The Cambodia Daily Khmer

លោកហ៊ុន សែន ការពារមន្ត្រីរបស់ខ្លួន ឱ្យរួចផុតពីការទទួលខុសត្រូវករណីរលំអគារ នៅខេត្តកែប

ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប បានបណ្តាលឱ្យមនុស្សចំនួន៣៦ នាក់ ស្លាប់ និងរបួសចំនួន២៣នាក់។

ថ្លែងក្នុងសិន្និសីទកាសែតកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានប្រកាសក្រោយបិទបញ្ចប់ជាស្ថាពរនូវប្រតិបត្តិការរុក រកជនរងគ្រោះក្នុងគំនរអគារនោះ ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ៣៦ នាក់ និងរបួស ២៣ នាក់។

សោកនាដកម្មនេះដ៏រន្ធត់នេះ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងការពារមន្ត្រីក្រោមឱវាទរបស់លោកថា នឹងមិនមានមន្ត្រីណាម្នាក់ត្រូវបានដកពីតំណែងឬទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នោះទេ។

ដើម្បីបន្សាប ឬ បញ្ចៀសពីការទទួលខុសត្រូវចំពោះករណីនេះ លោក ហ៊ុន សែន ក៏បានលើកឡើងអំពីករណីបាក់រលំអគារ ឬករណីឧប្បទ្ទវហេតុផ្សេងៗនៅក្រៅប្រទេសថា ប្រទេសគេក៏មិនដែលដកចៅហ្វាយក្រុង ឬ ចៅហ្វាយរដ្ឋនោះដែរ។ ដូច្នេះកម្ពុជាក៏គ្មានហេតុផលណាត្រូវដកមន្ត្រីចៅហ្វាយខេត្តកែប ឬមន្ត្រីពាក់ព័ន្ធនោះដែរ។

លោក ហ៊ុន សែន មិនត្រឹមតែប្រកាសការពារមន្ត្រីក្រោមឱវាទរបស់លោក នោះទេ ប៉ុន្តែលោកថែមទាំងព្រមានដល់មន្ត្រី ឬជនទាំងឡាយណាដែលបង្ហោះសាររិះគន់ ឬទាមទារឱ្យដកតំណែងអ្នកនេះ ឬអ្នកនោះថែមទៀតផង ដោយថាជាក្រុមមនុស្សដុតឱ្យខ្លោច រោចឱ្យឆៅ។

បុរសខ្លាំងរូបនេះ ក៏បានលើកឡើងដែរថា សោកដកម្មនេះ ក៏ជាចំណែកខុសរបស់ខ្លួន ដោយសារបានដឹកនាំប្រទេសឱ្យរីកចម្រើន មានសំណង់អគារខ្ពស់ៗ នាំឱ្យមានការបាក់រលំអគារដូច្នេះ។ លោកបន្តថា បើលោកដឹកនាំត្រឹមតែធ្វើឱ្យពលរដ្ឋមានខ្ទមរស់នៅ ក៏គ្មានរឿងរ៉ាវបែបនេះដែរ។

កាលពីរសៀលថ្ងៃទី៣ មករា អគារកម្ពស់៧ជាន់នៅខេត្តកែប ដែលមានម្ចាស់សំណង់ជាជនជាតិខ្មែរឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី បានបាក់រលំ ដោយអាជ្ញាធរអះអាងថាដោយសារសំណង់ខ្វះបច្ចេកទេស។ ចំពោះជនរងគ្រោះជិត៦០នាក់ទាំងស្លាប់និងរបួសនោះ លោកហ៊ុន សែន បញ្ជាក់ថា អ្នករងរបួសនឹងទទួលបានថវិកាឧបត្ថម្ភម្នាក់ៗ ១ម៉ឺនដុល្លារ ប៉ុន្តែមានចំនួន ៧ នាក់នឹងត្រូវទទួលបាន ២ ម៉ឺនដុល្លារ។ សម្រាប់សាកសពម្នាក់ៗទទួលបាន ៥ ម៉ឺន និងថវិកាសម្រាប់ធ្វើបុណ្យ ១០ លានរៀលបន្ថែមទៀត។

នេះជាគ្រោះថ្នាក់រលំសំណង់អគារធំៗ ជាលើកទី៣ ហើយ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៩មក។

កាលពីថ្ងៃទី ២២ ខែមិថុនា សំណង់អគារកម្ពស់៧ជាន់ដែលមានថៅកែ និងអ្នកម៉ៅការជាជនជាតិចិន នៅខេត្តព្រះសីហនុបានបាក់រលំ                    បណ្តាលឱ្យកម្មករខ្មែរចំនួន២៨នាក់ស្លាប់ និង២៦ នាក់ទៀតរងរបួស។ ការបាក់រំលំនោះ អាជ្ញាធរបញ្ជាក់ថាសំណង់អគារពេលនោះសាងសង់ខុសច្បាប់ និងមិនបានគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

សំណុំរឿងនេះ ត្រូវបានស្ងប់ស្ងាត់បន្ទាប់ពីលោកហ៊ុន សែន និង                   ស្ថាប័នរដ្ឋផ្សេងទៀត ប្រកាសផ្តល់ប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះ ព្រមទាំងបានដកអភិបាលខេត្តព្រះសីហនុលោក យន្ត មីន  និងអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដា ពេលនោះចោលទៀតផង។

កាលពីខែមិថុនា លោក ហ៊ុន សែន អះអាងថាការបាក់រលំសំណង់អគារនៅខេត្តព្រះសីហនុជាសោកនាដកម្មរបស់ជាតិ ហើយសច្ចាថានឹងមិនឱ្យករណីបែបនេះកើតឡើងទៀតឡើយ ដោយលោកបានបញ្ជាឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ផ្អាករាល់សំណង់ទាំងអស់ដើម្បីស្រាវជ្រាវភាពស្របច្បាប់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ជៀសវាងបណ្តាលឱ្យមានហេតុការណ៍នេះបន្តកើតឡើងទៀត។

ទោះបីជាមានការសច្ចាពេលនោះ ថាមិនឱ្យមានរឿងអាក្រក់នេះកើតឡើងយ៉ាងណាក៏ដោយ ប៉ុន្តែហេតុការណ៍នៅតែកើតមានឡើងដដែល។

ជាក់ស្តែងកាលពីថ្ងៃទី ២ ធ្នូ ករណីបាក់សំណង់អគារសាលាឆាន់ ក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប បណ្តាលឱ្យមានមនុស្ស៣នាក់ស្លាប់ និងរបួស១៣នាក់ ដោយមូលហេតុមកពីធ្វេសប្រហែសរបស់ក្រុមជាងសំណង់ជាដើម។

អ្នកតាមដានសង្គមធ្លាប់លើកឡើងថា ករណីបែបនេះ នឹងកើតឡើងបន្តទៀតក្នុងរដ្ឋាភិបាលលោកហ៊ុន សែន ដរាបណាអំពើពុករលួយ បក្ខពួកនិយម និងវប្បធម៌គ្មានការទទួលខុសត្រូវចំពោះមុខច្បាប់នៅតែមិនអាចលុបបំបាត់បានទេនោះ៕ 

Exit mobile version