The Cambodia Daily Khmer

អាជ្ញាធរជំនាញខេត្តកំពង់ចាម បញ្ជាក់ថាឧកញ៉ាមួយរូបពិតជាមានផ្ទុកជំងឺកូវីដ១៩

អាជ្ញាធរជំនាញសុខាភិបាលខេត្តកំពង់ចាម បានអះអាងថាឧកញ៉ាមួយរូប នៅខេត្តកំពង់ចាម ឈ្មោះ ជា ពៅ ពិតជាមានផ្ទុកជំងឺកូវីដ១៩ប្រាកដមែន។

ការលើកឡើងនេះ ក្នុងថ្ងៃជាមួយគ្នានឹងការច្រានចោលព័ត៌មានអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩  នៅខេត្តកំពង់ចាម ពីសំណាក់រដ្ឋបាលខេត្តនេះ ដែលនឹងអាចឆ្លងចេញពីឧកញ៉ារូបនេះ។

របាយការណ៍ចុះប្រមូលព័ត៌មានពាក់ព័ន្ធជំងឺកូវីដ១៩ នៅរោងចក្រក្តាបន្ទះ ក្នុងឃុំអំពិល របស់ការិយាល័យសុខាភិបាលស្រុកំពង់សៀម ខេត្តកំពង់ចាមកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះស្រាវជ្រាវទីតាំងរោងចក្រក្តាបន្ទះ ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា រូបនេះ បានរកឃើញថា លោក ជា ពៅ ពិតជាមានផ្ទុកជំងឺកូវីដ១៩ ប្រាកដមែន។

របាយការណ៍ដដែលបន្តថា ឧកញ៉ារូបនេះ បានរកឃើញផ្ទុកជំងឺកូវីដ១៩ នៅភ្នំពេញ ប៉ុន្តែតាំងពីមុន និងក្រោយពេលរកឃើញថាលោកមានជំងឺនេះ លោកមិនដែលទៅស្នាក់នៅក្នុងរោងចក្រក្តាបន្ទះនេះទេ។

អាជ្ញាធរជំនាញបញ្ជាក់ថា ដោយឡែកជនជាតិចិនដីកោះ មួយរូបជាមេការោងចក្រនេះ ដែលបានស្នាក់នៅរោងចក្រក្តាបន្ទះប្រហែល៣ខែនោះ  បានត្រឡប់ទៅតៃវ៉ាន់វិញ កាលពីថ្ងៃទី៩ខែមេសា ដោយគាត់បានធ្វើតេស្តរកជំងឺកូវីដ១៩ហើយ ប៉ុន្តែលទ្ធផលអវិជ្ជមាន។

ការិយាល័យសុខាភិបាលស្រុកកំពង់សៀម អះអាងថា បច្ចុប្បន្នរោងចក្រនេះមិនបានដំណើរការទៀតឡើយ ព្រោះគ្មានវត្ថុធាតុដើម និងមិនអាចនាំចេញបាន។ រោងចក្រនេះ មិនមានកម្មករធ្វើការងារទៀតទេ ក្រៅតែពីកម្មករ១៥នាក់ប៉ុណ្ណោះ។

របាយការណ៍នេះ ចេញស្របគ្នានឹងលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានច្រានចោលសារជាសំឡេងរបស់ស្ត្រីម្នាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយគេបានចែករំលែកតៗគ្នា នាប៉ុន្មានថ្ងៃនេះ។

សារជាសំឡេងនោះ បានបញ្ជាក់ថាឧកញ៉ា ជា ពៅ បានឆ្លងជំងឺកូវីដ១៩នេះ ហើយក៏អាចមានឧកញ៉ាៗ និងមនុស្សជាច្រើនទៀតនៅខេត្តកំពង់ចាម អាចនឹងឆ្លងជំងឺនេះ ត្បិតលោក ជា ពៅ បានប្រាស្រ័យទាក់ទងច្រើន។

រដ្ឋបាលខេត្តកំពង់ចាម បានបដិសេធទាំងស្រុងនូវសារជាសំឡេងនោះ និងចាត់ទុកជាការបំផុសបំផុល បំប៉ោងព័ត៌មានមិនពិត ព្រមទាំងទាមទារឱ្យស្ត្រីរូបនេះធ្វើការកែតម្រូវព័ត៌មាននោះជាបន្ទាន់។

យ៉ាងនេះក្តី សារជាសំឡេងរបស់ស្ត្រីរូបនោះ ក៏ស៊ីចង្វាក់គ្នាទៅនឹងសារជាសំឡេងរបស់បុរសម្នាក់ ដែលបានលើកឡើងថា ឧកញ៉ា ជា ពៅ បានឆ្លងជំងឺកូវីដ១៩ ហើយក៏មានឧកញ៉ាៗ និងមនុស្សជាច្រើនទៀតកំពុងភិតភ័យក្នុងការឆ្លងជំងឺនេះ ព្រោះបានស៊ីផឹក និងប្រាស្រ័យទាក់ទងជាមួយលោក ជា ពៅ។

លោក ជា ពៅ មានវីឡាដ៏ស្កឹមស្កៃមួយក្នុងក្រុងកំពង់ចាម ហើយលោកត្រូវបានសកម្មជនការពារព្រៃឈើ អះអាងថា ជាម្ចាស់ក្រុមហ៊ុនកែច្នៃឈើឈ្មោះ អង្គរប្លាយហ្វូត(Angkor Fly Wood) ដែលកំពុងសហប្រតិបត្តិការប្រមូលយកឈើចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ  ធីង៉ា ក្រុមហ៊ុន ស៊ីងបាយអូទិច ដែលពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ផងដែរ៕

Exit mobile version