The Cambodia Daily Khmer

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងវៀតណាម ជាង១៥០នាក់ សង្ស័យស្នាក់នៅនិងធ្វើការខុសច្បាប់នៅកម្ពុជា

សមត្ថកិច្ចទីក្រុងភ្នំពេញបានចុះបង្រ្កាប និងចាប់ខ្លួនជនអន្តោប្រវេសន៍ចិន និងវៀតណាម ចំនួន១៥៤ នាក់ ក្នុងនោះជនជាតិវៀតណាមមានចំនួន១១៩នាក់ ស្រី ចំនួន១២ នាក់។ ពួកគេទាំងអស់ត្រូវបានឃាត់ខ្លួនសួរនាំ ដោយសង្ស័យថាពួកគេកំពុងរស់នៅ និងបំពេញការងារដោយខុសច្បាប់នៅកម្ពុជា។

ក្រុមសមត្ថកិច្ចបានប្រាប់សាព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចជំនាញបាននិងកំពុងបន្តការសាកសួរជនជាតិចិន និងវៀតណាមទាំង ១៥៤ នាក់ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជុំវិញករណីគ្មានបណ្ណការងារ និងគ្មានឯកសារឆ្លងដែនត្រឹមត្រូវ។ ការសាកសួរនេះ  បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យទីតាំងសំណង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែធ្នូ នេះ។

របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ឱ្យដឹងថា ឯកសារមិនត្រឹមត្រូវដែលផ្តល់ជូនជនបរទេសក្នុងការរស់នៅកម្ពុជា ជិត៤ម៉ឺនច្បាប់(៣៧.៤៤១) ច្បាប់ដែលប្រើប្រាស់ដោយជនបរទេសចំនួន ជិត៧ម៉ឺននាក់(៦៩.៨៧១) ត្រូវបានដកហូតមកវិញរាប់តាំងពីឆ្នាំ ២០១៧ មក៕

Exit mobile version