គិតមកដល់ថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាមេរិករយៈពេល ៦ខែមកហើយ។ ៦ខែដំបូងនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ក្នុងនោះរឿងរ៉ាវលើទឹកដីអាស៊ីអាគ្នេយ៍ ក៏ត្រូវបានគេចាំមើលថាតើលោក បៃដិន មានគោលនយោបាយអភិបាលកិច្ចសកលដូចម្ដេច ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍។
សេចក្ដីអស់សង្ឃឹមនៃប្រជាជនប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលមិនអាចរើខ្លួនរួចពីប្រព័ន្ធដឹកនាំផ្ដាច់ការ បានញាំញីប្រជាធិបតេយ្យនៅក្នុងតំបន់នេះ។ យ៉ាងហោចណាស់ប្រទេសពីរនៅក្នុងតំបន់នេះ លើកលែងតែប្រទេសវៀតណាម និងឡាវដែលប្រកាន់របបសង្គមនិយមទៅហើយ។
ប្រទេសពីរនេះមានប្រទេសភូមា ដែលកំពុងធ្លាក់ក្នុងរបបរដ្ឋប្រហារ ហើយកម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធសភានិយមមានបក្សតែមួយប៉ុណ្ណោះ ដោយបក្សប្រឆាំងដ៏ធំរបស់រាជាណាចក្រនេះ ត្រូវបានវាយកម្ទេចដោយប្រព័ន្ធតុលាការដែលត្រូវមើលឃើញថាជាឧបករណ៍របស់បក្សកាន់អំណាច។
សភាកម្ពុជា ក៏មិនខុសពីប្រទេសវៀតណាម និងឡាវនោះដែរ គឺវាដូចជាផែនការ និងគោលនយោបាយបក្សទម្លាក់ទៅរដ្ឋសភាដែលចាំតែប្រថាប់ត្រាប៉ុណ្ណោះ។ ដោយចាប់ផ្ដើមពង្រឹងភូមិសាស្ត្រនយោបាយរបស់ខ្លួនចូលមកដល់សប្ដាហ៍ទី២ នៃខែកក្កដា នេះ រដ្ឋការរបស់លោក បៃដិន ស្រាប់តែប្រកាសអំពីជំហរការទូត និងការពារជាតិដែលជាចលនាមួយត្រូវបានពិពណ៌នាថា ក្រុងវ៉ាស៊ីនតោន ដែលម្ចាស់សេតវិមានថ្មីចាប់ផ្ដើមបោះជំហានចូលអាស៊ីអាគ្នេយ៍ហើយ។
វត្តមានតួអង្គរដ្ឋមន្ត្រីការបរទេស និងការពារជាតិ បានហក់ចូលតំបន់នេះ។ នៅក្នុងជំនួបដំបូងជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន លោករដ្ឋមន្ត្រីការបរទេសអាមេរិក Atony Blinken បានសង្កត់ធ្ងន់លើផលប្រយោជន៍រួម និងការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ាន សំដៅពង្រីកស្ថាបត្យកម្មសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ។
ប្រមុខការទូតមហាអំណាចមួយនេះ ក៏បានជំរុញឱ្យមានការឆ្លើយតបដោយមានការសម្របសម្រួលមួយចំពោះវិបត្តិដែលកំពុងកើតឡើងនៅក្នុងប្រទេសភូមា ស្របពេលដែលក្រុងវ៉ាស៊ីនតោនបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារដែនសមុទ្រពីសំណាក់ប្រទេសចិនដោយខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង ដែលក្រុងប៉េកាំងបានទាមទារថាខ្លួនគេមានកម្មសិទ្ធិដល់ ៩០% នៃផ្ទៃសមុទ្រជាង ៣លានគីឡូម៉ែត្រក្រឡា និងមាន ២៥០កោះ។
នៅចន្លោះពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែមិថុនា គឺនាវាចិនចំនួន ២៣៨គ្រឿងបានធ្វើប្រតិបត្តិការខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។
ជំហរតឹងរ៉ឹងរបស់ប្រមុខការទូតអាមេរិកប្រឆាំងនឹងការទាមទារពង្រីកមាឌរបស់ក្រុងប៉េកាំងដូចនេះ គឺកើតឡើងចំពេលភាពតានតឹងកាន់តែកើនឡើងរវាងចិន និងបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ក្នុងជម្លោះដែនសមុទ្រខាងត្បូង។
ទាក់ទងនឹងការធ្វើការទូតវ៉ាក់សាំងវិញ គឺសហរដ្ឋអាមេរិកក៏បានធានាដល់តំបន់អាស៊ានថា វ៉ាក់សាំង Covid-19 ផលិតដោយជនជាតិអាមេរិក នឹងផ្គត់ផ្គង់ទៅដល់មនុស្សរាប់រយលាននាក់នៅក្នុងតំបន់នេះ។
ប្រទេសវៀតណាម ទទួលបាន ៥លានដូស ឥណ្ឌូនេស៊ី ៤លានដូស ហ្វីលីពីន ៣លាន ២សែនដូស ម៉ាឡេស៊ី ១លានដូស និងប្រទេសឡាវ ១លាន ៨ពាន់ដូស គឺវ៉ាក់សាំង Moderna។ ចំណែកប្រទេសដទៃទៀតក៏នឹងទទួលបានវ៉ាក់សាំងនេះដែរ។
