The Cambodia Daily Khmer

​លោក ហ៊ុន សែន ​ហៅ​​ ខេម​បូឌា ​​ដេលី​ ថា “មេចោរ​” ហើយ​​​ព្រមាន​​ឱ្យ​វេច​បង្វិច​ បើសិន​មិន​បង់ពន្ធ​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលូកដៃចូលក្នុងរឿងពន្ធចំនួន៦,៣លានដុល្លារដែលតម្រូវឱ្យកាសែត ខេមបូឌា ដេលី បង់ជាចំនួនដែលកាសែតនេះបានច្រានចោល ដោយលោកបានហៅកាសែតនេះថា “មេចោរ” ហើយបញ្ជាឱ្យបង់ពន្ធ បើមិនដូច្នោះទេ “វេចបង្វិចចាកចេញទៅ”។

ការលើកឡើងបែបនេះធ្វើឡើងនៅពេលលោក បឺណាដ គ្រីស័រ (Bernard Krisher) បណ្ណាធិការកាសែតនេះបានផ្ញើលិខិតមួយច្បាប់ស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រីជួបជាមួយលោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ជាកូនស្រីរបស់លោក និងជាបណ្ណាធិការរងនៃកាសែត ខេមបូឌា ដេលី ដោយលើកឡើងថា មានតែលោក ហ៊ុន សែន ម្នាក់គត់ដែលអាចរារាំងការបិទកាសែតនេះបាន។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងដល់កាសែត ខេមបូឌា ដេលី កាលពីថ្ងៃទី៥ ខែសីហា ដោយចោទថា កាសែតនេះមិនបានបង់ពន្ធតាំងពីឆ្នាំ២០០៧រហូតដល់ឆ្នាំនេះ ហើយបានទុកពេលឱ្យ៣០ថ្ងៃដើម្បីបង់ពន្ធ បើមិនដូច្នោះទេនឹងត្រូវប្រឈមការរឹបអូសទ្រព្យសម្បត្តិក្នុងចំណោមដំណោះស្រាយផ្សេងទៀត។ អគ្គនាយកដ្ឋានពន្ធដារបានច្រានចោលការអះអាងរបស់លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល ដែលបានលើកឡើងថា លោកស្រីបានទិញទ្រព្យមួយចំនួនរបស់កាសែត ខេមបូឌា ដេលី ពីឪពុករបស់លោកស្រី ហើយបានអនុវត្តតាមច្បាប់សារពើពន្ធចាប់តាំងពីពេលនោះ ព្រមទាំងឪពុករបស់លោកស្រីដែលបានអះអាងថា ការបរិច្ចាគជំនួយសម្បុរសធម៌ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ៣៩លានដុល្លារគួរតែយកមកកាត់កងពន្ធដែលមិនទាន់បង់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អានកាសែត ខេមបូឌា ដេលី ជាភាសាខ្មែរ នៅក្នុងកញ្ចក់ទូរទស្សន៍។

ថ្លែងនៅឯវេទិកាជាតិស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងរបស់លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល ដែលលើកឡើងថា ជម្លោះនេះជារឿងនយោបាយ។

លោក ហ៊ុន សែន លើកឡើងថា “អាមេចោរអត់បង់ពន្ធឱ្យរដ្ឋ១០ឆ្នាំ។ អានេះតាំងពីកើតចេញជារូបរាងមក មិនដែលបង់ពន្ធឱ្យរដ្ឋទេ”។

លោកបានបន្តថា “បង់ពន្ធឱ្យរដ្ឋមក បើចង់នៅតទៅទៀត។ បើមិនបង់ពន្ធឱ្យរដ្ឋទេ វេចបង្វិចចាកចេញទៅ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ៗ ហើយគ្មានរឿងនយោបាយនៅក្នុងហ្នឹងទេ”។

នៅពេលដំណាលគ្នានឹងការថ្លែងរបស់លោក ហ៊ុន សែន បុគ្គលិកកាសែត ខេមបូឌា ដេលី បានប្រគល់លិខិតរបស់លោក បឺណាដ គ្រីស័រ វ័យ៨៦ឆ្នាំជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រីដើម្បីស្នើសុំឱ្យមេដឹកនាំរូបនេះជួយអន្តរាគមន៍។

