The Cambodia Daily Khmer

លោក ហ៊ុន សែន​ ស្នើ​​​ឲ្យ​​​កែ​​​ប្រែ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​រដ្ឋ​​​សភា​​​បញ្ចប់​កិច្ច​ពិភាក្សា​ពេល​អនាគត​ជាមួយ​ CNRP

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញតាមរយៈស្ថាប័នព័ត៌មានដែលចុះផ្សាយអំពីទស្សនរបស់រដ្ឋាភិបាលថា លោកមានបំណងតាក់តែងឡើងវិញនូវបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីកុំឲ្យមានយន្តការរៀបចំកិច្ចពិភាក្សានយោ បាយផ្លូវការជាមួយគណបក្សប្រឆាំងទៀត។

ចំណាត់ការដើម្បីធ្វើការកែប្រែប្រការ៤៨នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលគណ បក្សនីមួយៗដំបូងឡើយបានព្រមព្រៀងអំឡុងកិច្ចពិភាក្សាចរចាក្រោយការបោះឆ្នោតនោះ នឹងដកឋានៈក្នុងសភារបស់គណបក្សសង្គ្រោះជាតិក្នុងនាមជា “ក្រុមមតិភាគតិច “ដកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីតួនាទីជា “ប្រធានក្រុមមតិភាគតិច” ហើយនឹងលុបចោលគម្រោងសម្រាប់ការចរចាផ្នែកនយោបាយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាឆ្លងកាត់អាកាសយានដ្ឋាន ហ្សូ៊រីក បន្ទាប់ពីទៅដល់ប្រទេសស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស នៅក្នុងរូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក

លោក ហ៊ុន សែន ត្រូវបានដកស្រង់សម្តីនៅក្នុងកិច្ចសម្ភាសដាច់មុខជាមួយគេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាមកថា “បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ”។

ប្រការមុនមិនបានលើកឡើងអំពីក្រុមមតិភាគតិចដែលបច្ចុប្បន្នត្រូវបានកំណត់ថា ជាគណបក្សក្រៅរដ្ឋាភិបាលដែលមានអាសនៈច្រើនបំផុតនៅក្នុងសភានោះឡើយ តែផ្ទុយទៅវិញបានលើកឡើងថា តំណាងរាស្ត្រមួយក្រុមមានគ្នា១០នាក់អាចរួមគ្នាលើកឡើងពីបញ្ហាមួយបានអំឡុងសម័យប្រជុំសភាពេញអង្គ។

លោក ហ៊ុន សែន ត្រូវបានដកស្រង់សម្ដី បន្ថែមមកថា “ធ្វើដូចនេះឆាប់ចប់រឿង ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើរួចទៅហើយ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សារនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា នឹងមិនមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះឡើយ។ លោក កឹម សុខា និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការពិភាក្សា ប៉ុន្តែនៅមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។

លោក សុខ ឥសាន បានមានប្រសាសន៍ថា “កន្លងទៅមានការពិភាក្សាទៅវិញទៅមកលើរបៀបវារៈ ឥឡូវសម្តេចថា បើពិបាកពេកឲ្យបិទត្រឹមហ្នឹងហ្មងទៅ អាហ្នឹងវាចប់ហើយ លែងមានបញ្ហាស្មុគស្មាញទៅទៀតហើយ”។

លោកបានបន្ថែមថា “កុំឲ្យស្មុគស្មាញច្រើន។ គណបក្សប្រជាជនកម្ពុជាបានធ្វើសម្បទានច្រើន រហូតដល់ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងឲ្យមានក្រុមភាគតិច និងប្រធានក្រុមតំណាងរាស្ត្រភាគតិច ប៉ុន្តែនៅតែបង្កើតបញ្ហាស្មុគស្មាញ ទំហំចរចារវាត្រូវដាក់បញ្ហានេះ បញ្ហានេះ”។

ការធ្វើវិសោធនកម្មច្បាប់តម្រូវឲ្យមានត្រឹមតែការបោះឆ្នោតសំឡេងភាគច្រើនធម្មតានៅក្នុងសភាប៉ុណ្ណោះ មានន័យថា គណ បក្សប្រជាជនកម្ពុជាអាចធ្វើការកែប្រែដោយមាន ឬគ្មានគណបក្សសង្គ្រោះជាតិបាន។

នៅក្នុងរបៀបវារៈស្នើឡើងសម្រាប់ការពិភាក្សា ដែលត្រូវបានផ្លាស់ប្តូរគ្នាកាលពីចុងសប្តាហ៍នោះ លោក កឹម សុខា បានលើកឡើងថា គណបក្សសង្គ្រោះជាតិចង់ពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលនឹងអនុញ្ញាតឲ្យពលរដ្ឋខ្មែរបោះឆ្នោតពីក្រៅប្រទេសបាន ហើយលើសពីនេះទៀតគឺស្ថានភាពនយោបាយមុនការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងធ្វើឡើងនៅខែមិថុនា។គណបក្សប្រឆាំងនេះបានបង្ហាញថា ការពិភាក្សាពីស្ថានភាពនយោបាយនេះ ប្រហែលរួមបញ្ចូលការពិភាក្សាអំពីមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធរឿងអាស្រូវទាក់ទិននឹងលោក កឹម សុខា ។