ដើម្បីធានាដល់រដ្ឋក្នុងតំបន់ដែលរងការឡោមព័ទ្ធពីចិន គឺរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ប្រកាសការធ្វើទស្សនកិច្ចទៅកាន់រដ្ឋជួរមុខដែលមានជម្លោះ និងមានឥទ្ធិពលទប់ទល់នឹងចិន ដូចជាហ្វីលីពីន វៀតណាម និងសិង្ហបុរី។ លោក Lloyd Austin នឹងមកដល់ប្រទេស៣នេះនៅថ្ងៃសុក្រ ក្នុងសប្ដាហ៍នេះ។
កិច្ចប្រជុំតំបន់វិញ ក៏គេរំពឹងថា លោក ចូ បៃដិន នឹងមិនទុកអាស៊ានចោលដូចលោក ដូណាល់ ត្រាំ ទេ គឺលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ។
ពេញមួយទសវត្សមកនេះ អាស៊ីអាគ្នេយ៍បានក្លាយជាឆាកល្ខោននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក។ ប៉ុន្តែដោយភាពពឹងផ្អែកខ្លាំងលើប្រទេសនៃអាស៊ីអាគ្នេយ៍អំពីអន្តរភាពនៃការអភិវឌ្ឍរបស់ចិន ហើយរដ្ឋការលោក ដូណាល់ ត្រាំ ផ្ដោតជាសំខាន់នៅមជ្ឈិមបូព៌ា បានធ្វើឱ្យអាស៊ានពុំសូវមានភាពកក់ក្ដៅពីអាមេរិក។
ការស្ទង់មតិប្រចាំឆ្នាំដោយវិទ្យាស្ថាន ISEAS Yusof-Ishak មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានរកឃើញថាជាង ៦១% នៃអ្នកឆ្លើយតប គឺចូលចិត្តទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋការ ចូ បៃដិន គឺជាងលោក ស៊ី ជីនពីង មេដឹកនាំចិន។ នេះបើតាមកាសែតជប៉ុន Nikkei Review។
ទោះយ៉ាងណា រហូតមកដល់ពេលថ្មីៗនេះ អាស៊ានមានអារម្មណ៍ថាខ្លួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោក Blinken និងលោក Austin បានចាប់ផ្តើមធ្វើនយោបាយការទូតនៅអាស៊ីអាគ្នេយ៍។
ការប្រជុំរៀបចំតាមអ៊ីនធឺណិតរវាងលោក Blinken និងប្រមុខការទូតអាស៊ានដំបូង គឺគេអាចមើលឃើញថា ការបោះជំហានរបស់រដ្ឋមន្ត្រីការបរទេសនេះ គឺជាឥរិយាបថអធ្យាស្រ័យដ៏ទន់ភ្លន់ និងប្រកបដោយការយកចិត្តទុកដាក់។ ដោយចង់ទទួលបានមកវិញនូវដៃគូអាស៊ីអាគ្នេយ៍ គឺលោក Blinken បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់រដ្ឋការ Biden ក្នុងការធ្វើការជាមួយនឹងអាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
ក្នុងអំឡុងពេលប្រជុំរដ្ឋមន្ត្រីការបរទេសអាមេរិក និងអាស៊ានក្នុងខែនេះ គឺប្រមុខការទូតអាមេរិកបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកង្វះសកម្មភាពលើវិបត្តិនៅក្នុងប្រទេសភូមា។
លោកបានអំពាវនាវឱ្យមានការដោះលែងសកម្មជនប្រជាធិបតេយ្យ និងមេដឹកនាំស៊ីវិលជាបន្ទាន់ គឺត្រូវឆ្លើយតបទៅនឹងយន្តការ ៥ចំណុចរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិភូមា។
លោក Blinken ក៏បានរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់មេគង្គសេរី និងបើកចំហ ខណៈដែលបណ្តាប្រទេសខ្សែទឹកខាងលើដូចជាប្រទេសចិន ពង្រីកគម្រោងទំនប់វារីអគ្គិសនីធ្វើឱ្យប៉ះពាល់ខ្លាំងដល់បរិស្ថានទន្លេ និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនរស់អាស្រ័យលើភោគផលធម្មជាតិ។
ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិសហរដ្ឋអាមេរិក Lloyd Austin គឺលោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រកាសថា វត្តមានរបស់លោក Austin នឹងបង្ហាញពីសារសំខាន់នៃរដ្ឋការលោក បៃដិន គឺថាមិនអាចអត់អាស៊ានបានទេក្នុងការស្ថាបនា និងពង្រឹងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Hishammuddin Hussein បានស្វាគមន៍ភ្លាមៗចំពោះការសន្យារបស់សហរដ្ឋអាមេរិក ដោយចាត់ទុកជាសញ្ញាមួយនៃការប្ដេជ្ញាចិត្តឡើងវិញរបស់រដ្ឋការលោក Biden ដែលបង្កើនទំនាក់ទំនងការពារជាតិ និងយុទ្ធសាស្ត្រជាមួយនឹងមហាអំណាចឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសចិន៕