The Cambodia Daily Khmer

បុរសខ្លាំងនៅម៉ាឡេស៊ី លោកមហាធា សារភាពចាញ់គូប្រកួតលើសមរភូមិនយោបាយក្នុងរដ្ឋសភា

ខណៈនេះ ស្ថានភាពនយោបាយ នៅប្រទេសម៉ាឡេស៊ី កំពុងវិលមក រកការប្រកួតគ្នានៅក្នុងរដ្ឋសភា គឺការសុំសមាជិកសភា បោះឆ្នោតសំដែងការទុកចិត្ត លើសមាសភាពគណៈរដ្ឋមន្ត្រីរបស់ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ដែលទើបបានស្បថនៅចំពោះមុខព្រះភ័ក្រ ព្រះមហាក្សត្រកាលពីថ្ងៃទី១ មីនា ។ សមាសភាព គណៈរដ្ឋមន្ត្រីដែល អាចមានដល់ទៅ ៣២រូប នឹងត្រូវមកបង្ហាញខ្លួន សុំការយល់ព្រមពីសមាជិក យ៉ាងតិច ១១២ រូបឡើងទៅ ទើបក្លាយជាគណៈរដ្ឋមន្ត្រីស្របច្បាប់។

តែនៅពេលជាមួយគ្នានេះ ស្រាប់តែមានការភ្ញាក់ផ្អើលម្ដងទៀតនៅ           ថ្ងៃពុធ ទី១១ ខែមីនានេះ គឺ អតីតនាយករដ្ឋមន្ត្រី មហាធាម៉ាហាម៉ាត់ ដែល មិនអាចរកសំឡេងគាំទ្រ គ្រប់គ្រាន់ ដើម្បីអោយព្រះមហាក្សត្រចាត់តាំង រូបលោកជានាយករដ្ឋមន្ត្រីម្ដងទៀត  បែរជាសារភាពទទួលស្គាល់ពីបរាជ័យរបស់ខ្លួនទៅវិញ។

លោក អះអាងថា នាយករដ្ឋមន្ត្រីថ្មីដែលជាអតីត ឧបនាយករដ្ឋមន្ត្រីរបស់លោក គឺលោក Muhyiddin Yassin នឹងទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតផ្ដល់ការគាំទ្រពីសមាជិកសភា។

លោក មហាធៀបានផ្ដល់ចំឡើយ របស់លោកដូចនេះ  ធ្វើឡើងក្នុង បទសម្ភាសន៍ជាមួយកាសែតក្នុងស្រុក បោះពុម្ពផ្សាយ ជាភាសា               ម៉ាឡេស៊ី ដែលត្រូវបានស្រង់មកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមីនានេះ។

ក្នុងបទសម្ភាសន៍នេះ អ្នកនយោបាយជើងចាស់រូបនេះ បានសារភាពចុះចាញ់គូប្រកួត ដែលលោកអះអាងថា លោកលែងទទួលបានការ               គំាទ្រភាគច្រើននៅក្នុងរដ្ឋសភាទៀត បើធៀបនឹង លោក Muhyiddin Yassin ។

លោក មហាធា និយាយថា លោកអាចរកសំឡេង ១១៤រូប ក្នុងចំណោមសមាជិកសភា ២២២រូប នៃសមាជិករដ្ឋសភាបាន ប៉ុន្តែ           កាលៈទេសៈនេះលោកបានបាត់បង់សំឡេងភាគច្រើន ទៅហើយ ។

លោក មហាធៀ មហាម៉ាត់ គឺជាអ្នកនយោបាយជើងចាស់ បច្ចុប្បន្នលោកមានអាយុ ៩៤ឆ្នាំ ហើយ។ លោក ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។  លោកបានត្រឡប់មកកាន់អំណាចជាថ្មី តាមរយៈការបោះឆ្នោតសភា នីតិកាលទី១៤ កាលពីថ្ងៃទី៩ឧសភា ឆ្នាំ២០១៨។

ក្នុងការបោះឆ្នោតនោះ គឺក្រុមសម្ព័ន្ធភាព ចម្រុះ Pakatan Harapan របស់ លោក ជាអ្នកឈ្នះឆ្នោត ។ ក្រុមនេះបានលើកលោក ជានាយករដ្ឋមន្ត្រី ទី៨ នៃរាជាណាចក្រម៉ាឡេស៊ី ។ ប៉ុន្តែលោកបានសម្រេចលាលែង ចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកុម្ភៈ គឺក្រោយមួយថ្ងៃបន្ទាប់ពីលោក បានជួប លោក អាន់វ៉ាអ៊ីប្រាហ៊ិមដែលលោកសន្យា ផ្ទេរតំណែងអោយអតីតអ្នកទោស នយោបាយរូបនេះនៅឆ្នាំ២០២០នេះ ។

ការដែលលោក មហាធា លាលែងពីតំណែងនេះ បាននាំអោយ មានការរិះគន់លោក ជាខ្លាំង ដោយក្រុមលោកអាន់វ៉ាចោទ ថា លោកជាអ្នកនយោបាយ ក្បត់ដៃគូរបស់ខ្លួន។

ស្រាប់តែ មិនបានប៉ុន្មាថ្ងៃផង អ្នកនយោបាយ ជើងចាស់រូបនេះ បែរជាស្វះស្វែងរក ការវិលមកវិញ ដោយសម្រេចប្រកួតជាមួយ ឧបនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺ Yassin ដែល ព្រះមហាក្សត្របានចាត់តាំងជានាយករដ្ឋមន្ត្រីបានមុនលោក មួយថ្ងៃ។

នៅទីបំផុត នៅពេលលោក ចាញ់ក្នុងសមរភូមិរាជវាំង  លោកមហាធាបែរជាបានចោទ លោក Yassin ថា ជាកូនក្បត់ឪ ហើយរត់ទៅលួច ចាប់ដៃជាមួយ ក្រុមប្រឆាំងនៃសម្ព័ន្ធ រណសិរ្យជាតិបារិសាន់ ឬបក្សUMNO និង បក្ស PAS មកផ្ដួលលោកទៅវិញ។ តែយ៉ាងណា បុរសខ្លាំងរូបនេះ បានសារភាព ថាលោក នឹងចាញ់លោក Yassin ម្ដងទៀត នៅក្នុងរដ្ឋសភាបើលោកនៅតែមានះ ចង់ប្រកួតនឹងលោក Yassin ក្នុងសមរភូមិដែលមាន ចៅក្រម ១២០រូប។ អ្នកសង្កេតការណ៍ព្រមានពីវិបត្តិរដ្ឋសភា ប្រសិនបើសមាភាពគណៈរដ្ឋមន្ត្រី ថ្មីរបស់លោក Yassin មិនទទួលបានការគាំទ្រ គ្រប់គ្រាន់ពីសមាជិកសភា ។

មកដល់ពេលនេះ នៅមិនទាន់ដឹងថា ប្រធានរដ្ឋសភា យល់ព្រមលុបចោល ការលើកពេលសម័យប្រជុំសភា នៅឡើយទេ ដែលប្រធានរដ្ឋសភាបានសម្រេចលើកទៅធ្វើនៅអំឡុងខែឧសភា តាមការស្នើសុំពីលោក Yassin ក្នុងនាមលោកជានាយករដ្ឋមន្ត្រីទទួលបានការគាំទ្រពីព្រះមហាក្សត្រ៕

Exit mobile version