The Cambodia Daily Khmer

លោក សម រង្ស៊ី អំពាវនាវចុងក្រោយឱ្យពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ងើបឡើងរំដោះប្រទេសពីក្រញាំដៃលោក ហ៊ុន សែន

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្រោកឡើងដើម្បីរំដោះប្រទេសចេញពីក្រញាំដៃរបស់លោក ហ៊ុន សែន និងបក្ខពួក។

ថ្លែងក្នុងវីដេអូខ្លីបដែលបង្ហោះនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថានេះជាការអំពាវនាវចុងក្រោយរបស់លោក មុនថ្ងៃទី៩ ខែវិច្ឆិកាចូលមកដល់។ លោកបន្តថា ថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ លោកអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់ខេត្តក្រុង មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ រួបរួមគ្នាជាធ្លុងមួយ ដើម្បីរំដោះប្រទេសជាតិចេញពី                 រដ្ឋាភិបាលលោកហ៊ុន សែន ដែលលោកហៅថាជារបបផ្តាច់ការ និងបំផ្លាញជាតិ។ លោកក៏បានប្តេជ្ញាជាថ្មីទៀតថា នៅថ្ងៃទី៩ ខែវិច្ឆិកា ថាលោកនឹងមកដល់កម្ពុជាឱ្យខាងតែបានទោះបីជាមានឧបសគ្គបែបណាក្តី។

ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី នេះធ្វើឡើងស្របពេលដែលអាជ្ញាធរលោកហ៊ុន សែន បានត្រៀមកម្លាំងប្រដាប់អាវុធ រាប់ម៉ឺននាក់ដាក់ពង្រាយតាមព្រំដែន អមដោយអាវុធយុទ្ធភ័ណ្ឌជាច្រើន ដើម្បីកម្ទេសក្រុមបក្សប្រឆាំង ក្រោមហេតុផលថាដើម្បីការពាររដ្ឋាភិបាលស្របច្បាប់ ពីការប៉ុនប៉ងផ្តួលរំលំណាមួយ។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃនេះ បានលើកឡើងថានៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកាទៀតផង។

លោក ប្រកាសឱ្យពលរដ្ឋជាតិ អន្តរជាតិចូលរួមឱ្យបានសប្បាយរីករាយ ដោយត្រៀមអំបុក, ចេកទុំ ដូងខ្ចី ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី៩ ខែវិច្ឆិកានោះ ដែលលោកឱ្យឈ្មោះថា “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ” ។

លោកមិនបានលើកឡើងអំពីករណីលោក សម រង្ស៊ីទេ ប៉ុន្តែរាជការរបស់លោកបានសម្ញែងកងកម្លាំងព្រោងព្រាត ព្រមទាំងព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឱ្យដឹងលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាថែមទៀត។

អ្នកវិភាគនៅក្រៅប្រទេសលោក គឹម សុខ ថាផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី បានធ្វើឱ្យលោក ហ៊ុន សែន មានការព្រួយបារម្ភជាខ្លាំងនិងជ្រួលច្របល់វ៉ល់យុទ្ធវិធីថែមទៀតផង។

លោកបន្តថា ដូច្នេះលោក សម រង្ស៊ី គ្មានហេតុផលខ្លាចអ្វីនឹងលះបង់ ដើម្បីចូលប្រទេសឲ្យបាននោះទេ។ លោកថា បើលោក សម រង្ស៊ី មានឆន្ទៈចូលស្រុកមែន គាត់ពិតជាមានផ្លូវដើរចូល ប៉ុន្តែមិនមែនជាផ្លូវដោះដូរស្ងាត់ៗនោះឡើយ៕

Exit mobile version