The Cambodia Daily Khmer

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាមចេញមុខបំភ្លឺថា ខ្លួននៅមានជីវិត ដោយកំពុងជាប់ឃុំនៅពន្ធនាគារ

អតីតអនុប្រធានប្រតិបត្តិស្រុក និងជាសមាជិកក្រុមប្រឹក្សាស្រុកបាធាយខេត្តកំពង់ចាមគណបក្សសង្រ្គោះជាតិ លោក ហម វុទ្ធី  បានចេញមុខអះអាងថា ខ្លួននៅមានជីវិត និងមានសុខភាពរឹងមាំ ដោយមិនមានបញ្ហាអ្វីកើតឡើងចំពោះរូបរាងកាយនិងសុខភាពលោកនោះឡើយ។

ការចេញមុខអះអាងនេះ ធ្វើឡើងក្រោយពេលមានពាក្យចចាមអារ៉ាម និងព័ត៌មានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយថា លោក ហម វុទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងធ្វើទារុណកម្មបណ្តាលឱ្យរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិត។

និយាយក្នុងវីដេអូដែលបង្ហោះលើគេហទំព័រសារព័ត៌មាន Fresh News នៅថ្ងៃនេះ ក្នុងសម្លៀកបំពាក់អ្នកជាប់ឃុំ មានពណ៌ស្លាទុំ អតីតអនុប្រធានប្រតិបត្តិស្រុកបាធាយគណបក្សសង្រ្គោះជាតិ លោក ហម វុទ្ធី  អះអាងថាតាំងពីថ្ងៃដែលលោកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ៨ តុលា និងឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរហូតដល់ថ្ងៃនេះ សុខភាពរបស់លោកមិនមានអ្វីបញ្ហាឡើយ។ លើសពីនេះ លោកថា គ្មាននរណាបង្ខិតបង្ខំឬ វាយដំលោកនោះដែរ ហើយព័ត៌មានដែលថាសមត្ថកិច្ចវាយដុំលោករហូតដល់ស្លាប់នោះ គឺមិនពិតឡើយ។

លោក ហម វុទ្ធី ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញតាមដីការបស់តុលាការ រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពីបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយក៏ត្រូវតុលាការចេញដីកាឃុំខ្លួននៅពន្ធនាគារខេត្តតែម្តង។

មកទល់ថ្ងៃនេះយ៉ាងហោចណាស់មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាមជិត១០នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទរួមគំនិតក្បត់ ហើយអ្នកខ្លះបានរត់គេចខ្លួនទៅក្រៅប្រទេស។

ដោយឡែកសម្រាប់ទូទាំងប្រទេសវិញ មានអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិប្រមាណ៥០នាក់ហើយ ដែលត្រូវបានចាប់ចង់ ចោទប្រកាន់អំពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងបទរួមគំនិតក្បត់តាមការចង់បានរបស់លោកហ៊ុន សែន។

ការចាប់ចង់អតីតសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះ ក្រោយពេលគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានកំណត់យកថ្ងៃទី ៩ វិច្ឆិកា ជាថ្ងៃលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សនេះវិលចូលប្រទេសកម្ពុជា និងស្នើឱ្យពលរដ្ឋ ពិសេសសអតីតសកម្មជនរបស់ខ្លួនចូលរួមធ្វើយុទ្ធនាការវិលត្រឡប់នេះ និងរង់ចាំទទួលខ្លួនឱ្យបានច្រើន ។ 

ចំណែករដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ទុកការប្រកាសគាំទ្រយុទ្ធនាការវិលចូលស្រុករបស់លោក សម រង្ស៊ី ថាជាការចូលរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៕

Exit mobile version