The Cambodia Daily Khmer

រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកជាង៣០ហិកតា ឱ្យទៅក្រុមហ៊ុនឯកជន

លោកហ៊ុន សែន បានចារយល់ព្រមតាមសំណើររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ជុំវិញការស្នើសុំកាត់ផ្ទៃបឹងតាមោកទំហំ៣៤ហិកតាបន្ថែមទៀតឱ្យទៅក្រុមហ៊ុនឯកជនមួយ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៧ ខែមេសា ផ្ញើជូនទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងដែនដី រដ្ឋមន្រ្តីធនធានទឹក និង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថាសំណើរសុំកាត់ផ្ទៃបឹងតាមោក៣៤ហិកតានោះ ដោយ៣០ហិកតា ត្រូវផ្តល់ទៅឲ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា ប៉ុន្តែតំណាងក្រុមហ៊ុននេះត្រូវដោះស្រាយជាមុន ជាមួយអ្នកកាន់កាប់ផ្ទៃបឹងតាមោក៣០ហិកតានោះ ដោយក្នុង១ម៉ែត្រការ៉េ មានតម្លៃ៥ដុល្លារ។ ដោយឡែកផ្ទៃបឹងទំហំ៤ហិកតាទៀត រដ្ឋាភិបាលមិនបានបញ្ជាក់ថា ផ្តល់ឲ្យអ្នកណាឬក្រុមហ៊ុនណានោះឡើយ។

លិខិតដដែល បានឲ្យដឹងថា ក្រៅពីផ្ទៃបឹងតាមោក៣៤ហិកតា នៅមានដី៣កន្លែងទៀត ដែលរដ្ឋាភិបាលបានដោះដូរ ប៉ុន្តែពុំបានបញ្ជាក់ថា ដោះដូរឲ្យទៅអ្នកណា និងដោះដូរក្នុងគោលបំណងអ្វីនោះឡើយ។

 កាលពីថ្ងៃទី៣កុម្ភៈ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយសម្រេចកំណត់ទំហំផ្ទៃដីបឹងតាមោកឬ បឹងកប់ស្រូវជាង៣ពាន់ហិកតា(៣ ២៣៩,៧) ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុងវេទិកាថ្នាក់ជាតិលើកទីពីរ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” តារាចម្រៀងស្រីដ៏ល្បីនៅកម្ពុជាមួយរូប កញ្ញា មាស សុខសោភា ធ្លាប់ស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអន្តរាគមន៍ជួយរក្សាបឹងតាមោក ឬបឹងកប់ស្រូវ ដោយជួយមិនឱ្យមានការលុបបឹងនេះអី ព្រោះថាបឹងនេះជាបឹងធម្មជាតិធំចុងក្រោយនៅរាជធានីភ្នំពេញ។  ជាការឆ្លើយតប នៅគ្រាលនោះលោក ហ៊ុន សែន ក៏បានឆ្លើយតបនឹងសំណើរកញ្ញា មាស សុខសោភា ថា នឹងរក្សាទុកបឹងនេះ។

ផ្ទុយស្រឡះពីការសន្យា របស់លោកហ៊ុន សែន គ្រានោះ ព្រោះមកដល់ពេលបច្ចុប្បន្នបឹងធម្មជាតិមួយនេះរងការរំលោភយកឬ កាត់ចេញបន្តិចម្តងៗ ទៅឱ្យស្ថាប័នពាក់ព័ន្ធតាមការស្នើសុំរបស់រដ្ឋនិងឯកជន ដោយមានការយល់ព្រមពីលោកលោក ហ៊ុន សែន ផ្ទាល់ ។

ចាប់តាំងពីចុងឆ្នាំ២០១៨មក រដ្ឋាភិបាលបានយល់ព្រមកាត់ផ្ទៃដីបឹងតាមោកទៅឱ្យស្ថាប័នរដ្ឋ និងឯកជនក្រោមគម្រោងអភិវឌ្ឍន៍មានទំហំប្រមាណ១៣០ហិកតារួចទៅហើយ។ 

កាលពីចុងខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ពីសមាគមធាងត្នោត បានអះអាងថា បឹងចំនួន២៦នៅរាជធានីភ្នំពេញ ត្រូវបានចាក់ដីលុបទាំងអស់ ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។

របាយការណ៍នោះឱ្យដឹងថា ការលុបបឹងទាំងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសាររងផលប៉ះពាល់ ដូចជាបាត់បង់លំនៅដ្ឋានជាដើម៕

Exit mobile version