The Cambodia Daily Khmer

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានរកឃើញសពស្រ្តីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង

កម្លាំងចម្រុះខេត្តព្រះសីហនុនៅរសៀលនេះ បានរកឃើញស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួនកាលពីសប្តាហ៍មុន ប៉ុន្តែនាងបានស្លាប់ទៅហើយ។

ស្រ្តីជនជាតិអង់គ្លេសវ័យ ២២ឆ្នាំ Amelia Bambridge បានបាត់ខ្លូនកាលពី ៨ថ្ងៃមុន ពោលគឺថ្ងៃទី ២៤តុលា នៅកោះរ៉ុង ខេត្តព្រះសីហនុ។

ឧកញ៉ាទៀ វិចិត្រ ដែលជាកូនបង្កើតមេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ និងជាក្មួយបង្កើតលោក ទៀ បាញ់  បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលនេះ ថាសពស្រ្តីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។ កាសែតក្នុងស្រុកបានចុះផ្សាយថាក្រោយរកឃើញសពស្ត្រីរូបនេះ កម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត។

ស្រ្តីជនជាតិអង់គ្លេស នាង Amelia Bambridge បានបាត់ខ្លួនស្ថិតនៅកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង កាលពីព្រឹកថ្ងៃទី ២៤ តុលា ក្រោយពេលនាងបានចេញដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅកោះរ៉ុងនៅថ្ងៃទី ២៣ តុលា ហើយនាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ក្នុងគោលបំណងទេសចរណ៍។

រដ្ឋបាលសាលាខេត្តព្រះសីហនុបានអះអាងថា មុនបាត់ខ្លួន
គេបានប្រទះឃើញនារីជនជាតិអង់គ្លេសរូបនោះលើកចុងក្រោយនៅម៉ោងជាង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។

ក្រោយមកក្នុងការរុករកប៉ុន្មានថ្ងៃមកនេះ សមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ៕

Exit mobile version