លោក កឹម សុខា ត្រូវបានលើកលែងពីទោសជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែធ្នូ ហើយនៅក្នុងប៉ុន្មានសប្តាហ៍ក្រោយមកបានឈានទៅកាន់មុខតំណែងជាប្រធានក្រុមមតិភាគតិច ដោយជំនួសលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ក្នុងនាមជាដៃគូពិភាក្សាផ្លូវការសម្រាប់ការពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី។

ទោះជាយ៉ាងណា អ្វីដែលទំនងជាការស្តារឡើងវិញនៃ “វប្បធម៌សន្ទនា” រវាងគណបក្សទាំងពីរ ដែលក្នុងនោះលោក កឹម សុខា បានជួបជាមួយទាំងលោក ហ៊ុន សែន និងលោក ស ខេង កាលពីថ្ងៃទី៧ខែធ្នូនោះ បានបរាជ័យភ្លាមៗបន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះបានបដិសេធមិនព្រមចុះហត្ថលេខាលើលិខិតមួយព្រាងដោយគណបក្សប្រជាជនកម្ពុជាដែលសន្យាថា នឹងបណ្តេញសមាជិកគណបក្សនេះដែលអះអាងថា លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន តាមពិតជាកូនរបស់ស្ត្រីទី១គឺលោកស្រី ប៊ុន រ៉ានី និងឧត្តមសេនីយ៍វៀតណាមមួយរូប។

លិខិតនេះត្រូវបានគេមើលឃើញថា ជាការផ្តល់លេសដើម្បីបណ្តេញលោក សម រង្ស៊ី ដែលអះអាងថា គណបក្សប្រជាជនកម្ពុជាបានរៀបចំរួចហើយសម្រាប់សមាជិកគណបក្សប្រឆាំងដើម្បីចាត់វិធានការបណ្តេញរូបលោក។

គណបក្សប្រជាជនកម្ពុជាបានបដិសេធចំពោះការអះអាងនេះ ប៉ុន្តែឆន្ទៈភ្លាមៗរបស់លោក ហ៊ុន សែន នៅក្នុងការជួបជាមួយលោក កឹម សុខា ដែលកាលពីប៉ុន្មានខែមុនលោកបានគំរាម “ចាប់ដាក់គុគមួយជីវិត” នោះ ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាផ្នែកនៃយុទ្ធនាការដើម្បីធ្វើឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបែកខ្ញែកគ្នា។

ពេលចេញពីកិច្ចប្រជុំកាលពីចុងឆ្នាំមុនគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងដោះលែងមន្ត្រីសមាគមសិទ្ធិមនុស្សបួនរូបនិងមន្ត្រីរៀបចំការបោះឆ្នោតជាន់ខ្ពស់មួយរូបនៅមុនដំណាច់ខែធ្នូ។ អ្នកទាំង៥រូបនេះសុទ្ធតែត្រូវបានចាប់ដាក់ពន្ធនាគារពីបទដែលតាមចោទថា បានសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ឲ្យបដិសេធរឿងស្នេហាលួចលាក់។

កាលពីសប្តាហ៍មុន គណបក្សប្រជាជនកម្ពុជាបាននិយាយថា ការរំខានឥតឈប់ឈររបស់លោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងទៅរស់នៅក្នុងប្រទេសបារាំងនោះកំពុងធ្វើឲ្យខូចការខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសនយោបាយដែលនាំទៅរកការពិភាក្សាគ្នា។

លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា ” ចំណាត់ការដែលបត់បែនចុះឡើងៗរបស់លោក ហ៊ុន សែន ឆ្លុះបញ្ចាំងពីភាពច្របូកច្របល់របស់លោកក្រោយពេលលោកទទួលបរាជ័យជាច្រើនលើកច្រើនសាក្នុងការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ”។

មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកឡើងទៀតថា ការតែងតាំងជាផ្លូវការ

នូវ “មេដឹកនាំនៃគណៈរដ្ឋមន្ត្រីស្រមោល” ដែលបានក្លាយជាប្រធានក្រុមមតិភាគតិច តាមពិតជាគំនិតរបស់លោក  ហើយថា ការខិតខំម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន ក្នុងការការប្រើប្រាស់មុខតំណែងនេះដើម្បីបំបែកបំបាក់លោក និងលោក កឹម សុខា នោះបានទទួលបរាជ័យ។

លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះ ភាពច្របូកច្របល់របស់លោក ហ៊ុន សែន បាននាំឲ្យលោកសម្រេចដាក់គំនាបលើមុខតំណែងប្រធានក្រុមមតិភាគតិចនោះតែម្តង”។

លោកបានថ្លែងថា”សម្រាប់ខ្ញុំមុខតំណែងប្រធានក្រុមមតិភាគតិចគឺមានសារៈសំខាន់ ដោយសារការបង្កើតមុខតំណែងនេះឡើងបង្ហាញពីការទទួលស្គាល់គណបក្សប្រឆាំងជាស្ថាប័នមួយនៅក្នុងប្រទេសមួយដូចប្រទេសកម្ពុជាដែលប្រព័ន្ធឯកបក្សមានជាយូរមកហើយ ហើយគណបក្សប្រឆាំងអាចរងការរំលាយចោលគ្រប់ពេលវេលា”។

លោកបានបន្ថែមទៀតថា “ការសម្រេចថ្មីបំផុតរបស់លោក ហ៊ុន សែន គឺជាដំណើរថយក្រោយដ៏ធ្ងន់ធ្ងរមួយទៀតសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ ស៊ុយឈាង

Exit mobile version