សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើសកម្មជនអតីតបក្សសង្គ្រោះជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុលោក ម៉ៃ ហុងស្រៀង ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។
ការសម្រេចនេះធ្វើឡើងក្នុងបន្ទប់សវនាការ នៃការប្រកាសសាលក្រមលើសំណុំរឿងអតីតសកម្មជនខេត្តព្រះសីហនុរូបនេះកាលពីថ្ងៃម្សិលមិញ។
មេធាវីការពារក្តីលោក ម៉ៃ ហុងស្រៀង គឺលោក កែត ឃី បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយនៅថ្ងៃនេះ ថា តុលាការសម្រេចប្រកាស សាលក្រមដោយផ្តន្ទាទោសកូនក្តីរបស់លោកឱ្យជាប់ពន្ធនាគាររយៈ ១ ឆ្នាំកន្លះ ពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋជាអាទិ៍។ លោកបន្តថា ១ បទល្មើសទៀតគឺញុះញង់ធ្វើឲ្យមានការរើសអើង ត្រូវបានទម្លាក់ចោល។
មេធាវីការពារក្តីរូបនេះ អះអាងថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ព្រោះវាអយុត្តិធម៌ចំពោះកូនក្តីរបស់ខ្លួនដោយសារកូនក្តី របស់លោក មិនបានញុះញង់ឲ្យមានបទល្មើសនោះឡើយ។ លោកថា ការសម្រេចរបស់តុលាការនេះ គឺជាការសម្រេចឃុំខ្លួនមនុស្ស ដែលគ្មានកំហុស។
កាលពីចុងខែកក្កដាលោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួននៅតាមបណ្ដោយផ្លូវលេខ ២០០៤ ខណ្ឌពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ក្រោយពេលលោកភៀសខ្លួនពីការឡោមព័ទ្ធនៅខេត្តព្រះសីហនុ។
លោក ម៉ៃ ហុងស្រៀង គឺជាអតីតសកម្មជនបក្សប្រឆាំងមួយរូប ដែលមានភាពលេចធ្លោប្រចាំខេត្តព្រះសីហនុ ដោយហ៊ាននិយាយរិះគន់រដ្ឋាភិបាលពីភាពអសកម្មឥតសច្ចៃមាត់ ជុំវិញបញ្ហាព្រំដែន អំពើពុករលួយ ជនអន្តោប្រវេសន៍វៀតណាម និងចិនខុសច្បាប់។ លើសពីនេះ បញ្ហាយុវជនគ្មានការងារធ្វើគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជាដែលមានប្រាក់ខែសមរម្យ ហើយត្រូវបង្ខំចិត្តទៅធ្វើជាកម្មករនៅក្រៅប្រទេស ព្រមទាំងបញ្ហាជាច្រើនទៀត៕