The Cambodia Daily Khmer

ក្រសួងការបរទេសបញ្ឈប់សុពលភាពលិខិតឆ្លងដែនមន្រ្តីបក្សប្រឆាំងចំនួន១២រូប

ក្រសួងការបរទេសកម្ពុជា បានសំរេចបញ្ចប់សុពលភាពលិខិតឆ្លងដែន របស់មន្រ្តីអតីតគណបក្សប្រឆាំង១២រូប និងហាមមិនចូលក្នុងប្រទេសកម្ពុជា។

មន្រ្តីជាន់ខ្ពស់របស់ ក្រសួងការបរទេសបានប្រាប់សាព័ត៌មានក្នុងស្រុកថាខ្លួនបានជូនដំណឹងអំពីការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីគណបក្សប្រឆាំងទាំងនេះ ទៅកាន់ស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យស្ថានទូតទាំងនោះ ជូនដំណឹងបន្ត ទៅកាន់រដ្ឋាភិបាលរបស់គេ។

អ្នកទាំង១២ រូបនោះ  រួមមាន លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់  លោក ឡុង រី អ្នកស្រី មូរ សុខហួរ លោក សោ ចាន់ដេត  លោក គង់ សភា លោក វ៉ាន់ ណារិទ្ធ លោក ដាង ចំរើន លោក ញឹម គិមញុល លោក ហេង ដាណារ៉ូ លោក អ៊ីសា ឧស្មាន់ និង លោក ម៉ន ផល្លា។


ការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់ក្រុមមន្រ្តីជាន់ខ្ពស់របស់ គណបក្សសង្គ្រោះជាតិទាំង១២រូបនេះ ធ្វើស្របពេលដែលក្រុមថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិពីភាគីលោក សមរង្ស៊ី បានវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ស្អែកនេះ។

រហូតមកទល់ពេលនេះក្រុមមន្រ្តីរបស់លោក សមរង្ស៊ី ជាច្រើនកំពុងមានវត្តមានក្នុងប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីត្រៀមកំលាំងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា។

ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចរបស់លោក ហ៊ុន សែន នៅតែបន្ថែមការត្រៀមកំលាំងរបស់ខ្លួនដើម្បីចាំចាប់ក្រុមមន្រ្តី និងក្រុមសកម្មជនរបស់លោក សមរង្ស៊ី ដដែល៕

Exit mobile version