The Cambodia Daily Khmer

អតីតប្រធានចលនានិស្ស័យដើម្បីប្រជាធិបតេយ្យ លើកឡើងថា លោក សម រង្ស៊ី នឹងមិនចូលប្រទេសឡើយ

អតីតប្រធានចលនានិស្ស័យដើម្បីប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ អះអាងថា លោក សម រង្ស៊ី នឹងមិនចូលប្រទេសដូចការអះអាងរបស់លោកនោះឡើយ។ លោកបន្តថា ផែនការធ្វើមាតុភូមិនិវត្តន៍របស់លោក សមរង្ស៊ី ដើម្បីកេងចំណេញនយោបាយ ហិរញ្ញវត្ថុ និងបង្វែងដានរឿងអាស្រូវរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។

លោក សារ៉ូ សុវិជ័យ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា មានមូលហេតុសមរម្យដើម្បីបញ្ជាក់ថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក នឹងមិនអាចចូលស្រុកបាន ក្រោយពេលអតីតប្រធានបក្សប្រឆាំងរូបនេះបានបញ្ចេញសារដុតបញ្ឆេះដល់ចំណុចក្តៅបំផុតក្នុងជីវិតនយោបាយរបស់លោកសម រង្ស៊ី គឺការប្រមាថព្រះមហាក្សត្រ និងការបំផុសឲ្យមានការបះបោរកងកម្លាំងប្រដាប់អាវុធជាដើម។

លោក សារ៉ូ សុវិជ័យ បន្តថា ក្រោមហេតុផលនេះ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំរបស់លោក នឹងមានហេតុផលសមរម្យបំផុតសម្រាប់ប្រាប់មហាជនអំពីការអាក់ខានមិនអាចធ្វើមាតុភូមិនិវត្តន៍បាន ក្នុងនោះ គឺ ហានីភ័យនៃការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ។

ដោយឡែកការរុញច្រានដល់ស្ថានការណ៍បែកបាក់ផ្ទៃក្នុងនៅក្រៅប្រទេស និងការរុញច្រានដល់ផ្លូវទាល់បែបនេះ  លោក សារ៉ូ សុវិជ័យថា ដោយសារមនុស្សជំនិតម្នាក់នឹងលោក សម រង្ស៊ី គឺ លោក អេង ឆៃអ៊ាង។

លោកថា អនុប្រធានគណបក្សប្រឆាំងរូបនេះ កំពុងរុញច្រានលោក សម រង្ស៊ី ឲ្យធ្លាក់ក្នុងជ្រោះមរណៈ ដោយបានរួមចំណែកបំបែកសំឡេងគាំទ្រនៅក្រៅប្រទេស ជាពិសេសនៅឯនាយសមុទ្រ និងនៅកូរ៉េខាងត្បូងឱ្យបែកជាស្ថាពរ។ លើសពីនេះ ការកំណត់ផែនការចូលមាតុប្រទេសនោះ ក៏ឈានដល់ចំណុចរឹតតែពិបាកថែមទៀត។ លោកថា យុទ្ធសាស្ត្រចូលស្រុក ក៏បានបន្លប់រឿងអាស្រូវមួយចំនួន របស់លោក អេង ឆៃអ៊ាងផងដែរ។  

យ៉ាងនេះក្តីអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង មិនបានឆ្លើយតបឬ មានប្រតិកម្មតបនឹងការលើកឡើងនេះឡើយ ដោយថាជារឿងឥតបានការ ឬ ជារឿងឥតប្រយោជន៍។

លោក អេង ឆៃអ៊ាង បានប្រាប់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃពុធ ទី០២ ខែតុលាថា ការអះអាងរបស់ លោក សារ៉ូ សុវិជ័យ ជារឿងអត់ប្រយោជន៍ ហើយលោកក៏មិនចង់តបតអ្វីនោះដែរ។ លោកបន្តថាប្រសិនបើលោកចាញ់ក៏មិនខាត ហើយបើលោកឈ្នះក៏មិន                  ចំណេញ។

ទោះជាយ៉ាងណាក៏ដោយលោក សារ៉ូ សុវជ័យ អះអាងថា លោក អេង ឆៃអ៊ាង ជាមនុស្សជំនិតបំផុតបានក្លាយទៅជាអ្នកបំផ្លាញលោក សមរង្ស៊ី យ៉ាងខ្លាំងបំផុតដោយសារតែវិធីសាស្រ្ត ដុតផ្ទះទាំងមូលដើម្បីចំអិនពងមាន់មួយសំបុក៕

Exit mobile version