The Cambodia Daily Khmer

លោក ហ៊ុន សែន ទទួលស្គាល់ថាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត និងតាមម៉ាស៊ីនអេឡិចត្រូនិចដែលគ្មានអាជ្ញាប័ណ្ណ ព្រមទាំងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទបន្ថែមទៀតឡើយ។

ការសម្រេចនេះ ធ្វើឡើងតាមសារាចរណែនាំរបស់លោក កាលពី ម្សិលមិញ ដោយលោកបានទទួលស្គាល់ថាល្បែងស៊ីសងតាមប្រព័ន្ធ   អ៊ីនធឺណិត បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

សារចរណែនាំដដែលបានលើកឡើងថាក្រុមឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

រដ្ឋាភិបាលលើកឡើងថា ដើម្បីគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតនេះឱ្យមានប្រសិទ្ធភាព គឺត្រូវស្រាវជ្រាវរកឱ្យឃើញចំពោះអាជីវកម្មល្បែងស៊ីសងប្រភេទនេះ ទាំងក្នុងនិងក្រៅប្រទេសគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយខុសច្បាប់។

លើសពីនេះ ត្រូវបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច និងអនឡាញបន្តទៀត។ ដោយឡែកអាជីវកម្មដែលមានអាជ្ញាប័ណ្ណអាចបន្តរហូតផុត   សុពលភាពបាន។

សង្គមស៊ីវិលលើកឡើងថា ដើម្បីការគ្រប់គ្រងអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវបង្ហាញសាធារណៈជនឱ្យបានច្បាស់លាស់ចំពោះស្ថាប័នអាជីវកម្មទាំងអស់ដែលរដ្ឋបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអាជីវកម្មទាំងនោះ អមដោយពេលវេលាជាក់លាក់របស់អាជីវកម្ម ដើម្បីងាយស្រួលក្នុងការតាមដាន។

កម្ពុជាបានផ្ដល់អាជ្ញាប័ណ្ណឲ្យបើកកាស៊ីណូចំនួន ១៦៣ កន្លែងនៅទូទាំងប្រទេស និងកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណ និងកំពុងដំណើរការអាជីវកម្មល្បែងភ្នាល់នៅទូទាំងប្រទេស មានចំនួន ៥៣កន្លែង៕

Exit mobile version