The Cambodia Daily Khmer

អ្នកវិភាគចាត់ទុកសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើរបស់រដ្ឋាភិបាលថា ជាឆាកល្ខោនបិទបាំងក្រុមឧក្រិដ្ឋជនបក្ខពួក លោក ហ៊ុន សែន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានលើកឡើងបែបឌឺដងទៅរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនោះ ដោយថាជាទ្រង់ទ្រាយធំ បែបខ្លឹម គ តែប៉ុណ្ណោះ។

សរសេរនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនអ្នកវិភាគនយោបាយ លោក គឹម សុខ បានមើលឃើញថា ការបង្ក្រាប បទល្មើសព្រៃឈើរបស់រដ្ឋាភិបាលតាមរយៈក្រុមគណៈកម្មការជាតិរបស់លោក សៅ សុខា គឺជាឆាកល្ខោនបិទបាំងឧក្រិដ្ឋកម្មបំផ្លាញឈើជាតិរបស់បក្ខពួក លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក អះអាងថា ឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា លោក ហ៊ុន សែន បានដឹងច្បាស់តាំងតែពី២០ឆ្នាំមុនមកម្លេះ ហើយគាត់ថែមទាំងធ្លាប់បានប្រកាសសច្ចារជាសាធារណៈថាបើលោកបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាមិនបានទេ គាត់សុខចិត្តកាត់ក-របស់ខ្លួនចោលទៀតផង។ ប៉ុន្តែអ្វីៗដែលប្រជាពលរដ្ឋខ្មែរបានឃើញដឹង អង្គការម្ចាស់ជំនួយ ស្ថានទូតនានា ធនាគារពិភពលោក បានដឹងឮនោះ គឺក របស់លោកនៅដដែល រីឯឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជារឹតតែគឃ្លើនជាងមុន ប្រព្រឹត្តដោយពួកមន្ត្រីមេៗប៉េអឹម មេទាហាន មេប៉ូលិស មន្ត្រីរដ្ឋបាលព្រៃឈើ និងអ្នកមានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើតែម្ដង។

លោក គឹម សុខ បានលើកឡើងនូវចំណុចមួយចំនួន ដែលបង្ហាញថា លោក ហ៊ុន សែន គ្មានសុឆន្ទៈនឹងបង្ក្រាបបទល្មើសព្រៃឈើនោះ ពីព្រោះអ្នកដែលបានផលប្រយោជន៍ពីឈើកាប់ពេញព្រៃជាហូរហែ គឺជាមនុស្សដែលនៅក្បែរលោក ហ៊ុន សែន តែម្តង  ដូចជាឧកញ៉ា ទ្រី ភាព ជាដើម។

យ៉ាងនេះ អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី តែងថ្លែងប្រាប់អ្នកសារព័ត៌មានដោយមិនខ្វល់ចំពោះការរិះគន់ទាំងឡាយ ដោយថាគណៈកម្មការនេះបានបំពេញការងារស្របតាមច្បាប់។ លើសពីនេះ គណៈកម្មការនេះ នឹងនៅតែបន្តបង្ក្រាបបទល្មើសជាហូរហែរ និងមិនរើសអើង ទោះបីអ្នកនោះមានឋានៈអ្វីក៏ដោយ ឱ្យតែរកឃើញថាពួកគេប្រព្រឹត្តិអំពើល្មើសច្បាប់គឺ ត្រូវតែចាត់វិធានការ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសជាច្រើននាក់ ដោយមានទាំងឧកញ៉ាពីរនាក់ គឺ ឧកញ៉ា គង់ ក្រឹង និង ឧកញ៉ា ស៊ឹង សំអុល ពាក់ព័ន្ធបទល្មើសព្រៃឈើ។ លើសពីនេះ មានម្ចាស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច មេការៗ ដោយមានទាំងជនជាតិចិន និងវៀតណាមផង ព្រមទាំងមានឧកញ៉ាមួយចំនួនកំពុងរត់គេចខ្លួន បន្ទាប់ពីតុលាការចេញដីកាកោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធសំណុំរឿងព្រៃឈើនេះ។

កាលពីថ្ងៃទី ៥ កក្កដា សារព័ត៌មានវៀតណាមឈ្មោះ Cóng Thoúng បានចុះផ្សាយថា ប្រទេសកុម្មុយនីស្តមួយនេះបានរកចំណូលពីការនាំចេញឈើកែច្នៃ និងអនុផលព្រៃឈើទៅសហគមន៍អន្តរជាតិក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ចំនួនជាង ៥ ពាន់លានដុល្លារសហរដ្ឋ              អាមេរិក។

ចំនួននេះគឺបានកើនឡើងជាង ២០ភាគរយ បើធៀបនឹងតួលេខចំណូលនាំចេញឈើទៅក្រៅប្រទេសក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សារព័ត៌មានដដែលថា វៀតណាម សង្ឃឹមថា នឹងរកចំណូលបានលើសពី ១០ពាន់លានដុល្លារនៅឆ្នាំនេះ តាមរយៈការនាំឈើចេញទៅក្រៅប្រទេសរបស់ខ្លួននោះ។

ក្រោយនេះ ពោលគឺនៅថ្ងៃទី ១៩កក្កដា តាមរយៈសារជាសំឡេងមួយ ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានទទួលស្គាល់ថា ព្រៃឈើនៅកម្ពុជាកាន់តែហិនហោច ប្រាកដមែន រីឯថវិកាចូលរដ្ឋវិញគឺ គ្មាន។

លោកថា បញ្ហានេះ ដែលធ្វើឱ្យលោកមានការអៀនខ្មាស់ចំពោះប្រទេសជិតខាង ដោយទំនងសំដៅទៅប្រទេសវៀតណាម ថាព្រៃឈើរបស់គេនៅរក្សាបានប្រមាណ៦០ភាគរយ ប៉ុន្តែពួកគេអាចរកចំណូលចូលជាតិពីវិស័យនាំឈើចេញទៅក្រៅប្រទេសបានចំណូលរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅវិញ៕

Exit mobile version