ដោយធ្វើការកត់សម្គាល់ពីសន្និសីទសារព័ត៌មានមួយធ្វើឡើងនៅទីក្រុងតូក្យូ ដែលពេលនោះលោក ហ៊ុន សែន បានលើកកាសែត ខេមបូឌា ដេលី ឡើងលើធ្វើជាឧទាហរណ៍នៃសារព័ត៌មានសេរីរបស់កម្ពុជា លោក បឺណាដ គ្រីស័រ ដែលជាសប្បុរសជន និងជាអ្នកកាសែតចូលនិវត្តន៍មានប្រសាសន៍ថា លោកព្រួយបារម្ភថា សម័យកាលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងបញ្ចប់។

ដោយអះអាងថា លិខិតចុះថ្ងៃទី៥ ខែសីហានេះជា “លើកទី១ដែលគេប្រាប់ខ្ញុំពីរឿងជំពាក់បំណុល” លោក បឺណាដ គ្រីស័រ ដំណើរការនេះ “គ្មានសវនកម្ម គ្មានឯកសារ គ្មានដំណើរការត្រឹមត្រូវ” ហើយបានអះអាងថា វិធានការរបស់អគ្គនាយកដ្ឋានពន្ធដារគឺមានបំណងបិទកាសែតនេះតែម្តង។

លោកបានសរសេរថា “មានតែឯកឧត្ដមម្នាក់គត់ដែលអាចបញ្ឈប់អគ្គនាយកដ្ឋានពន្ធដារកុំឱ្យចាត់វិធានការទាំងនេះ។ ខ្ញុំសូមអង្វរឯកឧត្ដមមេត្តាជួយអន្តរាគមន៍ និងបញ្ឈប់ការបិទកាសែត ខេមបូឌា ដេលី ផង”។

លោកបានសរសេរទៀតថា លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល អាចនឹងជិះយន្តហោះពីទីក្រុងតូក្យូ កន្លែងដែលអ្នកទាំងពីររស់នៅជាមួយនឹងការជូនដំណឹងរយៈពេល២៤ម៉ោងដើម្បីជួបជាមួយលោក ហ៊ុន សែន។

កាលពីម្សិលមិញ លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឱ្យបានដិតដល់ចំពោះការអំពាវនាវរបស់កាសែតនេះតាមរយៈការអនុវត្តវិសោធនកម្មផ្លូវការដែលលោកស្រីជឿថាជា “សិទ្ធិផ្លូវច្បាប់នៃរាល់អ្នកបង់ពន្ធនៅកម្ពុជា”។

លោកស្រីបានសរសេរតាមរយៈសារអេឡិចត្រូនិកមួយថា “ប្រសិនបើចុងបញ្ចប់នៃដំណើរការនេះមានការសម្រេចថា យើងជំពាក់ពន្ធ ពេលនោះយើងនឹងបង់”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា សំណើសុំអន្តរាគមន៍គឺមិនសមស្របទេ។ លោកលើកឡើងបន្ថែមទៀតថា “វាមិនពាក់ព័ន្ធសម្ដេចនាយកទេ។ គ្រឹះស្ថានឯកជនមួយចំនួនមានបញ្ហារឿងពន្ធនេះ ពួកគេទៅអគ្គនាយកដ្ឋានពន្ធដារ ពួកគេមិនទាន់ទៅរកសម្ដេចនាយកទេ”។

លោក ដាក្លាស ស្ទៀល (Douglas Steele) អ្នកគ្រប់គ្រងទូទៅនៃកាសែត ខេមបូឌា ដេលី បានមានប្រសាសន៍ថា កាសែតនេះកំពុងព្រាងសំណើសុំជួបជាមួយលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារដើម្បីពិភាក្សាអំពីបញ្ហានេះ។

ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលកាលពីយប់ថ្ងៃច័ន្ទ លោក គង់ វិបុល បានធ្វើការព្រមានជាសាធារណៈលើកទី៣ ចំពោះកាសែត ខេមបូឌា ដេលី ថា “សូមមកបង់ពន្ធជូនរដ្ឋ”។

