The Cambodia Daily Khmer

តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនអតីតមន្ត្រីបក្សសង្រ្គោះជាតិខេត្តបាត់ដំបងចំនួន៤រូបទៀត ក្រោមហេតុផលចង់ផ្តួលរំលំរដ្ឋាភិបាល

តុលាការក្រុងភ្នំពេញ បានសម្រេចឃុំខ្លួនអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ចំនួន៤ នាក់ទៀត ពាក់ព័ន្ធការចូលរួមក្នុងផែនការដែលរដ្ឋាភិបាលហៅថា ជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ការសម្រេចនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃម្សិលមិញ បានចេញដីកាបង្គាប់ឱ្យនាំខ្លួន អតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ៤ ដាច់ដោយឡែកពីគ្នា និងសម្រេចឃុំខ្លួន ពាក់ព័ន្ធបទចោទរួមគំនិតក្បត់ ដែលប្រព្រឹត្តនៅក្នុងឆ្នាំ២០១៩។

អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងទាំងបួនរូបនោះ រួមមាន លោក ឌឹម សារឿង រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង លោក សុខ ផាត រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង។ លោក ម៉ែន យ៉ន រស់នៅស្រុកសំឡូត និងចុងក្រោយ លោក ឡី សុខុន រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មកទល់ថ្ងៃនេះ មានអតីតសកម្មជន និងមន្ត្រីគណបក្សសង្រ្គោះជាតិជិត៥០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោមហេតុផលចង់ផ្តួលរំលំរដ្ឋាភិបាល តាមរយៈផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសនាថ្ងៃទី ៩ វិច្ឆិកាខាងមុខ។

លោក ហ៊ុន សែន ការពីពេលថ្មីៗនេះ  បានបញ្ជាឱ្យកងកម្លាំង ត្រៀមលក្ខណៈ និងត្រៀមអាវុធ ដើម្បីកម្ទេចក្រុមប្រឆាំង ជាពិសេសអ្នកដែលធ្វើយុទ្ធនាការគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលលោកចាត់ទុកថាជាផែនការចង់ផ្តួលរំលំរដ្ឋាភិបាល និងប្តូររបបទៀតផង។

យ៉ាងនេះក្តី កាលពីថ្ងៃទី ១២ ខែតុលា អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានអះអាងថា ទោះបីជាមានការចាប់ខ្លួនអតីតសកម្មជនរបស់ខ្លួនច្រើនបែបនេះក្តី ក៏លោកនៅតែប្តេជ្ញាចូលប្រទេសកម្ពុជាឱ្យបាននៅថ្ងៃទី ៩ វិច្ឆិកា។

លើសពីនេះ លោក សម រង្ស៊ី ក៏នៅតែបន្តប្រកាសឱ្យពលរដ្ឋចូលរួមអមដំណើរលោក វិលចូលស្រុកនៅថ្ងៃ៩ វិច្ឆិកា ដោយថាជាឱកាសតែមួយគត់ក្នុងការយកប្រទេសជាតិចេញពីក្រញាំដៃរបស់លោក ហ៊ុន សែន ទៅជូនពលរដ្ឋខ្មែរវិញ។

ដោយឡែកមានអតីតមន្ត្រីបក្សសង្រ្គោះជាតិមួយចំនួនបាននាំគ្នាចូលសារភាពជាថ្នូរនឹងការរួចខ្លួននោះ លោក សម រង្ស៊ី បានប្រដូចការសារភាព ក្នុងរឿងនយោបាយ ក្រោមអំណាចរដ្ឋាភិបាលលោក ហ៊ុន សែន គឺមិនខុសពី ការសារភាព ក្រោមរបប ប៉ុល ពត នោះឡើយ។ លោកថា ការសារភាព ក្រោមរបបទាំងពីរនេះ គឺបានមកពីការបង្ខិតបង្ខំ ឲ្យអ្នកជាប់ចោទសារភាពក្លែងក្លាយ ដែលមានអត្ថន័យខុសពីការពិតទាំងស្រុងដូចគ្នា៕

Exit mobile version