The Cambodia Daily Khmer

លោក កឹម សុខា ផ្ញើសាររំលែកទុក្ខគ្រួសារលោកហ៊ុន សែន

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានផ្ញើរសាររំលែកទុក្ខដល់គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីម្តាយក្មេករបស់លោក និងជាម្តាយបង្កើតរបស់លោក ស្រី ប៊ុន រ៉ានី ហ៊ុន សែន បានទទួលមរណភាពកាលពីព្រលឹមទៀបភ្លឺព្រឹកថ្ងៃ៤ ឧសភានេះ។

សេចក្តីជូនដំណឹង ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះបានឱ្យដឹងថាម្ដាយក្មេករបស់លោក និង ជាម្ដាយបង្កើតរបស់លោកស្រី ប៊ុន រ៉ានី គឺ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ប៊ុន ស៊ាងលី បានទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយរោគាពាធ។

ក្នុងសាររំលែកទុក្ខសោកនោះ លោក កឹម សុខា ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់នៅព្រឹកថ្ងៃច័ន្ទនេះ លើកឡើងថា ភរិយាលោក និងរូបលោក មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយសារអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  បានទទួលមរណភាព។

លោកបន្ថែមថា មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោក កឹម សុខា និងគ្រួសារ សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយលោក ហ៊ុន សែន និងគ្រួសារ  ព្រមទាំងសាច់ញាតិក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង និងបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា                ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។

លោក កឹម សុខា បច្ចុប្បន្ននៅតែស្ថិតនៅក្នុងចំណងនៃការអនុវត្តនីតិវិធីជំនុំជម្រះក្តីលើសំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសឬ ត្រូវរ៉ូវជាមួយបរទេស មិនទាន់ចប់នៅឡើយ ដែលធ្វើឱ្យសេរីភាពរបស់លោកស្ថិតក្នុងភាពរឹតត្បិតផងដែរ។

សហគមន៍ជាតិ និងអន្តរជាតិ បានបន្តជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់សិទ្ធិសេរីភាពទាំងសិទ្ធិនយោបាយ និងពលរដ្ឋ ដល់ប្រធានគណបក្សប្រឆាំងរូបនេះឡើយវិញ តាមរយៈការទម្លាក់បទចោទប្រកាន់ទាំងឡាយលើរូបលោក ដើម្បីជាផ្លូវឈានទៅរកការបង្រួបបង្រួមជាតិ និងឯកភាពជាតិពិតប្រាកដ៕

Exit mobile version