The Cambodia Daily Khmer

លោក គិត ម៉េង​ ធានា​​ឱ្យ​ដោះ​លែង​​ឈើ​ប្រណីត​ដែល​សមត្ថ​កិច្ច​​រឹបអូស​បាន​នៅ​ជិត​ព្រំដែន​

យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។

សូមរំឭកថា ខណៈរថយន្តទាំងពីរគ្រឿងកំពុងដឹកជញ្ជូនឈើឱ្យក្រុមហ៊ុនមេធាវី Ang and Associates Lawyers ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង កាលពីថ្ងៃទី៣០ ខែមីនា ក៏ត្រូវបានឃាត់ទុក និងរឹបអូសនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីព្រំដែនវៀតណាម ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ហើយខុសផ្លូវឆ្ពោះទៅខេត្តតាកែវ ដែលជាគោលដៅផ្លូវការរបស់វា។ នៅពេលនោះមន្ត្រីមូលដ្ឋាននិយាយថា  អ្នកបើកបររថយន្តបានប្រាប់មន្ត្រីថា រថយន្តទាំងនោះបើកឆ្ពោះទៅប្រទេសវៀតណាម ដែលរដ្ឋាភិបាលកម្ពុជា បានហាមការនាំចេញឈើគ្រប់ប្រភេទទៅកាន់ប្រទេសនេះរយៈពេលជាង១ឆ្នាំមកហើយ។

កាលពីម្សិលមិញ លោក គង់ វិចិត្រ នាយការិយាល័យបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ថា មន្ត្រីគយបានដោះលែងរថយន្តទាំងនោះនៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ ដោយគ្មានការបកស្រាយ។

លោកបានថ្លែងថា “គយបានដោះលែងរថយន្ត និងឈើទាំងនោះមួយសប្ដាហ៍មុនចូលឆ្នាំខ្មែរ ប៉ុន្តែខ្ញុំមិនដឹងថាហេតុអីបានជា គេដោះលែងទេ ហើយក៏មិនដឹងថារថយន្តទាំងនោះទៅទីណាដែរ”។

លោកបានបន្ថែមថា “សូមកុំប្រាប់គយថាខ្ញុំជាអ្នកនិយាយថា ពួកគេដោះលែងរថយន្តទាំងនោះអី ព្រោះពួកគេនឹងខឹងខ្ញុំ”។

លោក ឃុន ញ៉ែម ប្រធាននាយកដ្ឋានគយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញករណីនេះកាលពីម្សិលមិញ ហើយមន្ត្រីគយខេត្តត្បូងឃ្មុំមិនអាចទាក់ទងបានឡើយ។

មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីតុលាការ នគរបាល  និងកងរាជអាវុធហត្ថខេត្តដែលធ្លាប់និយាយអំពីករណីនេះកាលពីដំបូង ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរកាលពីម្សិលមិញ  ដោយពួកគេទាំងអស់សុទ្ធតែបង្វែរសំណួរទៅខាងគយ។ ចំណែកឯលោក គិត ម៉េង ក៏បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានដែរ។

ប៉ុន្មានថ្ងៃបន្ទាប់ពីរថយន្តទាំងនោះត្រូវបានដកហូតរួមជាមួយឈើប្រភេទលេខ១ជិត១៨ម៉ែត្រគូបនៅក្នុងរថយន្តនីមួយៗ មន្ត្រីមូលដ្ឋាននិយាយថា ពួកគេប្រាកដថារថយន្តទាំងនោះគឺបើកឆ្ពោះទៅប្រទេសវៀតណាម។

លោក ព្រំ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់មានប្រសាសន៍នៅពេលនោះថា “រថយន្តមួយគ្រឿងត្រូវបានឃាត់ទុកចម្ងាយប្រហែល២០ម៉ែត្រពីច្រកឆែកឆេរជាំក្រវៀន ហើយមួយគ្រឿងទៀតត្រូវបានឃាត់ទុកចម្ងាយប្រហែល៦០ម៉ែត្រពីច្រកឆែកឆេរខ្លាឃ្មុំ”។ លោកបានបន្តថា “យើងប្រាកដថា រថយន្តទាំងនោះគឺប៉ុនប៉ងឆ្លងដែនទៅវៀតណាម ពីព្រោះកន្លែងនេះគ្មានផ្លូវណាផ្សេងក្រៅពីទៅវៀតណាមទេ”។

