The Cambodia Daily Khmer

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​វាយ​​​បក​​​​​​ទៅ​​​​​​អ្នក​​​រិះគន់​​​ដំណើរ​​ការ​​​​​បោះឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​​ឃុំ​​​ សង្កាត់​​​​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំងដល់អង្គការមិនមែនរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលបានរិះគន់ដល់ដំណើរការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ដោយលើកឡើងថា គេស្ងប់ចិត្តជាមួយការបោះឆ្នោតបើវាបញ្ចប់ទៅដោយគណបក្សប្រឆាំងកាន់កាប់វិមានសន្តិភាព ឬក៏លោកស្លាប់នោះ។

ថ្លែងនៅពិធីប្រគល់វិញ្ញាបនបត្រកាលពីម្សិលមិញ លោក ហ៊ុន សែន បានជំរុញឱ្យគណបក្សទាំងអស់ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រកាសកាលពីថ្ងៃអាទិត្យ ដែលគេឃើញថា គណបក្សរបស់លោកទទួលបានប្រហែល៧០ភាគរយនៃអាសនៈមេឃុំ ចៅសង្កាត់ទាំងអស់។

សំដៅដល់ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោកបានថ្លែងថា “អារឿងហ្នឹងឡាំប៉ាមិនចេះចប់ រហូតដល់គេអាចចូលដល់វិមានសន្តិភាពទើបគេនិយាយថាវាសេរី”។ លោកបានបន្ថែមថា “គេមិនស្ងប់ទេ”។

លោកបានលើកឡើងពីបញ្ហាមួយដែលមានជាមួយអង្គការមែនមែនរដ្ឋាភិបាលមួយក្រុមឱ្យឈ្មោះថា បន្ទប់ស្ថានការណ៍ ដែលបានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសៅរ៍ថា បរិយាកាសនៃការបោះឆ្នោតគ្មានលក្ខណៈសេរី និងត្រឹមត្រូវយុត្តិធម៌ ដោយលើកឡើងពីការដាក់ពន្ធនាគារឥស្សរជនគណបក្សប្រឆាំង ការគំរាមកំហែងពីសំណាក់មេដឹកនាំគណបក្សកាន់អំណាច និងការធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាស់ស្ដីពីគណបក្សនយោបាយ។

លោកបានថ្លែងថា “បក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលមួយចាត់ទុកថាមិនទាន់សេរីទេ”។ លោកបានបន្ថែមថា “ខ្ញុំចាត់ទុកថា ភាពសេរីរបស់គេ គឺពេលគេដើរចូលផ្ទះនាយករដ្ឋមន្ត្រី ឬសម្លាប់នាយករដ្ឋមន្ត្រីនៅនឹងកន្លែង គឺសេរីហើយ”។

លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍បាននិយាយការពារការសន្និដ្ឋានរបស់ក្រុម ដោយលើកឡើងក្នុងសារតាមទំព័រហ្វេសប៊ុកថា វាផ្អែកទៅលើប្រភេទនៃសូចនាករនៅក្នុងដំណើរការបោះឆ្នោតទាំងមូល។

លើកឡើងពីករណីមួយមកធ្វើជាឧទាហរណ៍ លោកមានប្រសាសន៍ថា “យើងនិយាយថា ការបោះឆ្នោតនេះមិនទាន់សេរីទេ ព្រោះនៅមុន និងអំឡុងពេលបោះឆ្នោត គណបក្សនយោបាយដែលចុះឈ្មោះសម្រាប់ការប្រកួតប្រជែងមិនទាន់សេរីពីការបញ្ចេញមតិពាក់ព័ន្ធនយោបាយ ហើយមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនបានស្មើភាពដើម្បីផ្សព្វផ្សាយអំពីយុទ្ធនាការ កម្មវិធីនយោបាយ និងរបៀបវារៈរបស់គណបក្សជាដើម”។ លោកក៏បានសរសើរដល់ការចាត់ចែងបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយលើកឡើងជាថ្មីពីអ្នករិះគន់បន្ទប់ស្ថានការណ៍ រួមមានការចាប់ខ្លួន និងការឃុំខ្លួនអ្នកនយោបាយគណបក្សប្រឆាំង ព្រមទាំងមន្ត្រីសិទ្ធិមនុស្ស ការបាត់បង់សិទ្ធិរបស់ពលករចំណាកស្រុក និងកម្មកររោងចក្រកាត់ដេរនិងបណ្តឹងផ្លូវច្បាប់ជាច្រើនមកលើលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនជាដើម។

សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ការបោះឆ្នោតឃុំ សង្កាត់ “មិនទាន់បំពេញបានទាំងស្រុងតាមគោលការណ៍នៃការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Ben Paviour)

Exit mobile version