The Cambodia Daily Khmer

​គ្រួសារ​ជន​រងគ្រោះ​ទទួល​បាន​​​សំណង​​ខណៈ​កម្មករ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​​​​ហេតុការណ៍​ផ្ទុះ​នៅ​​​ក្នុង​​​​រោង​ចក្រ​កាត់ដេរ​

ក្រុមគ្រួសាររបស់ស្ត្រីម្នាក់ដែលស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ដែលផលិតសម្លៀកបំពាក់ខូវប៊យឲ្យក្រុមហ៊ុន Levi’s បានព្រមព្រៀងទទួលយកសំណងជំងឺចិត្តចំនួន១២.០០០ដុល្លារពីម្ចាស់រោងចក្រនេះ ខណៈនគរបាលបានចាប់ខ្លួនអ្នកមើលការខុសត្រូវឡចំហាយកម្ដៅទឹកដែលពួកគេបន្ទោសចំពោះហេតុការណ៍នេះ ទោះបីជាបុរសរូបនេះបានរំឭកជាប្រចាំឲ្យដូរឡនេះចេញក៏ដោយ។

អ្នកស្រី គុល សាម៉ន កម្មការិនី អាយុ៤៥ឆ្នាំនៅរោងចក្រកាត់ដេរ សិន តៃ ហ្គាមេន បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីឡចំហាយកម្តៅទឹកបានផ្ទុះ ដោយសារសម្ពាធខាងក្នុងកើនឡើង ហើយបានប៉ើងឡើងលើរួចធ្លាក់មកវិញចម្ងាយ១០០ម៉ែត្រត្រូវចំកម្មការិនីរូបនេះបណ្តាលឲ្យស្លាប់តែម្តង និងធ្វើឲ្យកម្មករ៧នាក់ផ្សេងទៀតរងរបួស ខណៈពួកគេកំពុងទទួលទានអាហារថ្ងៃត្រង់នៅកន្លែងទទួលទានអាហារក្នុងរោងចក្រនេះ។

អ្នកស្រី គុល សាន់នី បងថ្លៃរបស់ជនរងគ្រោះ គុល សាម៉ន ដែលក៏ធ្វើការនៅក្នុងរោងចក្រនេះដែរនោះបាននិយាយថា តំណាង រោងចក្រដែលស្ថិតក្នុងខណ្ឌសែនសុខបានមកសួរសុខទុក្ខគ្រួសាររបស់អ្នកស្រីនៅក្នុងខេត្តស្វាយរៀង ហើយបានព្រមព្រៀងសងសំណងជំងឺចិត្ត១២.០០០ដុល្លារ។

អ្នកស្រី គុល សាន់នី បាននិយាយថា “រោងចក្របានមកទីនេះផ្តល់សំណងឲ្យយើង ហើយយើងបានព្រមទទួលយករួចហើយ”។អ្នកស្រីបានបន្ថែមថា ម្ចាស់រោងចក្រក៏យល់ព្រមរ៉ាប់រងរាល់ការចំណាយលើការបូជានិងពិធីបុណ្យសពផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា “យើងបានយល់ព្រមទទួលសំណងជំងឺចិត្តជំនួសឲ្យការដាក់ពាក្យបណ្តឹង”។

អ្នកស្រី គុល សាន់នី បានលើកឡើងទៀតថា គ្រួសាររបស់អ្នកស្រីរំពឹងថា នឹងទទួលបានប្រាក់៤លានរៀលឬប្រហែល១.០០០ដុល្លារផ្សេងទៀតពីបេឡាជាតិរបបសន្តិសុខសង្គមនៅថ្ងៃនេះ។

សន្តិសុខបញ្ចៀសមនុស្សឲ្យនៅឆ្ងាយពីកន្លែងមានការផ្ទុះឡចំហាយកម្តៅទឹកនៅក្នុងរោងចក្រ សិន តៃ ហ្គាមេន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញដែលបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស កាលពីសប្តាហ៍មុន។ Hannah Hawkins / The Cambodia Dialy