ច្រកឆែកឆេរទាំងពីរដែលសុទ្ធតែមានភូមិសាស្ត្រនៅចុងផ្លូវលំដាច់ស្រយាលខាងលើនេះ ក៏លាតសន្ធឹងរាប់សិបគីឡូម៉ែត្រដែរពីផ្លូវចេញពីខេត្តស្ទឹងត្រែង  ឆ្ពោះទៅកាន់ខេត្តតាកែវ។

ក្រុមហ៊ុនមេធាវី Ang and Associate Lawyers កំពុងកាប់ឈើលើផ្ទៃដីទំហំ៣៦.០០០ហិកតានៅស្ទឹងត្រែង កន្លែងដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កំពុងត្រៀមធ្វើអាងស្តុកទឹកមួយសម្រាប់ទំនប់វារីអគ្គិសនីសេសានក្រោម២របស់ខ្លួន ជាគម្រោងដែលរងការចោទប្រកាន់ថា កាប់ព្រៃឈើដោយខុសច្បាប់។

ប្រសិនបើរថយន្តទាំងពីរគ្រឿងដែលសមត្ថកិច្ចដកហូតបាននៅព្រំដែនពិតជាឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាមមែន វាជាការបំពានបម្រាមរបស់រដ្ឋាភិបាលកម្ពុជា ដែលចូលជាធរមានតាំងពីខែមករា  ឆ្នាំ២០១៦ ហាមមិនឱ្យនាំចេញឈើគ្រប់ប្រភេទទៅប្រទេសនេះ។

លោក ជា ហ៊ាន ប្រធានអង្គការការពារធនធានធម្មជាតិ និងសត្វព្រៃ (Natural Resource and Wildlife Protection Organization) ដែលជាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកដោះលែងរថយន្តទាំងនោះត្រូវមានទោសដូចអ្នកបើកបររថយន្តទាំងនោះ និងអ្នកដែលបញ្ជាឱ្យពួកគេដឹកឈើទាំងនោះទៅវៀតណាម ដែរ។

លោកថ្លែងថា “ខ្ញុំយល់ថានេះជាទង្វើខុសច្បាប់ ព្រោះសមត្ថកិច្ចដោះលែង [រថយន្ត] ដោយមិនតាមស្វែងរកជនល្មើស”។

លោកគូសបញ្ជាក់ថា លោកនឹងស៊ើបអង្កេតករណីនេះដោយខ្លួនឯង ហើយនឹងដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើលោកអាចបញ្ជាក់បានថា រថយន្ត និងឈើទាំងនោះត្រូវបានដោះលែងមែន។ លោកបានបន្ថែមថា “ខ្ញុំយល់ថា បើក្រុមហ៊ុនមិនសូកប៉ាន់សមត្ថកិច្ចទេ គេក៏មិនដោះលែងរថយន្ត និងឈើទាំងនោះដែរ”។

នៅថ្ងៃដែលកាសែត ខេមបូឌា ដេលី បានចុះផ្សាយអត្ថបទដំបូងរបស់ខ្លួនស្ដីពីការដកហូតរថយន្ត និងឈើទាំងនេះ លោក គឹម សេង ដែលប្រាប់ថាខ្លួនជាតំណាងក្រុមហ៊ុន Ang and Associate Lawyers នៅខេត្តស្ទឹងត្រែង បានទូរស័ព្ទមកកាសែតនេះសុំបង់លុយក្នុងចំនួនមិនបញ្ជាក់ឱ្យទៅនិពន្ធនាយករបស់ស្ថាប័នសារព័ត៌មានមួយនេះជាថ្នូរនឹងការយល់ព្រមដកអត្ថបទចេញពីគេហទំព័ររបស់ខ្លួន៕ សុខុម

 

Exit mobile version