ។ លោកក៏បានចាត់ទុកព្រះមហាក្សត្រថា “ល្ងង់”ដែរ។

ក្រោយពីកាត់ឲ្យជាប់ទោសកាលពីខែមីនា ក្រុមសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបាននិយាយថា លោក រ៉ាយ៉ា ត្រូវចាត់ទុកជាឧទាហរណ៍ពីសំណាក់រដ្ឋាភិបាល ដែលស្វះស្វែងបំបិទការរិះគន់នៅលើវេទិកាឌីជីថល ដែលខ្លួនមិនបានគ្រប់គ្រង់ផ្ទាល់។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូបាននិយាយពេលនោះថា “វាជាយុទ្ធសាស្ត្រ និងជាឧទាហរណ៍ ដើម្បីរារាំង ឬគំរាមកំហែងការបញ្ចេញមតិរបស់យុវជនផ្សេងទៀត”។

លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងជាចៅក្រមក្នុងរឿងក្តីនេះបាននិយាយនៅថ្ងៃសុក្រថា សាលដីកានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានបដិសេធមិនអត្ថាធិប្បាយបន្ថែមទេ។

លោក រ៉ាយ៉ា បានអះអាងថាគ្មានយុត្តិធម៌ទេ ក្នុងពេលដែលនគរបាលបណ្តើររូបលោកចេញពីបន្ទប់តុលាការ។

តាមវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុកលោក សម រង្ស៊ី មេបក្សប្រឆាំង លោក រ៉ាយ៉ានិយាយថា “ខ្ញុំគ្មានសង្ឃឹមក្នុងតុលាការទេ។ អ្នកដែលបញ្ចេញមតិប្រឆាំងរដ្ឋាភិបាល គេមិនឲ្យនៅសុខទេ”។

ក្រោយមកទៀតក្នុងវីដេអូនេះដែរ ឪពុកលោក រ៉ាយ៉ា ឈ្មោះ កាំង គង់ ក៏ត្រូវគេសម្ភាសអំពីរឿងរ៉ាវកូនប្រុសគាត់ដែរ។

លោកបាននិយាយថា “ខ្ញុំឃើញថាអយុត្តិធម៌រហូត តាំងពីសាលាដំបូង មកដល់ឧទ្ធរណ៍ ហើយមកដល់តុលាការកំពូល”៕

Exit mobile version