The Cambodia Daily Khmer

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​និង​ជម្រុះ​មន្ត្រី​រាជការ​គ្មាន​សមត្ថភាព​ដើម្បី​ប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​ឲ្យ​តូច​ជាង​មុន និង​ជម្រុះ​មន្ត្រី​រាជការ​ដែល​គ្មាន​សមត្ថភាព​ចេញ ដើម្បី​ធានា​នូវ​ការប្រើប្រាស់​ថវិកា​ជាតិ​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​នៅ​កម្ពុជា​នា​បច្ចុប្បន្ន​នេះ គឺ​មាន​ការងារ​តិច បង្កើត​ក្រសួង​ស្ថាប័ន​ច្រើន បង្កើត​មន្ត្រី​ច្រើន ចំណាយ​លុយ​ជាតិ​ច្រើន មាន​អំពើពុករលួយ​ច្រើន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ការងារ​តិចតួច ដែល​នាំ​ឲ្យ​ខាត​ផល​ប្រយោជន៍​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​បង្រួម​ក្រសួង​ស្ថាប័ន​ជាតិ​ដែល​សំខាន់ៗ​ឲ្យ​មក​នៅ​ត្រឹមតែ ១៧​ក្រសួង​នោះ​ជាការស្រេច ដូចជា​ក្រសួង​ការពារ​ជាតិ ក្រសួង​កសិកម្ម និង​ក្រសួង​អប់រំ ជាដើម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​ច្បាស់លាស់ និង​ជា​ការ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ដែល​មាន​សមត្ថភាព​បំពេញ​ការងារ​តាម​សក្ដានុពល​ដែល​ពួកគាត់​មាន ដោយឡែក​មន្ត្រី​ដែល​គ្មាន​សមត្ថភាព ក៏​ត្រូវ​ជម្រុះ​ចោល​ឲ្យ​អស់ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថវិកា​ជាតិ​ដែល​មិន​ចំ​គោលដៅ​ដូច​ពេល​កន្លងមក។

លោក កង គឹមហាក់ បញ្ជាក់​ថា ការ​បង្កើត​ក្រសួង និង​ស្ថាប័ន​ជាតិ​ច្រើន តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​នៅ​កម្ពុជា​នោះ​ទេ ករណី​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ​ដែល​គ្មាន​គុណភាព គ្មាន​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ខណៈ​លុយ​ជាតិ​បាន​ខាតបង់​ទៅលើ​មន្ត្រី​ដែល​គ្មាន​សមត្ថភាព និង​មន្ត្រី​ពុករលួយ​ទាំងនោះ​អស់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក កង គឹមហាក់

ការរិះគន់​របស់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ ធ្វើ​ឡើ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លើកឡើង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ជាតិ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ដល់​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​អំពី​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ដើម្បី​ធានា​ដល់​ប្រព័ន្ធ​រដ្ឋបាល​របស់​កម្ពុជា​មាន​គុណភាព មាន​ប្រសិទ្ធភាព​ដែល​អាច​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។

លោក​អះអាង​ថា បច្ចុប្បន្ន​នេះ កម្ពុជា​អាច​មាន​លទ្ធភាព​កាត់បន្ថយ​មន្ត្រី​របស់​ខ្លួន​បាន​ហើយ ខណៈ​ការ​កាត់បន្ថយ​នេះ​មិន​សំដៅ​តែ​លើ​មន្ត្រី​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ឈាន​ទៅដល់​ការ​កាត់បន្ថយ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ ដែល​ជា​របៀបវារៈ​មួយ​ត្រូវ​ពិភាក្សា​នា​ពេល​ខាងមុខ​បន្ត​ទៀត ដើម្បី​រក​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​នីមួយៗ។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ លោក យក់ ប៊ុនណា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ​ថ្មីៗ ដកស្រង់​សម្ដី​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​ជ្រើសរើស​មន្ត្រី​រាជការ​ជា​មធ្យម​ប្រមាណ ៦​ពាន់​នាក់ ឬ​ក្រោម ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​បម្រើ​ការងារ​តាម​ក្រសួង-ស្ថាប័ន​របស់​រដ្ឋ។

លោក​អះអាង​ថា សព្វថ្ងៃ​នេះ មន្ត្រី​រាជការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​មាន​ចំនួន​ប្រមាណ ២២​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ខណៈ​មន្ត្រី​រាជការ​ទាំង ២២​ម៉ឺន​នាក់​នេះ គឺ​ត្រូវ​បម្រើ​ការងារ​ក្នុង​ក្រសួង-ស្ថាប័ន​ដែល​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់ ដោយឡែក​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ក្នុង​អង្គការ​នីតិប្បញ្ញត្តិ មន្ត្រី​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រី​ក្នុង​ប្រព័ន្ធ​តុលាការ មិន​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ។

ប្រទេស​កម្ពុជា​មាន​ក្រសួង​ស្ថាប័ន​ទាំងអស់​ចំនួន ២៨​ក្រសួង ហើយ​ក្រសួង​នីមួយៗ គឺ​មាន​រដ្ឋលេខាធិការដ្ឋាន​របស់​ខ្លួន​ចំនួន​១ ដូចៗ​គ្នា​ទាំងអស់ ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាដើម ដើម្បី​ដំណើរ​កិច្ចការ​រដ្ឋបាល​របស់​ជាតិ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០ ក្រសួង​មុខងារ​សាធារណៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​អំពី​ការ​ផ្អាក​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ជា​បណ្ដោះអាសន្ន​សម្រាប់​ឆ្នាំ​២០២០ ក្នុង​ការ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង-ស្ថាប័ន អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយសារ​ជំងឺ​រាតត្បាត​សកល៕

Exit mobile version