ច្បាប់ស្តីពីសារពើពន្ធហាមមន្ត្រីមិនឲ្យលាតត្រដាងព័ត៌មានស្តីពីអ្នកបង់ពន្ធជាសាធារណៈទេ ហើយលោក គង់ វិបុល មិនបាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយទេក្រៅពីគេហទំព័រព័ត៌មាន Fresh News ចាប់តាំងពីបំណុលពន្ធនេះបានបែកធ្លាយកាលពីថ្ងៃទី៥ ខែសីហាមក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីល្ងាចម្សិលមិញ  ក្លឹបអ្នកកាសែតបរទេសប្រចាំនៅកម្ពុជា ហៅកាត់ OPCC បានលើកឡើងថា “មិនមានការអនុវត្តតាមដំណើរការត្រឹមត្រូវទេ” នៅក្នុងករណីនេះ ដោយគូសបញ្ជាក់ពីការបែកធ្លាយ និងកង្វះវិសោធនកម្ម ឬការពិចារណាអំពីការអំពាវនាវ។

លិខិតនេះមានខ្លឹមសារដូច្នេះថា “OPCC ក៏ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ដំណើរការដោយតម្លាភាព ភាពត្រឹមត្រូវយុត្តិធម៌ និងដំណើរការត្រឹមត្រូវផងដែរ”។

លោក លី ម័រហ្គិនបេស័រ (Lee Morgenbesser) ជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “រឿងក្រោយឆាក៖ ការបោះឆ្នោតស្ថិតក្រោមរបបផ្ដាច់ការក្នុងតំបន់អាស៊ីអាគ្នេយ៍” (Behind the Facade: Elections Under Authoritarianism in Southeast Asia) បានមានប្រសាសន៍ថា លោកនឹង “ភ្ញាក់ផ្អើល ប្រសិនបើលោក ហ៊ុន សែន ប្ដូរចិត្ត” លើការបង្ក្រាបពន្ធដែលផ្ដោតលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

លោកបានសរសេរតាមរយៈសារអេឡិចត្រូនិកមួយថា  ”យុត្តិសាស្ត្រដូចគ្នានេះត្រូវបានប្រើប្រាស់ដោយលោក វ៉្លាឌីមៀ ពូទីន នៅរុស្ស៊ី លោក វីកទ័រ អ័រប៊ែន នៅប្រទេសហុងគ្រី និងមេដឹកនាំផ្ដាច់ការមួយចំនួនទៀតដែលហាក់កំពុងកើនឡើង”។ “ដោយសារតែទម្រង់នៃការគាបសង្កត់នេះមានភាពប៉ិនប្រសប់ជាងមុន អន្តរជាតិទំនងជាមិនសូវចោទសួរអំពីការបង្ក្រាបចុងក្រោយនេះទេ”។

លោកមានប្រសាសន៍ទៀតថា “ខ្ញុំបារម្ភថា ថ្ងៃចុងក្រោយរបស់កាសែត ដេលី ជិតមកដល់ហើយ”។

នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយអ្នកយកព័ត៌មានពីររូបនៃកាសែត ខេមបូឌា ដេលី ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងខេត្តរតនគិរី សាកសួរកាលពីម្សិលមិញទាក់ទិនពាក្យបណ្ដឹងរបស់បុរសបីនាក់ដែលបានចោទប្រកាន់ថា ពួកគាត់បានសួរសំណួរញុះញង់អំពីប្រវត្តិបោះឆ្នោតរបស់ពួកគេដើម្បីសរសេរអត្ថបទចុះផ្សាយនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនា។

លោក សេក សោភណ្ឌ មេធាវីរបស់ពួកគាត់បានលើកឡើងថា ព្រះរាជអាជ្ញាមិនទាន់ចេញសេចក្ដីសម្រេចនៅឡើយទេថា តើត្រូវបន្តស៊ើបអង្កេតទៀត ឬក៏អត់។

លោកមានប្រសាសន៍ថា “ខ្ញុំបានពន្យល់ហើយពីការងារជាអ្នកកាសែត។ នោះជាការងាររបស់គាត់ដែលត្រូវសួរ។ គ្មានអ្នកណាត្រូវបានតម្រូវឲ្យឆ្លើយទេ៕ សុខុម (រាយការណ៍បន្ថែមដោយ វណ្ណ រើន និង បែន សុខហ៊ាន)

Exit mobile version