The Cambodia Daily Khmer

លោក អ៊ុំ សំអាន ថាការប្តឹងរូបលោក កើតឡើងក្រោយពេលលោកបានរិះគន់បញ្ហាព្រំដែន

អតីតអ្នកជាប់ឃុំមនសិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន មិនមានប្រតិកម្មច្រើនជុំវិញពាក្យបណ្តឹង ដែលប្តឹងរូបលោក ពីសំណាក់ពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែលោកយល់ថា ការប្តឹងរូបលោកនៅពេលនេះគឺ ដោយសារលោកបានរិះគន់បញ្ហាព្រំដែន ពាក់ព័ន្ធការចុះកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ ដោយលោកហៅថា ជាការធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីដោយស្របច្បាប់ទៅភាគីវៀតណាម។ 

ការលើកឡើងថានេះ ក្រោយពេលពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ ឈ្មោះ ជួប ប៊ុនរឿន បានសម្រេចដាក់ពាក្យ ប្តឹងអតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន និង ឈ្មោះ ហេង ឡៃហ៊ួ និងមនុស្សមួយចំនួនទៀតពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» និង «ញុះញ៉ុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» កាលពីថ្ងៃម្សិលមិញ។

ក្នុងពាក្យបណ្តឹងរបស់លោក ជួប ប៊ុនរឿន បញ្ជាក់ថាការប្តឹងបុគ្គលឈ្មោះ អ៊ុំ សំអាន និងឈ្មោះ ហេង ឡៃហ៊ួ និងមនុស្សមួយចំនួនទៀត បន្ទាប់ពីពួកគេបានបង្ហោះ Facebook ចោទប្រកាន់ខ្លួនថា ប្រើអំពីហិង្សាលើចៅសង្កាត់កោះដាច់ លោក ស៊ិន បូណា បណ្តាលឲ្យបាក់ដៃ និងបានប្រើប្រាស់សំណេរក្នុងន័យញុះញ៉ុងឲ្យមានភាពវិកវរដល់សង្គម តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ទោះជាយ៉ាងណាក៏ដោយ អតីតអ្នកទោសនយោបាយដោយសារការរិះគន់រដ្ឋាភិបាលអំពីបញ្ហាព្រំដែន លោក អ៊ុំ សំអាន ហាក់អស់សំណើច ចំពោះបណ្តឹងនេះ ដោយសារបង្ហាញពីអសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនល្មើស ត្បិតមានភស្តុតាងជាច្រើនបង្ហាញពីសកម្មភាពជនដៃដល់ក្នុងការវាយដំទៅលើអតីតចៅសង្កាត់កោះដាច់លោក ស៊ិន បូណា យ៉ាងណាដោយ ប៉ុន្តែមកទល់ពេលនេះសមត្ថកិច្ចនៅតែមិនអាចចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។ ក្រៅពីមិនព្រមស្រាវជ្រាវរកជនដៃដល់ ប៉ុន្តែបែរជាកើតឡើងនូវបណ្តឹង ដែលប្តឹងទៅលើអ្នកបង្ហាញមុខជនល្មើសទៅវិញ។ 

កាលពីថ្ងៃទី៥ ខែតុលា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានធ្វើជាសហប្រធានសន្និសីទស្ដីពីការពិនិត្យឡើងវិញលើការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម តាំងពីឆ្នាំ ២០០៦ និងការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែននោះផងដែរ។

ឯកសារចំនួន ២ នោះមានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ព្រមទាំងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រោយការចុះហត្ថលេខានេះភ្លាម លោក អ៊ុំ សំអាន បានប្រកាសកាន់ទុក្ខនៃការបាត់បង់ទឹកដីខ្មែរក្បែរព្រំដែន ទៅភាគីវៀតណាមមួយសប្តាហ៍។

លោកថា ការចុះហត្ថលេខានេះជាការធ្វើឱ្យបាត់បង់បូរណភាពទឹកដីក្បែរព្រំដែនជារៀងរហូត ប្រៀបដូចមនុស្សស្លាប់ដោយគ្មានថ្ងៃវិលត្រឡប់ឡើយ ប្រសិនបើកម្ពុជាគ្មានរដ្ឋាភិបាលដែលមានឆន្ទៈដើម្បីទាមទារទឹកដីទាំងនោះមកវិញទេ។

អតីតអ្នកជាប់ឃុំមនសិការ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរបស់គណបក្សសង្រ្គោះជាតិ រូបនេះបានលើកឡើងថា ការចោទប្រកាន់លោក កឹម សុខា លោក សម រង្ស៊ី និងសកម្មជនគណបក្សប្រឆាំងថា ក្បត់ជាតិនោះ គឺ មិនត្រឹមត្រូវតាមនិយមន័យនេះឡើយ។ លោកអះអាងថា និយមន័យក្បត់ជាតិដែលត្រឹមត្រូវ គឺ ការចុះហត្ថលេខារបស់លោក ហ៊ុន សែន ក្នុងការកាត់ទឹកដីខ្មែរឱ្យវៀតណាម កាលពីថ្ងៃ៥ តុលា ទៅវិញទេ ទើបគេហៅថាក្បត់ជាតិយ៉ាងពិត ប្រាកដ៕

Exit mobile version