The Cambodia Daily Khmer

ខួប​​រំឭក​ការ​ស្លាប់​របស់សកម្ម​ជន​ការ​ពារ​បរិស្ថាន​ធ្វើ​ឡើង​​ ទោះ​បី​ជា​មាន​ការ​​គំរាមពី​​រដ្ឋាភិបាល​

កាលពីម្សិលមិញ មនុស្សរាប់សិបនាក់ដែលគោរពស្រឡាញ់ និងកោតសរសើរលោក ឈុត វុទ្ធី បានតស៊ូជម្នះការរារាំងពីសំណាក់សន្តិសុខរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួប៥ឆ្នាំនៃការបាញ់សម្លាប់សកម្មជនបរិស្ថានដែលនិយាយមិនសំចៃមាត់រូបនេះ ដោយប្រមូលផ្ដុំគ្នានៅមាត់ទន្លេដើម្បីធ្វើពិធីរំឭកដល់វិញ្ញាណក្ខន្ធរបស់លោក។

អ្នកចូលរួមប្រហែល៤០នាក់ដែលបានចាប់ផ្ដើមទៅដល់ចំណុចព្រះអង្គដងកើ ស្ថិតនៅខាងមុខព្រះបរមរាជវាំង  បានពាក់អាវយឺតមានរូបសកម្មជនរូបនេះ និងសារនៅពីក្រោយខ្នងដែលសរសេរថា “ឈុត វុទ្ធី ស្លាប់៥ឆ្នាំគ្មានយុត្តិធម៌”។

ប្រជាជនប្រមូលផ្ដុំគ្នានៅក្នុងរាជធានីភ្មំពេញ កាលពីម្សិលមិញ ដើម្បីប្រារព្ធខួប៥ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថាន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អ្នកធ្វើយុទ្ធនាការមិនខ្លាចនឿយហត់ដែលតែងតែឈ្លោះជាមួយអាជ្ញាធរជាច្រើនឆ្នាំកន្លងមក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈពេលលោកកំពុងបំពេញបេសកកម្មស៊ើបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនមិនជឿលើការរៀបរាប់ជាផ្លូវការរបស់រដ្ឋាភិបាលអំពីការបាញ់ប្រហារនោះឡើយ ហើយបានបន្តអំពាវនាវឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឡើងវិញ។

បន្ទាប់ពីដាក់វេនគ្នាម្តងម្នាក់ចូលទៅក្នុងទីសក្ការបូជាដ៏តូចនៅមាត់ទន្លេនេះដើម្បីអុជធូបរំឭកដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី កាលពីរសៀលម្សិលមិញ អ្នកខ្លះបាននាំគ្នាលើកដៃស្រែកហៅឈ្មោះរបស់លោក ឈុត វុទ្ធី ហើយអង្គុយចុះជារង្វង់មូលដើម្បីទទួលពរជ័យពីព្រះសង្ឃប៉ុន្មានអង្គ។

កញ្ញា ជ័យ សូលីណា អាយុ១៨ឆ្នាំដែលជាកូនស្រីរបស់លោក ឈុត វុទ្ធី និយាយថា “រយៈពេល៥ឆ្នាំហើយតាំងពីបា៉ខ្ញុំស្លាប់ ប៉ុន្តែនៅតែគ្មានយុត្តិធម៌។ សូមរដ្ឋាភិបាលជួយស្វែងរកយុត្តិធម៌ឱ្យគាត់ផង”។

នៅមុនការជួបជុំគ្នានេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរនឹង “ចាត់វិធានការ” លើអ្នកចូលរួម ពីព្រោះអ្នករៀបចំការប្រមូលផ្ដុំគ្នានេះ ដែលរួមមានបណ្ដាញយុវជនកម្ពុជា និងបណ្ដាញព្រៃឡង់ មិនបានជូនដំណឹងជាមុន។ អ្នករៀបចំបានតវ៉ាថា ពិធីរបស់ខ្លួនមិនចាំបាច់ជូនដំណឹងជាមុនទេ ពីព្រោះវាជាពិធីសាសនា។

ប្រជាជនប្រមូលផ្ដុំគ្នានៅក្នុងរាជធានីភ្មំពេញ កាលពីម្សិលមិញ ដើម្បីប្រារព្ធខួប៥ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថាន។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សន្តិសុខខណ្ឌដូនពេញយ៉ាងតិច៤០នាក់ត្រូវបានពង្រាយកម្លាំងជុំវិញទីសក្ការបូជានេះ ដើម្បីត្រៀមចាំបង្ក្រាបការប្រមូលផ្ដុំគ្នានេះ អមដោយនគរបាលប្រមាណ២០នាក់ដែលឈរជើងក្បែរនោះ។ សន្តិសុខបានបញ្ជាឱ្យអ្នកចូលរួមទាំងនេះចាកចេញ ហើយបានរុញច្រានអ្នកចូលរួមប៉ុន្មាននាក់ និងចាប់ហែករូបថតលោក ឈុត វុទ្ធី ដែលពួកគេយកទៅទីនោះ។

ប៉ុន្តែចុងបញ្ចប់ សន្តិសុខបានអនុញ្ញាតឱ្យធ្វើពិធីនេះប្រហែលជាដោយសារចំនួនអ្នកចូលរួមមានគ្នាតិចឆ្ងាយបើប្រៀបធៀបទៅនឹងចំនួនប្រមាណ២០០នាក់ដែលអ្នករៀបចំរំពឹងថានឹងចូលរួម។ លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនបានលើកឡើងថា អ្នកដែលចង់ចូលរួមមិនហ៊ានចូលរួមទេដោយសារតែសាលារាជធានីគំរាមប្រើអំពើហិង្សា។

នៅមុនការជួបជុំគ្នានេះ អ្នកចូលរួមក៏និយាយដែរថា ពួកគេនឹងមើលភាពយន្តឯកសារហាមឃាត់រយៈពេល១ម៉ោងស្ដីពីលោក ឈុត វុទ្ធី តាមទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន។ទោះជាយ៉ាងណា មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលមើលភាពយន្តនេះតាមហ្វេសប៊ុករបស់ខ្លួន ហើយមើលតែប៉ុន្មាននាទីប៉ុណ្ណោះ។

សមាជិកបណ្ដាញយុវជនម្នាក់ឈ្មោះ អ៊ុល វ៉ាន់ និយាយថា “ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនសង្ឃឹមថារដ្ឋាភិបាលនឹងស្វែងរកឃាតករពិតប្រាកដឃើញទេ ប៉ុន្តែខ្ញុំនៅតែចង់ឱ្យពួកគេបន្តការស៊ើបអង្កេត។

ពេលទាក់ទងតាមក្រោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សាលារាជធានីបានសម្រេចឱ្យធ្វើការជួបជុំគ្នានេះ ប៉ុន្តែព្រមានថា អ្នករៀបចំនឹងត្រូវនាំខ្លួនទៅ “អប់រំ” ប្រសិនបើពួកគេព្យាយាមធ្វើពិធីបែបនេះទៀត”៕ សុខុម

Exit mobile version