កម្មករនៅរោងចក្រកាត់ដេរនេះបាននិយាយថា បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយបានឃើញឡចំហាយកម្តៅទឹកផ្លោងបើុងមកត្រូវចំក្បាលរបស់អ្នកស្រី គុល សាម៉ន តែម្តង។ ក្នុងចំណោមអ្នករងរបួសទាំង៧នាក់មានម្នាក់មានផ្ទៃពោះ។អ្នករងរបួស៥នាក់ផ្សេងទៀតស្ថិតនៅមន្ទីរពេទ្យនៅឡើយកាលពីម្សិលមិញ ខណៈពីរនាក់ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញហើយ នេះបើយោងតាមលោក ថោង សឿន ប្រធានរដ្ឋបាលនៅសហព័ន្ធសហជីពស្មារតីកម្មករខ្មែរដែលតំណាងឲ្យកម្មករភាគច្រើននៅក្នុងរោងចក្រនេះ។

លោក ថោង សឿន បានលើកឡើងថា បេឡាជាតិរបបសន្តិសុខសង្គម នឹងធានារ៉ាប់រងរាល់ការចំណាយលើថ្លៃព្យាបាល ប៉ុន្តែ ថារោងចក្រនេះគួរតែត្រូវទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ចំណូលរយៈពេលយូរដែលកម្មករណាម្នាក់អាចប្រឈមពេលក្លាយជាជនពិការនាពេលអនាគត។

លោកបានថ្លែងថា “ទោះបីជារោងចក្រនេះបង់ធានារ៉ាប់រងទៅឲ្យបេឡាជាតិរបបសន្តិសុខសង្គមក៏ដោយ តែរោងចក្រនេះនៅតែត្រូវទទួលខុសត្រូវចំពោះការបាត់បង់ការងារ ដែលធ្វើឲ្យពួកគេមានជីវភាពយ៉ាប់យឺុនដែរ”។

លោក ថោង សឿន បានលើកឡើងទៀត ថា ទោះជាយ៉ាងណាក៏ដោយ ជំនួសឲ្យការចាប់ម្ចាស់រោងចក្រជនជាតិចិនឲ្យទទួលខុសត្រូវនោះ នគរបាលបានចាប់ខ្លួនបុគ្គលិកម្នាក់ដែលមើលការខុសត្រូវឡចំហាយកម្តៅទឹកកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធការចោទប្រកាន់ដែលគេមិនដឹងថាពីបទអ្វី។

លោកបានមានប្រសាសន៍ថា “ពួកគេបានចាប់ខ្លួនកម្មករម្នាក់ឈ្មោះ អ៊ូ វុធ ដែលមានតួនាទីជាអ្នកមើលការខុសត្រូវផ្នែកឡចំហាយ កម្តៅទឹក”។ លោកបានបន្ថែមទៀតថា “វាហាក់បីដូចជាមិនត្រឹមត្រូវទេ ព្រោះកម្មកររូបនេះធ្វើតែតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រប៉ុណ្ណោះ”។

លោក អ៊ូ វុធ  បានក្រើនរំឭកគណៈគ្រប់គ្រងឲ្យប្តូរឡចំហាយកម្តៅទឹកដែលចាស់នេះចេញប៉ុន្មានលើករួចមកហើយនេះបើយោងតាមលោក ថោង សឿន ប៉ុន្តែ ថ្នាក់លើមិនយកចិត្តទុកដាក់នោះឡើយ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរកាលពីថ្ងៃសៅរ៍ ប៉ុន្តែ លោកបានបដិសេធ មិនឆ្លើយនឹងសំណួរបន្ថែមអំពីការចោទប្រកាន់នោះឡើយ។

អ្នកនាំពាក្យក្រុមហ៊ុន Levi’s បានលើកឡើងតាមរយៈអីុម៉េលមួយកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់ខ្លួនកំពុង “ចូលរួមពាក់ព័ន្ធនៅក្នុងការសើុបអង្កេត ហើយប្តេជ្ញាប្រឹងប្រែងធ្វើយ៉ាងណា ឲ្យជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេទទួលបានសំណងជំងឺចិត្ត”។

លោក ថោង សឿន បានលើកឡើងបន្តទៀតថា កម្មករនឹងវិលត្រឡប់មកធ្វើការវិញនៅរោងចក្រនេះនៅថ្ងៃស្អែក។

ម្ចាស់រោងចក្រជនជាតិចិនមិនទាន់បានចេញ សេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេ ចាប់តាំងពីពេលកើតមានហេតុការណ៍ផ្ទុះឡ ចំហាយកម្តៅទឹកនេះមក ហើយមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Hannah Hawkins)

Exit mobile version