The Cambodia Daily Khmer

លោក សម រង្ស៊ី ថាការសម្លាប់លទ្ធិប្រជាធិបតេយ្យ នឹងនាំឱ្យកម្ពុជាមានគ្រោះធំ

អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការសម្លាប់លទ្ធិប្រជាធិបតេយ្យពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន នឹងបង្ករអស្ថេរភាព ហើយក៏ជាគ្រោះធំដល់កម្ពុជាផងដែរ។

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានលើកឡើងកាលពីថ្ងៃម្សិលមិញ ថា ហ៊ុន សែន កំពុងនាំគ្រោះថ្នាក់ឲ្យកម្ពុជា។ លោកបន្តថា ការនាំគ្រោះអាសន្នដល់កម្ពុជានេះ កើតឡើងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពិតប្រាកដតែមួយគត់។ បន្ថែមពីនេះ ការមិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវ ដែលមានគូប្រកួតពិតប្រាកដ នោះ លោកថាជាការសម្លាប់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែម្តង។

លោក សម រង្ស៊ី បន្តអំពាវនាវបន្ថែមទៀត  ឱ្យពលរដ្ឋងើបឈរជាធ្លុងមួយ ដើម្បីរើបម្រះផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដែលលោកហៅថាជារបបផ្តាច់ការ ខណៈលោកកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ លោក ផៃ ស៊ីផាន បានលើកឡើងក្នុងសន្និសីទកាសែតមួយថា នយោបាយដែល សម រង្ស៉ី កំពុងធ្វើ គឺយកឈាមរបស់ប្រជាពលរដ្ឋធ្វើជាកម្រាលព្រំ ដើម្បីឈានជើងទៅកាន់អំណាចផ្ទាល់ខ្លួន របស់លោកតែប៉ុណ្ណោះ។ លោកបានចាត់ទុកទង្វើរបស់លោក សម រង្ស៊ី ថាជាទង្វើភារវកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងមិនមានអ្វីចំណេញក្រៅតែពីការបាត់បង់ជីវិត បាត់បង់ជោគវាសនារបស់ប្រជាពលរដ្ឋ ដែលដើរតាម ទាំងងងឹតងងុល ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ក្លាយជាជនរងគ្រោះតែប៉ុណ្ណោះ

កាលពីថ្ងៃទី ២ កញ្ញា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានណែនាំទៅអ្នកនយោបាយទាំងអស់គប្បីបញ្ឈប់ការចង់ឈ្នះចង់ចាញ់គ្នា ដោយយករាស្ត្រ និងជាតិជាឈ្នាន់បន្តទៀត ត្បិតរាស្ត្រ និងជាតិខ្មែរបានស្គាល់ពីភាពឈឺចាប់គ្រប់គ្រាន់ហើយ។

អ្នកវិភាគនយោបាយលោក គឹម សុខា បានលើកឡើងនៅថ្ងៃនេះថា ក្នុងកាលៈទេសៈដែលរដ្ឋាភិបាលលោកហ៊ុន សែន បានរំលាយគណៈបក្សសង្គ្រោះជាតិ និងប្លន់យកកៅអីសភា និងកៅអីក្រុមប្រឹក្សាឃុំ- សង្កាត់ ព្រមទាំងបិទសិទ្ធិនយោបាយក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រំលោភសិទ្ធិមនុស្ស សម្លាប់លទ្ធិប្រជាធិបតេយ្យផង គឺជាឱកាសល្អសម្រាប់បក្សសង្រ្គោះជាតិទទួលបានជោគជ័យ។

លោកថាភាពជោគជ័យនោះ ដោយសារល្បែងនយោបាយវ័ណ្ណកររបស់លោក ហ៊ុន សែន ធ្វើឱ្យ សហគមន៍អន្តរជាតិ និងប្រជារាស្ត្រខ្មែរ គ្រប់គ្នាបានដឹងច្បាស់អស់ទៅហើយ។

លោកបន្តថា ក្នុងស្ថានភាពរងគ្រោះធ្ងន់ធ្ងរបែបនេះ ជាយុទ្ធសាស្ត្រ ប្រសិន បើគណៈបក្សសង្គ្រោះជាតិ នៅតែរក្សាបាននូវកម្លាំងរួបរួមក្នុងសម្លេងតែមួយបាន ។ លោកថា គណ:បក្សសង្គ្រោះជាតិ ត្រូវចេះប្រើប្រាស់ ការលះបង់ឬពលីកម្ម និងទ្រឹស្ដី អហិង្សានិយម របស់លោក កឹម សុខា ជាមូលដ្ឋានតវ៉ាគ្រប់វេទិកា។ បន្ថែមពីនេះ ប្រសិនបើបក្សប្រឆាំង ប្រសប់ប្រើប្រាស់គោលការណ៍ ជានយោបាយគន្លឹះរបស់ខ្លួនគឺ មិនយកខ្មែរណាជាសត្រូវ ជាមូលដ្ឋានតស៊ូមតិ។ លោកថា យុទ្ធសាស្ត្រទាំងនេះ នឹងធ្វើគណ:បក្សប្រឆាំងមួយនេះ មានប្រៀបលើបក្សកាន់អំណាចយ៉ាងពិតប្រាកដជា៕

Exit mobile version