តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លោករ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា និងជាអ្នកបកប្រែឲ្យភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទលើកុមារជាផ្លូវការហើយកាលពីថ្ងៃទី១៣ ខែធ្នូ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកលី សុផាណាបានថ្លែងតាមបណ្តាញសង្គមតេឡាក្រាមកាលពីថ្ងៃទី១៣ខែធ្នូថា លោករ៉ាត់ រ័ត្នមុនី ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌមានស្ថានទម្ងន់ទោស។ លោកបន្តថា ប្រធានសហជីពកម្មករសំណង់រូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ក្រោយពីត្រូវបានចោទប្រកាន់ជាផ្លូវការហើយនោះ។
សមត្ថកិច្ចថៃបានចាប់ខ្លួនលោករ៉ាត់ រ័ត្នមុនី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងទីក្រុងបាកក តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ពីបទចូលរួមផលិតខ្សែវីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»របស់បណ្តាញព័ត៌មានRussia Today(RT)។
ក្រុមសង្គមស៊ីវិលអន្តរជាតិរិះគន់ថា ភាគីថៃបានរំលោភធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិក្នុងការបញ្ជូនលោករ៉ាត់ រ័ត្នមុនីមកឲ្យអាជ្ញាធរកម្ពុជាវិញនោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchអះអាងថា រដ្ឋាភិបាលថៃកំពុងរំលោភច្បាប់អន្តរជាតិដែលខ្លួនជាប្រទេសម្ចាស់ហត្ថលេខី ហើយត្រូវគោរពនូវកាតព្វកិច្ចរបស់ខ្លួនមិនបញ្ជូនជនណាម្នាក់ដោយបង្ខំទៅកាន់ទីកន្លែងណាមួយដែលស្ថិតក្នុងភាពប្រថុយប្រថាន និងការទទួលរងការធ្វើទុក្ខបុកម្នេញអំពើទារុណកម្ម ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរណាមួយនោះឡើយ៕