អ្នកស្លាប់ដោយសារជំងឺ Covid-19 បានធ្លាក់ចុះមកត្រឹម ៦នាក់នៅថ្ងៃនេះ ខណៈរយៈពេលកន្លងទៅ ការស្លាប់មានចំនួនច្រើនរហូតដល់ជាង ៣០នាក់ និងតិចបំផុតមិនក្រោម ១០នាក់នោះទេក្នុងមួយថ្ងៃៗ។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៤២៣នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ២១៩នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ៦នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៩ម៉ឺន ៩០០នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ៦ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៨៤១នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
ប្រភពដដែលអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនប្រជាពលរដ្ឋដូសទី១ បានចំនួនជាង ១០លាន ៧ម៉ឺននាក់ហើយ រីឯដូសទី២ មានចំនួនជាង ៨លាន ១សែននាក់ ដោយឡែកអ្នកចាក់ដូសទី៣ មានចំនួនជាង ៥សែន ៤ម៉ឺននាក់ ខណៈកុមារចាក់បាន ៦២,៨៧ភាគរយផងដែរ។
ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីរបាយការណ៍អ្នកឆ្លងវីរុស Covid-19 ប្រចាំថ្ងៃដល់សាធារណជនក្នុងអំឡុងពេលកម្ពុជាកំពុងវាយលុកដោយសារជំងឺ Covid-19 ក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺវីរុសបំប្លែងថ្មីប្រភេទ DELTA តែម្តង។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញសេចក្តីសម្រេចស្ដីពីការបិទខ្ទប់ខណ្ឌមានជ័យ សង្កាត់ចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញលើកំណាត់ផ្លូវលេខ៣៥ ដោយសារមានការឆ្លងវីរុស Covid-19 បំប្លែងថ្មីប្រភេទ DELTA ធ្ងន់ធ្ងរ។
សេចក្តីសម្រេចខាងលើអះអាងថា ការបិទខ្ទប់នឹងចាប់អនុវត្តចាប់ពីថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 បំប្លែងថ្មីប្រភេទ DELTA ដែលកំពុងឆ្លងចូលសហគមន៍នៅពេលនេះ ដែលនឹងត្រូវហាមឃាត់រាល់ការចេញចូល និងការជួបជុំក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម នេះជាដាច់ខាត។
ប្រភពដដែលអះអាងថា បុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។
ទាក់ទិននឹងបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មានយុទ្ធនាការជាតិប្រឆាំងវីរុស Covid-19 កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងថា ពលរដ្ឋទាំងអស់ទោះជាលក្ខណៈបុគ្គលក្តី គ្រួសារក្តី សហគមន៍ក្តី ព្រមទាំងក្រសួងពាក់ព័ន្ធ និងអង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ Covid-19 ជាពិសេសជំងឺបំប្លែងថ្មីប្រភេទ DELTA ដែលកំពុងឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។
ជាងនេះទៀត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា (WHO) អ្នកស្រី Li Ailan បានរំឭកថា វ៉ាក់សាំងប្រឆាំងវីរុស Covid-19 តែមួយមុខមិនមែនជាមធ្យោបាយក្នុងការទប់ស្កាត់ការចម្លងវីរុស Covid-19 នោះទេ ដូច្នេះដើម្បីទប់ទល់នឹងរលកទី៣ នៃជំងឺ Covid-19 បំប្លែងថ្មីប្រភេទ DELTA នេះ ពលរដ្ឋមិនអាចបន្ធូរបន្ថយការអនុវត្តវិធានការសុខាភិបាលបានឡើយ៕