The Cambodia Daily Khmer

ជនជាតិ​ម៉ុងតាញ៉ា​ចំនួន១៦​នាក់​​ត្រូវ​បាន​ប្រគល់​ឱ្យ​មន្ត្រី​វៀតណាម​វិញ​​​​ក្រោម​ការ​​ជួយ​ពី UNHCR

ជនជាតិម៉ុងតាញ៉ា១៦នាក់ត្រូវបានប្រគល់ឱ្យអាជ្ញាធរវៀតណាមវិញកាលពីថ្ងៃសុក្រ បើទោះបីជាដំបូងឡើយពួកគេបានបដិសេធមិនព្រមត្រឡប់ទៅវិញដោយសារបារម្ភខ្លាចរងការធ្វើទុក្ខបុកម្នេញ។

លោក ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរីបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមដែលគេប្រាប់ថាខ្លួនគ្មានជម្រើសផ្សេងក្រៅពីចាកចេញពីរាជធានីភ្នំពេញបន្ទាប់ពីបណ្ដឹងឧទ្ធរណ៍របស់ពួកគេត្រូវបានច្រានចោលនេះ ត្រូវបានបញ្ជូនត្រឡប់ទៅវិញដោយមានជំនួយពីឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិ។

UNHCR មិនបានឆ្លើយតបនឹងសំណើសុំឆ្លើយបំភ្លឺទេ។ ជនជាតិម៉ុងតាញ៉ាអះអាងថា ខ្លួនបានរត់គេចពីការធ្វើទុក្ខបុកម្នេញនៅតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាម កន្លែងដែលពួកគេនិយាយថា ខ្លួនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារហេតុផលមួយចំនួន ក្នុងនោះរួមមានទាំងការគោរពប្រតិបត្តិនិកាយមួយនៃគ្រិស្តសាសនាដែលរដ្ឋាភិបាលក្រុងហាណូយមិនទទួលស្គាល់ផងដែរ។

អ្នកដែលត្រូវបានបញ្ជូនទៅវិញថ្មីៗនិយាយថាខ្លួនត្រូវបានគេឃ្លាំមើលជាប់ជានិច្ចបន្ទាប់ពីត្រូវបានបញ្ជូនទៅវិញដោយក្នុងនោះពីរនាក់និយាយថា ពួកគេត្រូវគេបង្ខំឱ្យសារភាពនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋផងដែរ។

ការបញ្ជូនទៅវិញចុងក្រោយនេះធ្វើឱ្យជនជាតិម៉ុងតាញ៉ា៤៩នាក់នៅរាជធានីភ្នំពេញរង់ចាំបណ្ដឹងរបស់ពួកគេត្រូវបើកសវនាការនៅសាលាឧទ្ធរណ៍បន្ទាប់ពីពាក្យស្នើសុំសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានបដិសេធ។ មានតែជនជាតិម៉ុងតាញ៉ាបីនាក់ប៉ុណ្ណោះដែលទទួលបានសិទ្ធិជ្រកកោននៅឆ្នាំនេះ៕ សុខុម

Exit mobile version